ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម  លោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី គណៈប្រតិភូសហភាពអឺរ៉ុប បារាំង និងកាហ្សាក់ស្ថាន ដែលមកជូនសារតាំង។

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតជូនសារតាំង - ảnh 1ប្រធានរដ្ឋ Vo Van Thuong និងឯកអគ្គរដ្ឋទូតប៊ុលហ្គារី Pavlin Todorov (រូបថត៖ VOV)

ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី Pavlin Todorov ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានស្នើឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល បច្ចេកវិទ្យាខ្ពស់ វប្បធម៌ អប់រំ និងបណ្តុះបណ្តាល; គាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងពហុភាគី។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Pavlin Todorov បានអះអាងថា ប៊ុលហ្គារីវាយតម្លៃខ្ពស់ និងមានបំណងចង់សហការ និងជួយឧបត្ថម្ភវៀតណាមជាមួយគម្រោងនានាក្នុងវិស័យអប់រំ និងថាមពល។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់ប៊ុលហ្គារីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយតែងតែគាំទ្រទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU); មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមនៅអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិ ទន្ទឹមនឹងនោះ ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

ជួបសន្ទនាជាមួយប្រធានរដ្ឋ លោក Vo Van Thuong ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) Julien Guerrier បានសង្កត់ធ្ងន់ថា EU មានបំណងចង់សហការជាមួយ វៀតណាមក្នុងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត និងគាំទ្រវៀតណាមដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ EU ក៏ចង់សហការជាមួយវៀតណាមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពក្នុងពិភពលោក; ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា។

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតជូនសារតាំង - ảnh 2ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Julien Guerier (រូបថត៖ VOV)

ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃចំពោះឯកអគ្គរដ្ឋទូត EU ដែលបានលើកឡើងអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន ហើយបានចាត់ទុកថា ទាំងនេះគឺជាវិស័យដែលវៀតណាមចាប់អារម្មណ៍ ហើយនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសហប្រតិបត្តិការជាមួយ EU។

ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង Olivier Brochet លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអំពីខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu នៅឆ្នាំក្រោយ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ប៉ុន្តែអាចកសាងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែល្អប្រសើរឡើង។  រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Olivier Brochet បានឲ្យដឹងថា៖ នាពេលខាងមុខ បារាំងនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិទ្យាសាស្ត្រ និងអប់រំ ជាពិសេសការអប់រំឧត្តមសិក្សា។

ទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន Kanat Tumysh លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ វៀតណាមបន្តគាំទ្រយ៉ាងខ្លាំងក្លានូវគំនិតផ្តួចផ្តើមរបស់កាហ្សាក់ស្ថានក្នុងការជំរុញទំនាក់ទំនងអាស៊ី-អឺរ៉ុប ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងកាហ្សាក់ស្ថាន និងអាស៊ាន ដោយឆ្ពោះទៅគោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១,៥ ពាន់លានដុល្លារនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ