ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាទទួលជួបព្រះរាជទាយាទជប៉ុននិងមហេសី

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ កញ្ញានេះ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមនិងលោកជំទាវភរិយាបានអញ្ជើញទទួលជួបព្រះរាជទាយាទជប៉ុន Akishino និងមហេសី ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាទទួលជួបព្រះរាជទាយាទជប៉ុននិងមហេសី - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបព្រះរាជទាយាទជប៉ុន Akishino។ (រូបថត៖ VNA)

លោកប្រធានរដ្ឋ Vo Van Thuong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជទាយាទ Akishino និងមហេសី ដែលយាងបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣ - ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣); ជឿជាក់ថា ព្រះរាជទស្សនៈកិច្ចរបស់ព្រះរាជទាយាទ និងមហេសីនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ជាពិសេសការជួបប្រាស្រ័យរវាងមូលដ្ឋាននិងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាមិត្តល្អ ដែលរួមដំណើរ ចែករំលែក និងគាំទ្រក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកប្រធានរដ្ឋបានចែករំលែកថា វៀតណាមគឺជាប្រទេសដំបូងគេលើពិភពលោកដែលដាក់បញ្ចូលការបង្រៀនភាសាជប៉ុនចូលក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា។

រីឯខ្លួនវិញ ព្រះរាជទាយាទ Akishino និងមហេសីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងសមិទ្ធិផល ដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ ព្រះរាជទាយាទ Akishino បានពាំនាំការសួរសុខទុក្ខរបស់ព្រះចៅអធិរាជជប៉ុននិងព្រះមហេសី ជូនចំពោះលោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា។ ព្រះរាជទាយាទ Akishino មានព្រះរាជបន្ទូលថា ភាពស្រដៀងគ្នានៃវប្បធម៌ ចរិតលក្ខណៈជនជាតិ និងទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឲ្យប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនងវៀតណាម - ជប៉ុនឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ