ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ វៀតណាម-អ៊ីរ៉ង់ រួមដៃគ្នាពង្រឹងទំនាក់ទំនង

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអ៊ីរ៉ង់ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាអ៊ីរ៉ង់ Mohammad Baqer Qalibaf នារសៀលថ្ងៃទី ៩ សីហា នៅវិទ្យាស្ថានស្រាវជ្រាវនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសអ៊ីរ៉ង់ ក្នុងរដ្ឋធានីតេហេរ៉ង់ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញថ្លែងសុន្ទរកថា អំពីគោលនយោបាយសំខាន់ៗរបស់វៀត ណាម នៅចំពោះមុខអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ដែលធ្លាប់បំពេញការងារនៅប្រទេសនានាជុំវិញពិភពលោក។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ វៀតណាម-អ៊ីរ៉ង់ រួមដៃគ្នាពង្រឹងទំនាក់ទំនង - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងនៅវេទិកាគោលនយោបាយ និងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អ៊ីរ៉ង់ (រូបថត៖ VOV)

ប្រធានរដ្ឋសភាវៀតណាម លោក  Vuong Dinh Hue បានចែករំលែករឿងរ៉ាវជោគ ជ័យរបស់វៀតណាម និងបានលើកឡើងពីមេរៀនសំខាន់ៗដែលដកបានពីការអនុវត្តជាក់ស្តែង។ នោះគឺជាតួនាទីដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ដោយស្មារតីយកប្រជាជនធ្វើជាឫសគល់ យកសុខុមាលភាពប្រជាជនជាគោលដៅចម្បង។

“អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា វៀតណាមកសាង “សង្គមប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ដោយប្រជាជនធ្វើជាម្ចាស់”។ រដ្ឋនីតិរដ្ឋវៀតណាមគឺជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជុំវិញពិភពលោក។ រាល់សេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាលត្រូវដាក់ប្រជាជន និងអាជីវកម្មជាស្នូល។ ដោយមានមាគ៌ាត្រឹមត្រូវដែលត្រូវបាន ប្រជាជន និងធុរកិច្ចគាំទ្រ សកម្មភាពប្រកប ដោយការច្នៃប្រឌិត បានបង្កើតឡើងនូវថាមពលជាតិដ៏រឹងមាំ ដែលធ្វើឱ្យវៀតណាមជំនះឧបសគ្គទាំងអស់ ហើយកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភាវៀតណាម"។

ទាក់ទិននឹងទំនាក់ទំនងរវាងវៀតណាម និងអ៊ីរ៉ង់ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើអនាគតនៃសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងចក្ខុវិស័យរយៈពេល ៥០ ឆ្នាំខាងមុខសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ស្នើឲ្យវៀតណាម និងអ៊ីរ៉ង់ រួមដៃគ្នាពង្រឹងទំនាក់ទំនង នោះគឺតភ្ជាប់យន្តការសន្ទនា កិច្ចសហប្រតិបត្តិការ និងជឿទុកចិត្តខាងនយោបាយ; លើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការរបស់សភា គណៈកម្មាធិការអន្តររដ្ឋាភិបាល និងការពិគ្រោះយោបល់នយោបាយ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរត្រូវការតភ្ជាប់ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ; តភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ អប់រំនិងទេសចរណ៍។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាលើវិស័យ៖ ជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាព្រហ្មទណ្ឌ; កីឡា; វិស័យកសិកម្ម និងពាណិជ្ជកម្ម។

នាថ្ងៃដដែល នៅមជ្ឈមណ្ឌលវប្បធម៌ក្នុងរដ្ឋធានីតេហេរ៉ង់ លោកប្រធានរដ្ឋសភា វៀតណាមបានចូលរួមពិធីបើកសប្តាហ៍វប្បធម៌វៀតណាមនៅអ៊ីរ៉ង់ ក្នុងឱកាសរំលឹក ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ីរ៉ង់ (១៩៧៣ -២០២៣) និងកាត់ខ្សែបូ ដើម្បីសម្ពោធការតាំងពិព័រណ៍រូបថតស្តីពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ