ភាគហ៊ុនរបស់ VinFast ចូលរួមជាមួយ NASDAQ - ជាលើកដំបូងដែលសហគ្រាសវៀតណាមបានចុះបញ្ជីដោយជោគជ័យលើផ្សារហ៊ុនអាមេរិក

(VOVWORLD) - ផ្សារហ៊ុនអាមេរិក NASDAQ (Nasdaq Global Select Market) បានបើកវគ្គជួញដូរកាលពីថ្ងៃទី ១៥ សីហា ជាមួយនឹងការប្រកាសថា ក្រុមហ៊ុនរថយន្ត VinFast របស់វៀតណាមបានចុះបញ្ជីភាគហ៊ុននៅទីផ្សារហ៊ុនក្រោមឈ្មោះ VFS។ នេះជាលើកទីមួយហើយដែលសហគ្រាសវៀតណាមបានចុះបញ្ជីដោយជោគជ័យក្នុងផ្សារហ៊ុនអាមេរិក។

ភាគហ៊ុនរបស់ VinFast ចូលរួមជាមួយ NASDAQ - ជាលើកដំបូងដែលសហគ្រាសវៀតណាមបានចុះបញ្ជីដោយជោគជ័យលើផ្សារហ៊ុនអាមេរិក - ảnh 1ភាគហ៊ុនរបស់ VinFast ត្រូវបានចុះបញ្ជីជាផ្លូវការនៅលើផ្សារហ៊ុនអាមេរិក (រូបថត៖ VOV)

នៅក្នុងសុន្ទរកថាស្វាគមន៍ VinFast ចូលរួមផ្សារហ៊ុនអាមេរិក អនុប្រធាន Nasdaq លោក Bob McCooey បាននិយាយថា៖  “ក្នុងនាមថ្នាក់ដឹកនាំ និងសហការីជាង ៦.៥០០ នាក់នៅទូទាំងពិភពលោក ខ្ញុំមានសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ VinFast ចូលរួមជាសមាជិកគ្រួសារ NASDAQ។ NASDAQ ពិតជាមានកិត្តិយសដែលបានសហការជាមួយ VinFast ក្នុងការចុះបញ្ជីភាគហ៊ុន។ ជាលើកដំបូងនៅចំនុចប្រសព្វនៃពិភពលោកនៅ Times Square ទីក្រុងញូវយ៉ក យើងបន្លឺកណ្ដឹងដើម្បីអបអរការរួមបញ្ចូលជាអាជីវកម្មរវាង VinFast និង Black Spade Acquisition ហើយអនុញ្ញាតឱ្យ VinFast ក្លាយជាសមាជិកនៃគ្រួសារ NASDAQ ជាផ្លូវការ។ ជាថ្មីម្តងទៀត សូមអបអរសាទរ”។

លោកស្រី Le Thi Thu Thuy អគ្គនាយិកាក្រុមហ៊ុន VinFast បានសង្កត់ធ្ងន់ថា ការក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរអភិវឌ្ឍន៍ជាសកលរបស់ VinFast។

“ថ្ងៃនេះជាថ្ងៃដ៏សំខាន់ មិនត្រឹមតែសម្រាប់ VinFast ប៉ុណ្ណោះទេ ពីព្រោះការងារដែលយើងកំពុងធ្វើគឺធានាបាននូវអនាគតពណ៌បៃតងសម្រាប់មនុស្សគ្រប់គ្នាតាមរយៈការចល័តប្រកបដោយនិរន្តរភាព។ ការចុះបញ្ជីថ្ងៃនេះ គឺជាការកោតសរសើរដល់សមិទ្ធផលអតីតកាលរបស់យើង ប៉ុន្តែសំខាន់ជាងនេះទៅទៀត ការចាប់ផ្តើមនៃជំពូកថ្មីក្នុងនាមក្រុមហ៊ុនសាធារណៈ។ ជាមួយនឹងការចុះបញ្ជីនេះ យើងមានសិទ្ធិចូលទៅកាន់ដើមទុនកាន់តែច្រើន។ យើងកំពុងពន្លឿនបេសកកម្មរបស់យើងក្នុងការពង្រីកជាអន្តរជាតិ និងបន្តណែនាំផលិតផលថ្មីដើម្បីធ្វើឱ្យយានយន្តអគ្គិសនីអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា”។ នេះបើយោងតាមលោកស្រី Thuy។

សូមគូសបញ្ជាក់ថា ភាគហ៊ុន VFS បានបើកវគ្គដំបូងរបស់ខ្លួននៅលើ NASDAQ ក្នុងតម្លៃ ២២ ដុល្លារ។ ជាមួយនឹងភាគហ៊ុនប្រហែល ២,៣ ពាន់លានហ៊ុន មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៥០ ពាន់លានដុល្លារអាមេរិក។ VinFast បានក្លាយជាម៉ាកយីហោវៀតណាមដែលមានមូលធនប័ត្រទីផ្សារធំជាងគេ ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិករហូតមកដល់បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ