ភាពតានតឹងកើនឡើងនៅ​មជ្ឈិមបូព៌ា

(VOVWORLD) - ស្ថានការណ៍សង្រ្គាមក្នុងតំបន់ហ្គាហ្សា បន្តមានភាពតានតឹងជាមួយនឹងការវាយប្រហារគ្នាទៅវិញទៅមករវាងកងទ័ពអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស។ 
ភាពតានតឹងកើនឡើងនៅ​មជ្ឈិមបូព៌ា - ảnh 1ប្រជាជនប៉ាឡេស្ទីននៅលើគំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ១០ ខែតុលា។ រូបថត៖ Getty

កាលពីថ្ងៃទី ១០ ខែតុលា យន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកថ្មីរាប់សិបលើកទៅលើគោលដៅផ្សេងៗគ្នាជាច្រើននៅតំបន់ហ្គាហ្សា។ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃទី ១០ ខែតុលា បានកត់ត្រាចំនួនអ្នកស្លាប់ច្រើនជាង ១០០ នាក់ និងរងរបួសប្រហែល ៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ បច្ចុប្បន្ន តំបន់ហ្គាហ្សាទាំងមូលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធដោយទាហានជាង ១០០.០០០ នាក់ ជាមួយរថក្រោះ រថពាសដែក កាំភ្លើងធំរាប់រយរបស់កងទ័ពអ៊ីស្រាអែល។ នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Galant បានបញ្ជាក់ថា កងទ័ពរបស់ប្រទេសនេះនឹងបើកការវាយប្រហារយ៉ាងទូលំទូលាយលើតំបន់ហ្គាហ្សា ហើយតំបន់នេះនឹងមិនអាចវិលត្រលប់ទៅរកសភាពដើមឡើងវិញទៀតឡើយ។

ជាការឆ្លើយតប កងពលតូចអត្តឃាត al-Qassam នៃក្រុមហាម៉ាស បានធ្វើការបាញ់គ្រាប់រ៉ុក្កែតថ្មីជាច្រើនលើក សំដៅទៅលើបណ្តាទីក្រុងនិងទីប្រជុំជន ស្ថិតក្នុងទឹកដីអ៊ីស្រាអែល។ ជាពិសេស ខ្មាន់កាំភ្លើងរាប់សិបនាក់ពីក្រុមនេះ បន្តឆ្លងកាត់ព្រំដែនចូលទៅជ្រៅក្នុងទឹកដីអ៊ីស្រាអែល។

នៅឯព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលដែលជាប់ភាគខាងត្បូងប្រទេសលីបង់ ឧទ្ធម្ភាគចក្រប្រយុទ្ធរបស់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ១០ តុលា បានបាញ់មីស៊ីលទៅលើទីតាំងមួយនៃចលនាអ៊ីស្លាមប្រដាប់អាវុធ Hezbollah ។ រីឯខ្លួនវិញ កងកម្លាំង Hezbollah បានបញ្ជាក់ថា ពួកគេបានបាញ់មីស៊ីលទៅកាន់ក្បួនរថយន្តយោធាមួយរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ