មជ្ឈិមបូព៌ា៖ ចំនួនអ្នកស្លាប់ និង​រង​របួសសរុបនៅ​តំបន់​ហ្គាហ្សាបាន​លើសពី ១០០,០០០នាក់

(VOVWORLD) - អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា នាយប់ថ្ងៃទី ២៧ កុម្ភៈបានឲ្យដឹងថា ចំនួនអ្នកស្លាប់ និងរងរបួសសរុបក្នុងយុទ្ធនាការវាយលុករបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក្នុងរយៈពេល ៥ខែកន្លងមកនេះ មានលើសពី ១០ម៉ឺននាក់ហើយ ក្នុងនោះមានមនុស្សជិត ៣ម៉ឺននាក់បានស្លាប់ និងជាង ៧០.០០០ នាក់រងរបួស។

ជនរងគ្រោះភាគច្រើនគឺជាជនស៊ីវិល ដែលក្នុងនោះកុមារ និងស្ត្រីមានចំនួនជាង ៧០%។ ក្រៅពីនេះ មនុស្សជាង ៧ពាន់នាក់កំពុងបាត់ខ្លួន ហើយភាគច្រើនទំនងជាត្រូវបានស្លាប់ហើយ។

ទាក់ទងនឹងស្ថានភាពប្រយុទ្ធគ្នាឆ្លងដែនរវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំង Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោក Herzi Halevi កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ បានព្រមានថា ក្រុម Hezbollah  នឹងត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរសម្រាប់សកម្មភាពវាយប្រហារលើអ៊ីស្រាអែល នាពេលថ្មីៗនេះ។ ការព្រមាននេះត្រូវបាននាំចេញភ្លាមៗបន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា មីស៊ីលរបស់ Hezbollah  បានវាយប្រហារលើមូលដ្ឋានទ័ពជើងអាកាសនៅតំបន់កំពូលភ្នំ Meron ភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតធំដុំនោះទេ។

មុននោះ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានឲ្យដឹងថា ក្រុម Hezbollah បានបាញ់មីស៊ីលប្រឆាំងរថក្រោះប្រហែល ២០ គ្រាប់ចូលទៅក្នុងតំបន់កំពូលភ្នំ Meron ។ នេះជាការវាយប្រហារដោយមីស៊ីលលើកទី២ជាប់ៗគ្នាដោយក្រុម Hezbollah លើគោលដៅរបស់អ៊ីស្រាអែលក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលលើកទី១ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ជាមួយនឹងមីស៊ីលជាង៦០គ្រាប់ តម្រង់ទៅលើមូលដ្ឋាន IDF នៅលើតំបន់ខ្ពង់រាប Golan ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ