មហោស្រព​គែន​ Mong ឆ្នាំ ២០២៣៖ លើក​តម្កើង​តម្លៃវប្បធម៌ពិសេសរបស់បងប្អូន​បណ្តា​ជនជាតិ​នៅ​ខេត្ត Ha Giang

(VOVWORLD) - មហោស្រពគែន Mong ឆ្នាំ ២០២៣ និងពិធីបុណ្យវប្បធម៌ម្ហូបអាហារភូមិភាគទាំង៣ ខាងជើង - កណ្តាល - ខាងត្បូង ឆ្នាំ ២០២៣ បានបិទបញ្ចប់នាថ្ងៃទី ២៣ ខែមេសា។

ដោយប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ស៊េរីសកម្មភាពដ៏សម្បូរបែប និងខ្លឹមសារពិសេសជាច្រើន មហោស្រពបានក្លាយជាចំណុចលេចធ្លោនៃវប្បធម៌និងទេសចរណ៍ ដែលត្រូវបានរំពឹងថានឹងបង្កើតសញ្ញាសម្គាល់ជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកដល់ខេត្ត Ha Giang ។

មហោស្រព​គែន​ Mong ឆ្នាំ ២០២៣៖ លើក​តម្កើង​តម្លៃវប្បធម៌ពិសេសរបស់បងប្អូន​បណ្តា​ជនជាតិ​នៅ​ខេត្ត Ha Giang - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបើក។ រូបថត៖ dangcongsan.vn

មហោស្រពគែន Mong ខេត្ត Ha Giang និងពិធីបុណ្យវប្បធម៌ម្ហូបអាហារភូមិភាគទាំង៣ ខាងជើង - កណ្តាល - ខាងត្បូង ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍វប្បធម៌សំដៅលើកតម្កើងអត្តសញ្ញាណវប្បធម៌ ពោពេញដោយលក្ខណៈមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ និងប្រពៃណីរបស់បងប្អូនបណ្តាជនជាតិ ព្រមទាំងជាកន្លែងជួបប្រាស្រ័យនិងផ្លាស់ប្តូរលក្ខណៈវប្បធម៌ប្រជាប្រិយដ៏វិសេសវិសាល និងឧទ្ទេសនាមផលិតផលម្ហូបអាហារពិសេសរបស់ខេត្ត Ha Giang ក៏ដូចជាតំបន់នានាក្នុងទូទាំងប្រទេសផងដែរ។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សិប្បករគែ Mong នៅតាមខេត្តក្រុងជាច្រើនបានជួបប្រាស្រ័យគ្នានិងចែករំលែកបទពិសោធន៍ក្នុងការផលិតគែន ក៏ដូចជាបង្ហាញពីសមត្ថភាពសម្តែង ហើយរីករាយជាមួយសម្លេងនិងរបាំគែន។ លោក Giang A Nang ក្រុមគែន Sapa ខេត្ត Lao Cai និងលោក Giang Mi Lung ក្រុមគែននៅស្រុក Vu Xuyen ខេត្ត Ha Giang បានចែករំលែកថា៖

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរន្ធត់ចិត្តណាស់នៅពេលដែលបានសម្តែងលើឆាកដ៏ធំបែបនេះ។ ខ្ញុំគ្រាន់តែចង់ឲ្យមនុស្សម្នាបានដឹងបន្ថែមទៀតអំពីប្រជាជននិងទំនៀមទម្លាប់របស់យើង”។

“យើងមកទីនេះ ដើម្បីជួបប្រាស្រ័យ  សិក្សារៀនសូត្រផង និងដើម្បីផ្សព្វផ្សាយអំពីសិល្បៈគែន Mong នៅខេត្ត Ha Giang ផង”។

ជាមួយនឹងប្រធានបទ "ផ្កាចម្រុះពណ៌នៃខ្ពង់រាបថ្ម" កម្មវិធីសិល្បៈនៅរាត្រីបើក បានបង្ហាញពីជីវភាពរស់នៅរបស់បណ្តាជនជាតិនៅតំបន់ខ្ពង់រាបថ្ម ជាមួយនឹងចំណុចរំលេចគឺគែនMong ដេលគួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។ លោកស្រី Vu Thi Uyen នៅទីក្រុងហាណូយ និងលោក Pham Van Trong នៅទីក្រុង Hai Phong បានឲ្យដឹងថា៖

“តាមពិត ខេត្ត Ha Giang បានបន្សល់ទុកសម្រាប់រូបខ្ញុំផ្ទាល់នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ សង្ឃឹមថា Ha Giang នឹងរៀបចំប្រព្រឹត្តិការបែបនេះបន្ថែមទៀត ដើម្បីឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌របស់ Ha Giang”។

“ចូលរួមមហោស្រពនេះ ពិតជាសប្បាយណាស់ ព្រោះមួយឆ្នាំទើបបានរៀបចំម្តង។ ខេត្ត Ha Giang បច្ចុប្បន្នមានការរីកចម្រើនខ្លាំងណាស់។

មហោស្រពគែន Mong ត្រូវបានរៀបចំឡើងនៅថ្នាក់ខេត្ត ជាលើកដំបូងក្នុងឆ្នាំ ២០១១។ សម្រាប់ជនជាតិ Mong នៅខេត្ត Ha Giang គែនគឺជានិមិត្តសញ្ញាវិសេសវិសាល ដែលផ្សារផ្ជាប់ទៅនឹងជីវភាពវប្បធម៌ និងស្មារតីរបស់ពួកគេ។ គែន Mong នៃខេត្ត Ha Giang ក្នុងឆ្នាំ ២០១៥ ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ តាមនោះ បានបញ្ជាក់ពីតម្លៃវប្បធម៌ប្រពៃណីរបស់ដើមគែន ក្នុងជីវភាពប្រចាំថ្ងៃរបស់សហគមន៍ជនជាតិ Mong នៅលើខ្ពង់រាបថ្ម Dong Van រួមចំណែកលើកតម្កើងបេតិកភណ្ឌ និងក្លាយជាផលិតផលទេសចរណ៍ក្នុងស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ