រដ្ឋាភិបាលរៀបចំសម័យប្រជុំជាប្រចាំខែមេសាឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ឧសភា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រដ្ឋាភិបាលវៀតណាមបានរៀបចំសម័យប្រជុំជាប្រចាំខែមេសា។
រដ្ឋាភិបាលរៀបចំសម័យប្រជុំជាប្រចាំខែមេសាឆ្នាំ២០១៨ - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រតិបត្តិសម័យប្រជុំ (រូបថត៖ VOV)

វាយតំលៃអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា ខឿនសេដ្ឋកិច្ចទទួលបានលទ្ធផលលើគ្រប់ជ្រុងជ្រោយ ដោយបន្តសន្ទុះកំណើនចាប់ពីចុងឆ្នាំ២០១៧មក។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព ហើយអតិផរណាក៏បានគ្រប់គ្រងដែរ។ ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់វៀតណាមបានកើនឡើងដល់៦៣ពាន់លានដុល្លាអាមេរិក ហើយធនាគាររដ្ឋបានទិញរូបិយប័ណ្ណបរទេសចំនួន៣២ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល២ឆ្នាំកន្លងមក។ នេះជាប្រការគួរឲ្យសប្បាយចិត្តចំពោះខឿនសេដ្ឋកិច្ចវៀតណាមក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកនៅតែមានបម្រែបម្រួល។

        លោកនាយករដ្ឋមន្រ្តីក៏បានវាយតំលៃថា បរិយាកាសវិនិយោគធ្វើអាជីវកម្មរបស់សហគ្រាសបន្តបានកែលំអរ កំណែទម្រង់រដ្ឋបាលមានការរីកចម្រើន។ សន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (PCI) បានឡើងដល់ទៅកម្រិតខ្ពស់បំផុតចាប់ពី ឆ្នាំ២០០៥មក ដែលឆ្លុះបញ្ចាំងនូវបរិយាកាសវិនិយោគកាន់តែល្អប្រសើរនៅតាមបណ្ដា តំបន់។ចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

        “រដ្ឋាភិបាលក្នុងឋានៈជាស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នរដ្ឋបាលជាន់ខ្ពស់បំផុត បានធ្វើអស់ពីកម្លាំងកាយចិត្ត ដោះស្រាយយ៉ាងហ្មឺងម៉ាត់នូវរឿងហេតុដ៏ធ្ងន់ធ្ងរនិងស្មុគស្មាញដែលសាធារណៈមតិ យកចិត្តទុកដាក់។ ការដឹកនាំដ៏ខ្លាំងក្លារបស់អគ្គលេខា ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ ហើយសកម្មភាពដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល ក្នុងនោះមានក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវបានប្រជាជនវាយតំលៃខ្ពស់។ នេះជាលក្ខខ័ណ្ឌសំខាន់ដើម្បីបង្កើតឡើងស្មារតីថ្មីក្នុងការបង្ការប្រឆាំងអំពើពុករលួយ ពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ”។

ចំពោះបញ្ហានៅសេសសល់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពប៉ុន្តែមិនទាន់រឹងមាំនៅឡើយដោយមានហានិភ័យជាច្រើន។ បរិយាកាសវិនិយោគនៅតែមានការងារជាច្រើនដើម្បីកែតម្រូវ។ ទន្ទឹមនឹងនោះគឺជំរុញការអភិវឌ្ឍសហគ្រាសដោយផ្សាភ្ជាប់នឹងបដិវត្តន៍ឧស្សាហកម្ម៤.០។ លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យបន្តកាត់បន្ថយការចំណាយខាង logistics និងការចំណាយផ្សេងៗសំរាប់សហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ