រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ទំនងជានឹងមិនមានជំនួបកំពូលដោយផ្ទាល់រវាងអាមេរិកនិងរុស្ស៊ីឡើយ

(VOVWORLD) - លោកប្រធានាធិបតី Putin ក៏បានឲ្យដឹងថា លោកចង់មានជំនួបទល់មុខគ្នាជាមួយប្រធានាធិបតី Joe Biden។

នៅថ្ងៃទី១២ ខែធ្នូ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមឱ្យមានការពិភាក្សាបន្ថែមទៀត បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណេតកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតី Putin ក៏បានឲ្យដឹងថា លោកចង់មានជំនួបទល់មុខគ្នាជាមួយប្រធានាធិបតី Joe Biden។

ក៏ប៉ុន្តែ ថ្លែងទៅកាន់ទូរទស្សន៍ NBC នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាត់ទុកថា ជំនួបកំពូលដោយផ្ទាល់រវាងអាមេរិកនិងរុស្ស៊ី ទំនងជានឹងមិនអាចកើតមានឡើងទេ ដោយសារភាគីរុស្ស៊ីនៅតែបន្តបង្កើនកងទ័ពនៅតាមព្រំដែនជាមួយអ៊ុយក្រែន។ យោងតាមលោក Blinken អាមេរិក និងដៃគូ និងសម្ព័ន្ធមិត្តនៅអឺរ៉ុប មានបំណងចង់ឱ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ព្រំដែនជាមួយអ៊ុយក្រែន ហើយធ្វើកិច្ចសន្ទនាការទូតជាមួយបណ្តាប្រទេសអឺរ៉ុប និងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះនៅភាគខាងកើតអ៊ុយក្រែន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណេតកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានថា អាមេរិកនិងសម្ព័ន្ធមិត្ត នឹងធ្វើការឆ្លើយតបដោយវិធានការសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ប្រសិនបើរុស្ស៊ីមានសកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ រដ្ឋបាលអាមេរិកក៏បានសង្កត់ធ្ងន់ថា ការឆ្លើយតបផ្នែកយោធាពីភាគីអាមេរិក មិនទាន់បានពិចារណាដល់នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ