រដ្ឋមន្ត្រីការបរទេសអាមេរិកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក-អាស៊ាននៅឥណ្ឌូនេស៊ី

(VOVWORLD) - ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក-អាស៊ាន លោករដ្ឋមន្ត្រី Antony Blinken នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ាលើកទី ១៣ និងវេទិកាតំបន់អាស៊ានលើកទី ៣០។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី ១៣ កក្កដា បានទៅដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក-សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ កក្កដា។ ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក-អាស៊ាន លោករដ្ឋមន្ត្រី Antony Blinken នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ាលើកទី ១៣ និងវេទិកាតំបន់អាស៊ានលើកទី ៣០។ ក្នុងព្រឹត្តិការណ៍ទាំងនេះ លោករដ្ឋមន្ត្រីការបរទេស Antony Blinken នឹងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពរបស់អាស៊ាន និងគាំទ្រចក្ខុវិស័យរបស់អាស៊ានអំពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ក៏នឹងលើកឡើងអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ បញ្ហានាវាចរណ៍នៅសមុទ្រខាងកើត ស្ថានភាពនៅមីយ៉ាន់ម៉ា និងជម្លោះនៅអ៊ុយក្រែន។

សហរដ្ឋអាមេរិកធ្លាប់បានរៀបចំកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននៅទីក្រុងវ៉ាស៊ីនតោនកាលពីខែឧសភាឆ្នាំមុន ហើយភាគីទាំងពីរបានលើកតម្កើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយកាលពីខែវិច្ឆិកាឆ្នាំមុន។ សហរដ្ឋអាមេរិក និងអាស៊ានប្រារព្ធខួបលើកទី ៤៦ នៃការបង្កើតទំនាក់ទំនងក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ