រុស្ស៊ី​ប្រឆាំង​ជំទាស់​នឹង​ដីកា​ចាប់ខ្លួនលោកប្រធានាធិបតី​ Vladimir Putin ​របស់​ ICC

(VOVWORLD) - ឆ្លើយតបនឹងកាយវិការដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃទី ១៧ ខែមីនា បានចេញដីកា "ចាប់ខ្លួន" ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងតំណាងពេញសមត្ថភាពរបស់ប្រធានាធិបតីរុស្ស៊ី ស្តីពីសិទ្ធិកុមារ លោកស្រី Maria Lvova-Belova អាជ្ញាធររុស្ស៊ីបានអះអាងថា សកម្មភាពនេះមិនមានមូលដ្ឋានច្បាប់ទេ ដោយសារតែទីក្រុងម៉ូស្គូនិងប្រទេសជាច្រើនទៀតមិនទទួលស្គាល់យុត្តាធិការរបស់ ICC នោះទេ។
រុស្ស៊ី​ប្រឆាំង​ជំទាស់​នឹង​ដីកា​ចាប់ខ្លួនលោកប្រធានាធិបតី​ Vladimir Putin ​របស់​ ICC - ảnh 1ទីស្នាក់ការកណ្តាលរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ (រូបថត៖ Getty images)

ជាក់ស្តែង ប្រមុខគណៈកម្មការធម្មនុញ្ញនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Andrei Klishas បានបញ្ជាក់ថា ដីកាចាប់ខ្លួនរបស់ ICC មិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ។ ទន្ទឹមនឹងនោះ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានរិះគន់ការសម្រេចចិត្តរបស់ ICC ថាហួសហេតុ និងខុសច្បាប់។ អនុប្រធានទីមួយនៃគណៈកម្មាធិការអន្តរជាតិរបស់ក្រុមប្រឹក្សាសហព័ន្ធលោក Vladimir Dzhabarov បានចោទប្រកាន់ ICC ថា បានញុះញង់ស្ថានការណ៍ពិភពលោកដោយមានសកម្មភាពអុជអាលខុសច្បាប់ ខណៈដែលប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin បានប្រកាសថា ទីក្រុងម៉ូស្គូចាត់ទុក "រាល់ការវាយប្រហារណាមួយទៅលើប្រធានាធិបតីរុស្ស៊ី" គឺជាសកម្មភាព«ឈ្លានពាន»លើប្រទេសនេះ។ វិមានក្រឹមឡាំងនិងក្រសួងការបរទេសរុស្ស៊ី ក៏បានចេញសេចក្តីប្រកាសច្រានចោលដីកាចាប់ខ្លួនរបស់ ICC ដោយសង្កត់ធ្ងន់ថា រុស្ស៊ីមិនមែនជាភាគីហត្ថលេខីលើលក្ខន្តិកៈទីក្រុងរ៉ូមរបស់ICCនោះទេ ដូច្នេះតុលាការនេះមិនមានយុត្តាធិការនៅក្នុងប្រទេសរុស្ស៊ីឡើយ។

នៅក្នុងការឆ្លើយតបពាក់ព័ន្ធមួយទៀត អ្នកនាំពាក្យមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Polina Kubiak បានឲ្យដឹងថា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Csaba Koroshi បានត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រសិនបើលោក Putin មានបំណង។ អ្នកនាំពាក្យមហាសន្និបាតអង្គការសហប្រជាជាតិបានលើកច្បាស់ថា "រុស្ស៊ីគឺជាសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការពិតនេះមិនផ្លាស់ប្តូរហើយនឹងមិនផ្លាស់ប្តូរទេ លុះត្រាតែក្រុមប្រឹក្សាសន្តិសុខនិងមហាសន្និបាតមានទម្រងផ្សេងទៀត" ។

ICC ត្រូវបានបង្កើតឡើងក្រោមលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ១៩៩៨ ដែលចូលជាធរមានចាប់តាំងពីឆ្នាំ ២០០៣មក។ រុស្ស៊ី និងប្រទេសជាង ៤០ មិនទទួលស្គាល់យុត្តាធិការរបស់ ICC នោះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ