រុស្ស៊ីសង្ឃឹមថា ការចរចាជាមួយអ៊ុយក្រែននឹងសម្រេច​បាន​លទ្ធផលវិជ្ជមាន

(VOVWORLD) - ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅទីក្រុងម៉ូស្គូ នាថ្ងៃទី ២៦ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា រុស្ស៊ីនិងអ៊ុយក្រែននឹងបន្តការចរចាតាមបណ្តាញអ៊ីនធឺណែត។ 
រុស្ស៊ីសង្ឃឹមថា ការចរចាជាមួយអ៊ុយក្រែននឹងសម្រេច​បាន​លទ្ធផលវិជ្ជមាន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅទីក្រុងម៉ូស្គូ ថ្ងៃទី ២៦ ខែមេសា។ (រូបថត៖ AFP)

លោកប្រធានាធិបតី Putin បានសម្តែងក្តីសង្ឃឹមថា ការចរចានេះនឹងនាំមកនូវលទ្ធផលវិជ្ជមាននិងបញ្ចប់ជម្លោះនៅអ៊ុយក្រែន; ទន្ទឹមនឹងនេះ លោកបានលើកច្បាស់ថា បើទោះបីជាប្រតិបត្តិការយោធានៅតែបន្តក៏ដោយ ក៏រុស្ស៊ីនៅតែសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀងក្នុងដំណើរការទូត។

រីឯខ្លួនវិញ អគ្គលេខាធិការ លោក Guterres ជាថ្មីម្តងទៀតបានអំពាវនាវឱ្យទីក្រុងម៉ូស្គូនិងទីក្រុងគៀវ សម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កើតច្រករបៀងផ្តល់ជំនួយនិងជម្លៀសជនស៊ីវិល ដើម្បីជួយឧបត្ថម្ភជនស៊ីវិលនៅអ៊ុយក្រែន។ នាថ្ងៃដដែលនោះ អង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសមួយដែលបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមជាគោលការណ៍ អនុញ្ញាតឲ្យអង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ជម្លៀសជនស៊ីវិលចេញពីរោងចក្រ Azovstal ក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន។

មុននោះ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នាថ្ងៃដដែល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ចាំបាច់ត្រូវមានច្រករបៀងមនុស្សធម៌ "ពិតជាមានសុវត្ថិភាព និងនាំមកនូវប្រសិទ្ធភាព" ហើយបានស្នើឱ្យបង្កើតក្រុមទំនាក់ទំនងមនុស្សធម៌ដោយតភ្ជាប់ រុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ដើម្បីស្វែងរកឱកាសបើកច្រករបៀងសុវត្ថិភាព។

តាមផែនការ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅរុស្ស៊ី លោក Guterres នឹងធ្វើដំណើរទៅកាន់អ៊ុយក្រែន ហើយជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក៏ដូចជាជួបសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី ២៨ ខែមេសាផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ