លក្ខណៈពិសេសនៃផ្សារបុណ្យណូអែល ដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើ​ពិភពលោក

(VOVWORLD) - គេហទំព័រទេសចរណ៍អនឡាញ Big 7 Travel នាថ្ងៃទី ២៧ ខែវិច្ឆិកា បានដាក់ទីផ្សារបុណ្យណូអែល "Les Plaisirs d'Hiver" នៅក្នុងរដ្ឋធានីប្រ៊ុចសែលប្រទេសបែលហ្ស៊ិក ឈរលំដាប់ថ្នាក់ទីមួយក្នុងចំណោមផ្សារបុណ្យណូអែលគួរឱ្យចាប់អារម្មណ៍បំផុតទាំង ៥០ នៅលើពិភពលោក បន្ទាប់មកគឺផ្សារនៅទីក្រុងប៊ែកឡាំង (អាល្លឺម៉ង់) និងទីក្រុងឈីកាហ្គោ (សហរដ្ឋអាមេរិក)។

លក្ខណៈវិនិច្ឆ័យដែលបានប្រើប្រាស់ដើម្បីរៀបចំណាត់ថ្នាក់ផ្សារបុណ្យណូអែល គឺចំនួនអ្នកទស្សនា ចំនួនអ្នកចូលមើលនៅលើបណ្តាញសង្គម TikTok ក៏ដូចជាសកម្មភាពដែលបានរៀបចំឡើង។ ដោយឡែកនៅលើ TikTok នោះ "Les Plaisirs d'Hiver" បានទាក់ទាញអ្នកចូលមើលច្រើនជាង ៦៥៨.០០០នាក់។ ផ្សារបុណ្យណូអែលនៅទីក្រុងប្រ៊ុចសែល “Les Plaisirs d'Hiver” ពិតជាពិសេសណាស់ ដោយមានផ្ទះឈើនៅជុំវិញទីលានធំ-Grand-Place បំភ្លឺនិងតុបតែងលម្អដោយដើមស្រល់ដែលមានកម្ពស់ ៤០ ម៉ែត្រ កន្លែងជិះស្គីទឹកកក និងកន្ត្រកវិលដ៏ធំសម្បើមជាដើម។ ក្រៅពីដើមឈើណូអែលដ៏ធំនោះ នៅមានសកម្មភាពវប្បធម៌ និងការសម្តែងសិល្បៈជាច្រើន និងផ្ទះឈើចំនួនជាង ២៥០ខ្នង ដែលលាតសន្ធឹងលើចម្ងាយ ៣ គីឡូម៉ែត្រ នៅកណ្តាលទីក្រុង ប្រ៊ុចសែល ។

ឆ្នាំនេះ ផ្សារបុណ្យណូអែលនៅទីក្រុងប្រ៊ុចសែល បានបើកចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ហើយគ្រោងនឹងទាក់ទាញភញញៀវទេសចរណ៍មកទស្សនាប្រមាណ ២,៤ លាននាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ