លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Kerry

(VOVWORLD) - នារសៀល ថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Kerry - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Kerry។
(រូបថត៖ nhandan.vn)

ស្វាគមន៍បេសកជនពិសេសលោក John Kerry វិលត្រឡប់មកវៀតណាមវិញ ក្នុងឱកាសដែលប្រធានាធិបតីអាមេរិកលោក Joe Biden បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាពជាមួយលោក Kerry លើទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណម និងសហរដ្ឋអាមេរិកកាន់តែជាក់ស្ដែង ស៊ីជម្រៅ និងស្ថិរភាពដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងបេសកជនពិសេសលោក John Kerry ក្នុងការអនុវត្តកិច្ចខិតខំប្រឹងប្រែងជាសកលសំដៅលើកកម្ពស់ការយល់ដឹង និងសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; មានបំណងចង់សហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យទាំងនេះ ដោយឈរលើមូលដ្ឋានសមស្របនឹងលក្ខខណ្ឌសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

រីឯខ្លួនវិញ បេសកជនពិសេសលោក John Kerry បានអះអាងថា សហរដ្ឋអាមេរិក ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម គាំទ្រវៀតណាមក្នុងការដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់ ការឆ្លើយតបទៅនឹងបញ្ហាអន្តរជាតិ ក្នុងនោះមានការប្រែប្រួលអាកាសធាតុ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការសន្យារបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ផងដែរ។

បេសកជនពិសេសលោក John Kerry បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ហើយជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍នានា រួមទាំងប្រទេស
វៀតណាមផងដែរ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសក្នុងការអភិវឌ្ឍថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ការគ្រប់គ្រងប្រកបដោយភាពឆ្លាតវៃនូវធនធានទឹក និងធនធានក្នុងប្រព័ន្ធអេកូឡូស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ