លោកនាយករដ្ឋមន្ត្រី៖ ប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាពជាក់ស្តែងក្នុងការផ្លាស់ប្តូរ ឌីជីថល ជម្រុញឧស្សាហូបនីយកម្ម និងទំនើបកម្ម
(VOVWORLD) - ថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ សម្រាប់ដំណើរការឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ចាំបាច់ត្រូវកសាងឧស្សាហកម្មជាតិរឹងមាំ ពឹងផ្អែកលើខ្លួនឯង; អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ច្នៃប្រឌិតដើម្បីបំពេញតម្រូវការនៃឧស្សាហូបនីយកម្ម និងទំនើបកម្ម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅវេទិកា (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១៤ មិថុនានេះ នៅមជ្ឈមណ្ឌលសន្និសិទ្ធិជាតិ នៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីសម័យប្រជុំពេញអង្គនៃវេទិកាកំពូលប្រចាំឆ្នាំស្តីពីឧស្សាហកម្ម ៤.០ ឆ្នាំ២០២៣ ដោយភ្ជាប់ជាមួយការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩ របស់គណៈកម្មាធិការមជ្ឈិមស្តីពីឧស្សាហូបនីយកម្មទំនើបកម្មក្រោមប្រធានបទ "ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការបង្កើតភាពលោតផ្លោះ កាត់បន្ថយដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មនៃប្រទេសជាតិ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។
ថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់សម្រាប់ដំណើរការឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ចាំបាច់ត្រូវកសាងឧស្សាហកម្មជាតិរឹងមាំ ពឹងផ្អែកលើខ្លួនឯង; អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ច្នៃប្រឌិតដើម្បីបំពេញតម្រូវការនៃឧស្សាហូបនីយកម្ម និងទំនើបកម្ម។ ជាពិសេស ប្រមុខរដ្ឋាភិបាលក៏បានគូសបញ្ជាក់ថា ត្រូវតែបង្កើតភាពលោតផ្លោះក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដើម្បីបង្កើតជាកម្លាំងចលករជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជាសេដ្ឋកិច្ចកំពុងមានការអភិវឌ្ឍយ៉ាងស្វាហាប់ វៀតណាមត្រូវប្ដេជ្ញាខិតខំឆ្ពោះទៅរកគោលដៅកសាងប្រទេសជាតិខ្លាំងមាំមួន និងវិបុលភាព ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយឧស្សាហកម្មទំនើប ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងខិតខំក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។
“បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ជាភារកិច្ចសំខាន់ក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ; គឺជាវិធីសាស្រ្តថ្មីមួយ ដើម្បីកាត់បន្ថយដំណើរការនៃឧស្សាហូបនីយកម្ម និងទំនើបកម្ម។ វៀតណាមមានកត្តាអំណោយផលជាច្រើនក្នុងការទទួលបានផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤។ វៀតណាមមានគុណសម្បត្តិនៃរចនាសម្ព័ន្ធប្រជាជនវ័យក្មេង មានថាមវន្ត និងច្នៃប្រឌិត; ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យាឌីជីថល និងឌីជីថលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស; យន្តការ និងគោលនយោបាយកាន់តែល្អប្រសើរ។ ដូច្នេះហើយ ទោះបីជាចាំបាច់ត្រូវយកចិត្តទុកដាក់លើកត្តាអវិជ្ជមានក៏ដោយ ប៉ុន្តែនេះពិតជាឱកាសសម្រាប់វៀតណាមក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នាចង់បានភាពរុងរឿង និងសុភមង្គល”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រីបានស្នើថា បន្ទាប់ពីវេទិកានេះ គ្រប់លំដាប់ថ្នាក់ សាខា មូលដ្ឋាន និងសហគមន៍ធុរកិច្ចត្រូវខិតខំប្រឹងប្រែងប្រែក្លាយសេចក្តីប្រាថ្នាទៅជាការងារ និងធ្វើសកម្មភាពជាក់ស្តែង ដើម្បីបន្តខិតខំ និងសម្រេចបាននូវជំហានថ្មីៗ រួមចំណែកដល់ការជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ៕