លោក​ប្រធានាធិបតី Putin បានលើកឡើងពីអាទិភាពរបស់រុស្ស៊ី ក្នុងពិធីស្បថចូលកាន់តំណែង

(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែឧសភា នៅវិមានក្រឹមឡាំង លោក Vladimir Putin បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហព័ន្ធរុស្ស៊ីសម្រាប់អាណត្តិទី ៥ នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) និងឌូម៉ាជាតិ (សភាតំណាងរាស្រ្ត) និងចៅក្រមនៃតុលាការរដ្ឋធម្មនុញ្ញ។

ថ្លែងនៅក្នុងពិធីនេះ លោកប្រធានាធិបតី Putin បានអះអាងថា ជោគវាសនារបស់រុស្ស៊ីត្រូវតែសម្រេចដោយជនរុស្ស៊ី ដើម្បីផលប្រយោជន៍របស់ប្រជាជននាបច្ចុប្បន្ន និងនាពេលអនាគត។ លោក Putin ក៏បានសង្កត់ធ្ងន់ថា ការរក្សាគង់វង់ប្រជាជាតិនិងតម្លៃប្រពៃណីដ៏យូរអង្វែង គឺជាអាទិភាពកំពូលរបស់រុស្ស៊ី។ លោក Putin បានបញ្ជាក់យ៉ាងច្បាស់ថា ប្រព័ន្ធនយោបាយរបស់រុស្ស៊ីត្រូវមានស្ថិរភាព ហើយធានាការអភិវឌ្ឍរបស់ប្រទេសជាតិ នាប៉ុន្មានទសវត្សរ៍ខាងមុខ។

លោក​ប្រធានាធិបតី Putin បានលើកឡើងពីអាទិភាពរបស់រុស្ស៊ី ក្នុងពិធីស្បថចូលកាន់តំណែង - ảnh 1លោក Vladimir Putin ក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីសហព័ន្ធរុស្ស៊ីសម្រាប់អាណត្តិទី ៥ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី៧ ខែឧសភា។ រូបថត៖ AFP/TTXVN

ប្រធានាធិបតីរុស្សីក៏បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់ប្រជាជនរុស្សីគឺចម្បងបង្អស់ ហើយរុស្ស៊ីនឹងជំនះលើដំណាក់កាលដ៏លំបាកនេះ។ បើតាមលោក Putin រុស្ស៊ីនឹងបើកទ្វារចំពោះប្រទេសដែលចាត់ទុករុស្ស៊ីជាដៃគូ ហើយមិនបដិសេធការសន្ទនាជាមួយបណ្តាប្រទេសលោកខាងលិចឡើយ។

បន្ទាប់ពីពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍ប្រទេសរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ