វៀតណាមតែងតែគាំទ្រនិងគោរពសិទ្ធិមនុស្ស

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាក់ថា ជាមួយនឹងមនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមនឹងរួមចំណែកដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីអនាគតកាន់តែល្អប្រសើររបស់មនុស្សជាតិទាំងមូល។

វៀតណាមតែងតែគាំទ្រនិងគោរពសិទ្ធិមនុស្ស - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ថ្លែងសុន្ទរកថាក្នុងសម័យបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ។ (រូបថត៖ Quang Dung/VOV-Paris)

កាលពីថ្ងៃទី២៧ កុម្ភៈ អញ្ជើញថ្លែងនៅក្នុងសម័យបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានប្រកាសអំពីសូចនាករលេចធ្លោនានាស្តីពីសិទ្ធិមនុស្សនៅវៀតណាមនាពេលកន្លងមក ហើយបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកកាន់តែខ្លាំងដល់
សហគមន៍អន្តរជាតិ៖

“ក្នុងនាមជាសមាជិកនៃយន្តការពហុភាគីសំខាន់ៗជាច្រើន វៀតណាមសន្យាយ៉ាងមុតមាំចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រៀមខ្លួនជាស្រេចដើរតួរជាស្ពានដើម្បីកាត់បន្ថយភាពខុសគ្នា បង្កើនកិច្ចសហប្រតិបត្តិការនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាមួយនឹងបាវចនា "ការគោរព និងការយល់ដឹង ការសន្ទនា និងកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្សទាំងអស់សម្រាប់មនុស្សទាំងអស់គ្នា"។

ក្នុងស្មារតីនោះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានចែករំលែកការយល់ដឹងរបស់វៀត
ណាមចំពោះស្ថានភាពសិទ្ធិមនុស្សនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ តាមនោះ ប្រទេសនីមួយៗមានសេចក្តីប្រាថ្នារួម ក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ប៉ុន្តែប្រទេស និងតំបន់នីមួយៗអាចមានវិធីសាស្រ្តផ្សេងៗគ្នា ដោយសារលក្ខណៈពិសេសដោយឡែកនៃប្រវត្តិសាស្ត្រ ប្រព័ន្ធនយោបាយ វប្បធម៌ សេដ្ឋកិច្ច សង្គម។ ដូច្នេះ ចាំបាច់ត្រូវយល់ និងគោរពនូវលក្ខណៈពិសេសទាំងនោះ ដើម្បីស្វែងរកចំណុចរួម ជំនួសឲ្យការធ្វើនយោបាយនិងការចាប់បង្ខំ; ចាំបាច់ត្រូវមានវិធីសាស្រ្តរួម ដើម្បីធានាឲ្យកាន់តែប្រសើរឡើងនូវការទទួលសិទ្ធិចាំបាច់និងសារវ័ន្តបំផុត ដូចជាសិទ្ធិរស់នៅក្នុងសន្តិភាព សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការអប់រំ និងការថែទាំសុខភាព៖

“ក្រុមប្រឹក្សាសិទ្ធិមនុស្សគួរតែបញ្ជាក់នូវមជ្ឈភាពរបស់ខ្លួនក្នុងការជំរុញកិច្ចសន្ទនាដោយឈរលើស្មារតីស្ថាបនា សមភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបណ្ដាប្រទេស ដោយឈរលើមូលដ្ឋាននៃការគោរពនិងការយោគយល់គ្នាទៅវិញទៅមក។ ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព សកម្ម សត្យានុម័ត សុខដុមរមនាក្នុងភាពចម្រុះ ដោយគ្មានការធ្វើនយោបាយ និងគ្មានការបែងចែក នឹងក្លាយជាស្នូលតភ្ជាប់សហគមន៍អន្តរជាតិ”។

លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាក់ថា ជាមួយនឹងមនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមនឹងរួមចំណែកដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីអនាគតកាន់តែល្អប្រសើររបស់មនុស្សជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ