វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

នៅក្នុងសន្និសីទសារព័ត៌មាន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នា អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការដ៏ធំធេងរវាងវៀតណាមនិងទួរគី; ហើយបានអះអាងនូវការប្តេជ្ញាចិត្តរបស់រដ្ឋ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ក្នុងការជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងទួរគី។

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សា។ រូបថត៖ VOV

ភាគីទាំងពីរបានឯកភាពលើវិធានការជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទាក់ទងនឹងវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនង និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; សហការគ្នាយ៉ាងជិតស្និទ្ធនៅអង្គការនិងវេទិកាអន្តរជាតិនានា; សម្រេចការបើកស្ថានកុងស៊ុលទួរគីប្រចាំនៅទីក្រុងហូជីមិញយ៉ាងឆាប់ៗ។ លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ សហប្រតិបត្តិការអភិវឌ្ឍន៍ផ្នែកម្ហូបអាហារឥស្លាម (ហាឡាល) កសិកម្ម ទេសចរណ៍។ ភាគីទាំងពីរក៏បានឯកភាពស្រាវជ្រាវការចាប់ផ្តើមការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - ទួរគីឲ្យបានឆាប់ៗ ដោយវាយតម្លៃថានេះជាវិធានការសំខាន់ ដែលអាចបង្កើតឡើងរបកគំហើញសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz ក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានស្ថានភាពតានតឹងនាបច្ចុប្បន្ននៅតំបន់មជ្ឈឹមបូព៌ាផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh និងលោកអនុប្រធានាធិបតីទួរគីបានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ