វៀតណាមនិងម៉ាឡេស៊ី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - ទោះបីជាមានផលប៉ះពាល់ពីជំងឺរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១២,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើង ២៥,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
វៀតណាមនិងម៉ាឡេស៊ី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato' Sri Ismail Sabri bin Yaakob (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob មកកាន់វៀតណាមមានសារៈសំខាន់ខ្លាំងណាស់ ដែលបង្កើតកម្លាំងចលករថ្មីសម្រាប់ពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ម៉ាឡេស៊ី ជាពិសេសនៅ ពេលដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរត្រូវបានឆ្លងកាត់រយៈពេល ៧ ឆ្នាំដំបូង ហើយមានបំណងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២៣។ ចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី គឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ទោះបីជាមានផលប៉ះពាល់ពីជំងឺរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១២,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើង ២៥,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ម៉ាឡេស៊ីបច្ចុប្បន្នជាវិនិយោគិនធំជាងគេទី ២ របស់អាស៊ាននៅវៀតណាម ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំទីបីរបស់ម៉ាឡេស៊ីក្នុងអាស៊ាន។

លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេលកន្លងមក។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋាភិបាល វៀតណាមក្នុងការអនុវត្តការបន្សាំប្រកប ដោយសុវត្ថិភាពនិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើរទន្ទឹមនឹងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងការឯកភាពគ្នាលើទិសដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរួមគ្នា ក្រោយជំងឺរាតត្បាតកូវីដ-១៩។ ថ្នាក់ដឹកនាំទាំងពីររូបបានយល់ព្រមនឹងខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១៨ ពាន់លានដុល្លារ ឬខ្ពស់ជាងនេះនៅឆ្នាំ ២០២៥។ ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មលើទំនិញដែលប្រទេសទាំងពីរមានប្រៀបខ្លាំង ដូចជាផលិតផលកសិកម្ម និងជលផល ឧស្សាហកម្មម្ហូបអាហារ ផលិតផលគ្រឿងអេឡិចត្រូនិក... ជាដើម។

វៀតណាមនិងម៉ាឡេស៊ី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 2រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Dato' Sri Saifuddin bin Abdullah បានផ្លាស់ប្តូរលិខិតស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសនៃប្រទេសទាំងពីរ (រូបថត៖ Duong Giang/TTXVN)

បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួនបួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ