វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងអាស៊ាន

(VOVWORLD) - ទំនាក់ទំនងភាពជាដៃគូវិជ្ជមានរវាងកាណាដានិងវៀតណាមកំពុងបន្តអភិវឌ្ឍន៍និងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀត ណាម Deborah Paul។

យោងតាមឯកអគ្គរដ្ឋទូតរូបនេះ បើទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែឆ្នាំ ២០២១ ជាឆ្នាំវិជ្ជមាន ដោយមើលឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែបើកទូលាយ ដែលក្នុងនោះពាណិជ្ជកម្មនិងការវិនិយោគ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកាណាដានិងវៀតណាមបានលើសពីទំហំពាណិជ្ជកម្មនៃឆ្នាំ ២០២០ទាំងមូល ហើយឈានដល់កំណត់ត្រាជាង ៩.៥ ពាន់លានដុល្លារកាណាដា (CAD)។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងធុរកិច្ចនៃប្រទេសទាំងពីរ គណៈកម្មាធិការចម្រុះសេដ្ឋកិច្ចកាណាដា-វៀតណាមថ្មីត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២១។

ធ្វើការវាយតម្លៃលើការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ឯកអគ្គរដ្ឋទូត Deborah Paul បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការឆ្លើយតបនិងទប់ស្កាត់ការរីករាលដាលជំងឺ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទោះបីមានជំងឺរាតត្បាតក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបាននូវភាពធន់ខ្ពស់ផងដែរ។ វៀតណាមបានអនុវត្តន៍គោលនយោបាយប្រកបដោយប្រសិទ្ធភាពជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺរាតត្បាតលើប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ