វៀតណាមអំពាវនាវឲ្យជំរុញការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពសម្រាប់កងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការពិភាក្សាបើកចំហជាមួយប្រធានបទ “វិនិយោគសម្រាប់សន្តិភាព: ការងារបណ្តុះបណ្តាលនិងកសាងសមត្ថភាពមានគុណភាពដើម្បីបង្កើនសុវត្ថិភាព សន្តិសុខ និងប្រសិទ្ធភាពនៃការប្រតិបត្តិសម្រាប់កម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ 

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi បានធ្វើជាអធិបតីនៃកិច្ចពិភាក្សានេះ ដោយមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រួមទាំងមេបញ្ជាការបេសកកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រមាណជិត ៦០ ប្រទេសផ្សេងទៀត ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ។

វៀតណាមអំពាវនាវឲ្យជំរុញការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពសម្រាប់កងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ - ảnh 1 ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ

ថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ប្រទេសទាំងអស់ គួរតែគាំទ្រនិងអនុវត្តយ៉ាងសកម្មនូវសេចក្តីថ្លែងការណ៍រួមស្តីពីសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៨។  លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការវិនិយោគលើការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពចាំបាច់ត្រូវអនុវត្តដំណាលគ្នា តាមកម្រិតផ្សេងៗគ្នា ក្នុងនោះ ត្រូវសំដៅទៅលើលក្ខណៈពិសេសដោយឡែកនៃភូមិសាស្ត្រនិងលើបុគ្គលិកជាស្ត្រី។

នៅកម្រិតជាតិ ប្រទេសនានាចាំបាច់ត្រូវពង្រឹងការពិនិត្យឡើងវិញ ការត្រៀមរៀបចំនិងការហ្វឹកហ្វឺនកម្លាំងដែលបំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិដោយ ផ្តោតជាពិសេសលើការបណ្តុះបណ្តាលមុនពេលដាក់ពង្រាយ។

នៅកម្រិតតំបន់ បណ្តាប្រទេសចាំបាច់ត្រូវបង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ រួមទាំងកិច្ចសហប្រតិបត្តិការរវាងបណ្តាមជ្ឈមណ្ឌលបណ្តុះបណ្តាលទៀត ផង។

នៅកម្រិតសកល ប្រព័ន្ធរបស់អង្គការសហប្រជាជាតិគួរតែលើកកម្ពស់ភាពជាដៃគូនិងចែករំលែកការទទួលខុសត្រូវរវាងស្ថាប័ននានានៃអង្គការសហប្រជាជាតិ ជាពិសេសរវាងក្រុមប្រឹក្សាសន្តិសុខនិងលេខាធិការដ្ឋានជាមួយបណ្តាប្រទេសដែលបញ្ចូនកងទ័ពចូលរួម និងធានាការផ្តល់មូលនិធិសម្រាប់ការបណ្តុះបណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ