វៀតណាម-ឥណ្ឌាជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
វៀតណាម-ឥណ្ឌាជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla។ (រូបថត៖ VNA)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឥណ្ឌានាសព្វថ្ងៃជាប្រទេសមហាអំណាចមួយដោយមានសេដ្ឋកិច្ចធំជាងគេទី ៦ លើពិភពលោក ហើយមានវិទ្យាសាស្ត្រនិបច្ចេកវិទ្យា ជឿនលឿនជួរមុខ ខណៈដែលវៀតណាមជាប្រទេសដែលកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់ ធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងបើកទ្វារចំហយ៉ាងទូលំទូលាយជាមួយពិភពលោក។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាត់ទុកថា ទាំងនេះគឺជាកត្តាអំណោយផល ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងសម័យ
បច្ចុប្បន្ន។

ដោយឈរលើមូលដ្ឋានដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងរហូតដល់ទៅ ៣៧% ដោយសម្រេចបានទឹកប្រាក់ជាង ១៣,២ ពាន់លានដុល្លាអាមេរិកកាលពីឆ្នាំមុននោះ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរជំរុញខ្លាំងការផ្លាស់ប្ដូរពាណិជ្ជកម្ម ពន្លឿនដំណើរការបើកទ្វារចំហសម្រាប់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក។ ក្រៅពីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តនភាព និងប្រេងឧស្ម័ន លោកប្រធានរដ្ឋ ចាត់ទុកថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការជួបប្រាស្រ័យប្រជាជនជាមួយប្រជាជន; សហការរៀបចំផែនការស្តារទេសចរណ៍ឡើងវិញក្រោយពីជំងឺរាតត្បាតក្នុងបរិបទដែលប្រទេសទាំងពីរបានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក ហើយបើកជើងហោះហើរត្រង់ រវាងទីក្រុងធំៗនៃប្រទេសទាំងពីរក្នុងពេលឆាប់ៗ។

ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla បានសម្ដែងគោលបំណងចង់ឲ្យប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្តុះបណ្តាល សន្តិសុខ ការពារជាតិ ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹងតែងតែជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលនាពេលខាងមុខហើយរួមគ្នាអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ