សកម្មភាព​ថែទាំបុណ្យ​តេតសម្រាប់កម្មករក្នុងស្ថានភាពលំបាក

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែកុម្ភៈ នៅទីរួមខេត្ត Viet Yen សម្ព័ន្ធយុវជនខេត្ត Bac Giang បានសម្របសម្រួលជាមួយសម្ព័ន្ធយុវជនទីរួមខេត្ត និងសហភាពពលករទីរួមខេត្ត Viet Yen រៀបចំកម្មវិធី "បុណ្យតេតជួបជុំគ្នា - ចែករំលែកនិទាឃរដូវ" ដោយមានការចូលរួមពីយុវជនជាង៣០០ នាក់ដែលជាកម្មករនៅស្រុក Viet Yen ។ 

នៅទីនេះ យុវជនជាកម្មករបានចូលរួមសកម្មភាពដូចជា៖ ការប្រឡងវេចនំអន្សម ការលេងល្បែងប្រជាប្រិយ ការផ្លាស់ប្តូរវប្បធម៌ ការប្រកួតកីឡាបាល់ទាត់។ ក្នុងឱកាសនេះ សមាគមគ្រប់ជាន់ថ្នាក់បានប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ជូនដល់យុវជន កម្មករ កម្មការិនី ដែលមានស្ថានភាពលំបាក។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី "បុណ្យតេតជួបជុំគ្នា - ចែករំលែកនិទាឃរដូវ" នេះ សហភាពពលករខេត្ត Dong Nai បានរៀបចំពិធីជួបជុំជាមួយគ្រួសារកម្មករ កម្មការិនីនិងពលករដែលមិនមានឱកាសទទួលអំណរបុណ្យតេតនៅស្រុកកំណើត ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ គ្រួសារជាង ៣០០គ្រួ ដែលមានសមាជិកសហជីពនិងកម្មករជាង ១ ០០០ នាក់ មានស្ថានភាពលំបាកក្នុងខេត្ត Dong Nai បានចូលរួមកម្មវិធីនេះ ។ ក្នុងឱកាសនេះ ក្រុមគ្រួសារក៏ទទួលបាន អំណោយជាសាច់ប្រាក់ អំណោយបុណ្យតេត១កញ្ចប់ និងនំអន្សមជ្រុង ១គូ។

នាយប់ថ្ងៃដដែល នៅស្ថានីយ៍រថភ្លើង Saigon ទីក្រុងហូជីមិញ សហភាពពលករទីក្រុង និងសហជីពតំបន់កែច្នៃនិងឧស្សាហកម្មរបស់ទីក្រុង បានរៀបចំ "រថភ្លើងនិទាឃរដូវ" នាំគ្រួសារចំនួន ១៦២គ្រួ ដែលមានកម្មករជិត ៥០០ នាក់ វិលត្រឡប់ទៅស្រុកកំណើតនៅបណ្តាខេត្តក្នុងតំបន់ភូមិភាគកណ្តាល និងភាគកណ្តាលបែកខាងជើង ដើម្បីទទួលអំណរ បុណ្យតេត។ លោក Nguyen Thai Thanh អនុប្រធានសម្ព័ន្ធសហជីពនៃតំបន់កែច្នៃនាំចេញ-សួនឧស្សាហកម្មនៅទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “ឆ្នាំនេះចំនួនសំបុត្របានកើនឡើងច្រើនជាងធម្មតា ព្រោះយើងយល់ថាឆ្នាំនេះមានគ្រួសារកម្មករកាន់តែច្រើនជួបការលំបាក់ នៅពេលដែលធុរកិច្ចបានកាត់បន្ថយការបញ្ជាទិញ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលរបស់កម្មករ។ យើងក៏មានសកម្មភាពផ្សេងៗជាច្រើនទៀតសម្រាប់កម្មករនៅផ្ទះសំណាក់។ ឆ្នាំនេះយើងយកចិត្តទុកដាក់លើកម្មករប្រហែល ៣០ ០០០ នាក់ ជាមួយនឹងសកម្មភាពនិងទម្រង់ផ្សេងៗគ្នាជាច្រើន”។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងឆស័ក ២០២៤ សហជីពទីក្រុងគ្រប់ជាន់ថ្នាក់បានប្រមូលផ្តុំ និងផ្តល់សំបុត្ររថភ្លើង សំបុត្រឡានក្រុង និងសំបុត្រយន្តហោះជាង ២៦ ០០០ សន្លឹកដល់គ្រួសារសមាជិក និងកម្មករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ