សេចក្តីប្រកាសអំពីសន្និបាតលើកទី៨ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣

(VOVWORLD) - ដោយអនុវត្តន៍កម្មវិធីការងារ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បើកសន្និបាតលើកទី៨ ដើម្បីពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន។ អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជាអធិបតី ហើយថ្លែងសុន្ទរកថាសំខាន់ៗក្នុងពិធីបើក និងពិធីបិទសន្និបាត។

សេចក្តីប្រកាសអំពីសន្និបាតលើកទី៨ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ - ảnh 1សម័យប្រជុំបិទសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១៣។ (រូបថត៖ VOV)

អំពីស្ថានភាពសេដ្ឋកិច្ច សង្គម ថវិការដ្ឋឆ្នាំ ២០២៣ - ២០២៤

គណៈកម្មាធិការមជ្ឈិមបក្សបានផ្តោតសំខាន់លើការពិភាក្សា និងវិភាគយ៉ាងស៊ីជម្រៅអំពីលក្ខណៈលេចធ្លោនៃឆ្នាំ២០២៣ បញ្ជាក់ពីលទ្ធផលដែលសម្រេចបាន បញ្ហា និងចំណុចខ្សោយដែលនៅសេសសល់ ការលំបាក និងឧបសគ្គដែលត្រូវដោះស្រាយ បញ្ហាប្រឈមត្រូវបន្តជំនះ។ ដោយឈរលើមូលដ្ឋាននៃការវិភាគ និងការព្យាករណ៍ពីលទ្ធភាពដែលអាចកើតមាន ការច្បាមជាប់ នូវស្ថានភាពជាក់ស្តែង មជ្ឈិមបានកំណត់ទស្សនៈអភិវឌ្ឍន៍ គំនិតណែនាំ គោលដៅទូទៅ និងសូចនាករជាមូលដ្ឋានសំខាន់ៗមួយចំនួន ភារកិច្ចនិងដំណោះស្រាយស្នូលសម្រាប់ប៉ុន្មានខែដែលនៅសល់នៃឆ្នាំ ២០២៣ និងឆ្នាំ ២០២៤; ភាពចាំបាច់ និងភាពត្រឹមត្រូវនៃការអនុវត្តរបបប្រាក់បៀវត្សរ៍ថ្មីចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤។

ស្តីពីការបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៥ នីតិកាលទី ១១ ស្តីពីបញ្ហាគោលនយោបាយសង្គមមួយចំនួន។

គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពវាយតម្លៃថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ប្រទេសជាតិសម្រេចបានលទ្ធផល និងសមិទ្ធិផលសំខាន់ៗជាច្រើន ដែលកាន់តែបង្ហាញឱ្យឃើញពីឧត្តមភាពនៃរបប។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយសង្គម និងការគ្រប់គ្រងការអភិវឌ្ឍសង្គមនៅតែបង្ហាញពីបញ្ហាជាច្រើនដែលត្រូវដោះស្រាយក្នុងពេលឆាប់ៗនេះ។

គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការបន្តផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាពនៃគោលនយោបាយសង្គម ឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិក្នុងដំណាក់កាលថ្មី។

ស្តីពីការបូកសរុបរយៈពេល២០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៧ នីតិកាលទី៩ ស្តីពីការពង្រីកកម្លាំងមហាសាមគ្គីនៃប្រជាជាតិទាំងមូល

បន្ទាប់ពីការវាយតម្លៃដោយសត្យានុម័ត តាមបែបវិទ្យាសាស្រ្តចំពោះលទ្ធផល និងសមិទ្ធិផលដែលសម្រេចបាន; ការវិភាគអំពីមូលហេតុ និងមេរៀន បទពិសោធន៍ដែលទទួលបានក្រោយរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ២៣ ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០២ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ៩ ស្តីពីការពង្រីកកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីរបស់មជ្ឈិមស្តីពីការបន្តពង្រីកប្រពៃណីមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល កសាងប្រទេសជាតិឱ្យកាន់តែខ្លាំងមាំមួន សម្បូររុងរឿង វិបុលភាព អរិយធម៌ និងសុភមង្គល។

ស្តីពីការបូកសរុបរយៈពេល ១៥ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៧ នីតិកាលទី ១០ ស្តីពីការកសាងជួរបញ្ញវន្តក្នុងសម័យកាលជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ

គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពកំណត់សារៈសំខាន់នៃការកសាង អភិវឌ្ឍន៍ និងពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនូវតួនាទី ឋានៈ និងការរួមវិភាគទានរបស់ជួរបញ្ញវន្ត បំពេញតាមតម្រូវការក្នុងការចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ បន្តជំរុញខ្លាំងបុព្វហេតុផ្លាស់ប្ដូរថ្មី ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ។

ស្តីពីការបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី

គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពអនុម័តលើសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១៣ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ការចេញផ្សាយសេចក្តីសម្រេចចិត្តដ៏មានសារៈសំខាន់ពិសេសនេះ គឺសំដៅបង្កើតការឯកភាពខ្ពស់លើទស្សនៈ គោលដៅ បាវចនាដឹកនាំ និងភារកិច្ច ដំណោះស្រាយធំៗ ដែលត្រូវការជ្រួតជ្រាប និងដាក់ពង្រាយអនុវត្តន៍ ដើម្បីក្នុងគ្រប់ករណីទាំងអស់ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដីនៃមាតុភូមិ; ការពារបក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម; ការពារផលប្រយោជន៍ជាតិ និងប្រជាជាតិ; ការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណជាតិ: រក្សាយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ និងបរិយាកាសសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិតាមទិសសង្គមនិយមរបស់វៀតណាម។

ស្ដីពីផែនការកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ អាណត្តិ ២០២៦ - ២០៣១

មជ្ឈិមបានស្រាវជ្រាវយ៉ាងហ្មត់ចត់ បង្ហាញយ៉ាងពេញលេញនូវសមត្ថកិច្ច និងមតិយោបល់របស់ខ្លួន ចំពោះការរៀបចំផែនការកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។ គណៈកម្មាធិការមជ្ឈិមបក្សក៏បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមលោក Le Hoai Trung សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម ឱ្យកាន់តំណែងជាសមាជិកគណៈលេខាមជ្ឈិមបក្សនីតិកាលទី ១៣; បោះឆ្នោតជ្រើសរើសបំពេញបន្ថែមសមាជិកមួយចំនួននៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី ១៣។

គណៈកម្មាធិការមជ្ឈិមបក្ស អំពាវនាវឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ពង្រឹងសាមគ្គីភាព ឯកភាព ខិតខំពុះពារជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពដែនដី និងសន្តិសុខជាតិ សម្រេចប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចដែលបានកំណត់សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត; រៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាននៃសន្និបាតលើកទី៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ