សេដ្ឋកិច្ចវៀតណាម៖ សញ្ញាសុទិដ្ឋិនិយមចាប់តាំង​ពីដើមឆ្នាំថ្មី

(VOVWORLD) - ចាប់តាំងពីដើមឆ្នាំថ្មី សេដ្ឋកិច្ចវៀតណាមបានបង្ហាញពីសញ្ញាសុទិដ្ឋិនិយមជាច្រើន។ យោងតាមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ចំណុចភ្លឺនៃសេដ្ឋកិច្ចវៀតណាមក្នុងខែមករាឆ្នាំនេះ គឺផលិតកម្មឧស្សាហកម្ម។

ឧស្សាហកម្មកែច្នៃ និងផលិតបានកើនឡើង ១៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងខែមករាឆ្នាំនេះបានកើនឡើងនៅតាមខេត្តក្រុងចំនួន ៦០/៦៣ លើទូទាំងប្រទេស។ ប្រទេសទាំងមូលមានអាជីវកម្មបង្កើតថ្មីចំនួន ១៣.៥០០អង្គភាព កើន ២,២% បើធៀបនឹងខែមុន និងកើនឡើង ២៤,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លើសពីនេះទៅទៀត យោងតាមអគ្គនាយកដ្ឋានស្ថិតិ ប្រាក់ចំណូលសរុបពីការលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់ ក្នុងខែមករាឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណមានចំនួន ៥២៤,១ ទ្រីលានដុង (ជាង ២១,៤ពាន់លាន) កើន ៨,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណុចគួរឲ្យកត់សម្គាល់មួយគឺទុនវិនិយោគដែលទទួលបានពីថវិការដ្ឋក្នុងខែដំបូងនៃឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណឈានដល់ ៣១,១ ទ្រីលានដុង កើនឡើង ១២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសេដ្ឋកិច្ច Le Duy Binh បានធ្វើអធិប្បាយថា៖ “បើនិយាយពីការវិនិយោគឯកជន មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះគឺជាផ្នែកតម្រូវការដ៏សំខាន់បំផុតនៃសេដ្ឋកិច្ច។ ការបញ្ចេញទុនវិនិយោគសាធារណៈក៏បានកើនឡើងផងដែរ ដែលជាចំណុចភ្លឺក្នុងការជួយបង្កើនតម្រូវការវិនិយោគ និងបង្កើនតម្រូវការរបស់រដ្ឋាភិបាល។ ទាំងនេះគឺជាចំណុចភ្លឺដើម្បីមើលឃើញថា យើងអាចរំពឹងថាឆ្នាំ ២០២៤ នឹងកាន់តែប្រសើរឡើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ