សន្និសីទ​រដ្ឋមន្ត្រីការបរទេស G20 មិន​សម្រេច​បាន​សេចក្តីថ្លែងការណ៍រួម

(VOVWORLD) - សន្និសីទរដ្ឋមន្ត្រីការបរទេស នៃក្រុមសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) បានប្រព្រឹត្តិទៅនៅទីក្រុងញូវដេលី ឥណ្ឌាកាលពីថ្ងៃទី២ ខែមីនា បានឈានដល់ការឯកភាពគ្នាលើបញ្ហាជាច្រើន ប៉ុន្តែមិនបានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីសន្និសីទឡើយ។    
សន្និសីទ​រដ្ឋមន្ត្រីការបរទេស G20 មិន​សម្រេច​បាន​សេចក្តីថ្លែងការណ៍រួម - ảnh 1រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Jaishankar ក្នុងសន្និសីទសារព័ត៌មាន នៅចុងបញ្ចប់នៃសន្និសីទរដ្ឋមន្ត្រីការបរទេស G20។ (រូបថត៖ ANI)

ថ្លែងមតិក្នុងសន្និសីទកាសែតបញ្ចប់នៃសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានឲ្យដឹងថា សន្និសីទបានបញ្ចប់ដោយមិនបានចេញសេចក្តីថ្លែងការណ៍រួម ដោយសារតែមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន បើទោះបីមានការខិតខំប្រឹងប្រែងដោយឥតឈប់ឈរពីម្ចាស់ផ្ទះឥណ្ឌា ដើម្បីបង្កើតការឯកភាពគ្នាក៏ដោយ។ ជាជំនួសវិញ សន្និសីទនេះបានអនុម័តលើឯកសារសង្ខេប និងលទ្ធផលរបស់ប្រទេសម្ចាស់ផ្ទះ។ ឯកសារនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ G20 ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាសកល។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានសង្កត់ធ្ងន់ថា សន្និសីទបានផ្តោតលើទិដ្ឋភាពដែលអាច "បង្រួបបង្រួម" គ្រប់ភាគីទាំងអស់។

ទាក់ទង់នឹងផលប៉ះពាល់របស់ជម្លោះរុស្ស៊ី-អ៊ុយក្រែនទៅលើពិភពលោក ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ លោក Jaishankar បានឲ្យដឹងថា ជម្លោះនេះបានជះឥទ្ធិពលដល់បញ្ហាជាច្រើនដូចជា តម្លៃប្រេងឥន្ធនៈ តម្លៃស្បៀងអាហារ តម្លៃជីជាដើម។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 មានការចូលរួមពីអ្នកការទូតជួរមុខគេចំនួនជាង ៤០ មកពីបណ្តាខឿនសេដ្ឋកិច្ច រួមជាមួយនឹងតំណាងអង្គការអន្តរជាតិចំនួន ១៣នាក់ទៀត។ វិបត្តិអ៊ុយក្រែនបានក្លាយជាខ្លឹមសារស្នូលនៅក្នុងរបៀបវារៈ បើទោះបីជាប្រទេសម្ចាស់ផ្ទះឥណ្ឌា មានបំណងចង់ឱ្យសន្និសីទនេះផ្តោតលើការដោះស្រាយបញ្ហាពិភពលោកជាបន្ទាន់ ដូចជាការកាត់បន្ថយភាពក្រីក្រ និងផ្តល់ហិរញ្ញប្បទានសម្រាប់ការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ