សហរដ្ឋអាមេរិកប្រកាសកញ្ចប់ជំនួយថ្មីដែលមានតម្លៃជាង ១ ពាន់លាន​ដុល្លារ​អាមេរិក​​សម្រាប់អ៊ុយក្រែន

(VOVWORLD) - កញ្ចប់ជំនួយពោលខាងលើរួមមានទឹកប្រាក់ប្រមាណ ៦៦៥ លានដុល្លារអាមេរិកជួយឧបត្ថម្ភខាងសន្តិសុខស៊ីវិល និងយោធា រួមជាមួយទឹកប្រាក់រាប់លានដុល្លារអាមេរិកទៀតសម្រាប់ជួយឧបត្ថម្ភដល់សមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងវិស័យផ្សេងៗទៀត។
សហរដ្ឋអាមេរិកប្រកាសកញ្ចប់ជំនួយថ្មីដែលមានតម្លៃជាង ១ ពាន់លាន​ដុល្លារ​អាមេរិក​​សម្រាប់អ៊ុយក្រែន - ảnh 1ទិដ្ឋភាពនៃការផ្ទុះមួយនៅក្រុងគៀវ ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/ TTXVN

នាថ្ងៃទី ៦ កញ្ញា ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងគៀវ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាស កញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ដែលមានតម្លៃសរុបជាង ១ ពាន់លានដុល្លារអាមេរិក។ អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នោះ លោក Blinken បានឲ្យដឹងថាកញ្ចប់ជំនួយពោលខាងលើរួមមានទឹកប្រាក់ប្រមាណ ៦៦៥ លានដុល្លារអាមេរិកជួយឧបត្ថម្ភខាងសន្តិសុខស៊ីវិល និងយោធា រួមជាមួយទឹកប្រាក់រាប់លានដុល្លារអាមេរិកទៀតសម្រាប់ជួយឧបត្ថម្ភដល់សមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងវិស័យផ្សេងៗទៀត។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសលោក Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងសម្របសម្រួលជាមួយអ៊ុយក្រែន ដើម្បីស្វែងរកផ្លូវជំនួសក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ បន្ទាប់ពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានផុតកំណត់កាលពីខែកក្កដាឆ្នាំមុន។ ចំណែកឯរដ្ឋមន្ត្រីការបរទេសលោក Kuleba បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ក៏ដូចជាដៃគូផ្សេងទៀតដែលបានជួយដល់អ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនេះ គឺជាលើកទី៤ហើយ ដែលលោករដ្ឋមន្ត្រីការបរទេស Blinken បានទៅកាន់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង។ មុនពេលជួបសមភាគីលោក Kuleba លោក Blinken មានជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយបញ្ជាក់ជាថ្មីម្ដងទៀតអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងគៀវ និងការខិតខំប្រឹងប្រែងដើម្បី "បង្កើនជាអតិបរមា" ចំពោះការជួយឧបត្ថម្ភនេះ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែនជាង ៤០ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីជម្លោះបានផ្ទុះឡើងនាឆ្នាំ ២០២២ ក្នុងនោះមានជំនួយផ្នែកសព្វាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ