អាមេរិកបដិសេធមិនផ្តល់ទិដ្ឋាការ​ដល់​​ប្រតិភូរុស្ស៊ីទៅចូល​រួម​ APEC

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែសីហា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបដិសេធមិនផ្តល់ទិដ្ឋាការ និងបានរារាំងទីក្រុងម៉ូស្គូចូលរួមព្រឹត្តិការណ៍នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) តាមទម្រង់អនឡាញ់ផងដែរ។
អាមេរិកបដិសេធមិនផ្តល់ទិដ្ឋាការ​ដល់​​ប្រតិភូរុស្ស៊ីទៅចូល​រួម​ APEC - ảnh 1ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov។ រូបថត៖ Reuters

ប្រការនេះក៏បានកើតឡើងក្នុងកិច្ចប្រជុំផ្លូវការកម្រិតខ្ពស់ជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ APEC នៅទីក្រុង Seattle (សហរដ្ឋអាមេរិក)ដែរ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់លោក Antonov ដែលបានឲ្យដឹងថា តំណាងក្រសួងនិងស្ថាប័នរដ្ឋាភិបាលរុស្ស៊ីមួយចំនួន មិនត្រូវបានផ្តល់ទិដ្ឋាការចូលអាមេរិកនោះទេ។ លើសពីនេះទៅទៀត ក៏មានករណីជាច្រើនដែលអ្នកតំណាងរុស្ស៊ីមិនមានឱកាសចូលរួមកិច្ចប្រជុំសំខាន់ៗ តាមរយៈតំណភ្ជាប់វីដេអូផងដែរ។ លោកឯកអគ្គរដ្ឋទូត Antonov បានសម្តែងនូវ "ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ" អំពីកិច្ចប្រជុំកំពូល APEC នាពេលខាងមុខនៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងឋានៈជាប្រធានប្តូរវេន ដើម្បីផ្តល់ទិដ្ឋាការទាំងអស់តាមសំណូមពរសម្រាប់គណៈប្រតិភូរុស្ស៊ីឱ្យបានទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ