អ៊ីស្រាអែលវាយប្រហារមូលដ្ឋានទ័ពអាកាសស៊ីរី

(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា អ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានទ័ពអាកាស T-4 នៅភាគកណ្តាលនៃប្រទេសស៊ីរី  នៅទីក្រុងហូម ប៉ុន្តែមិនរងការខូចខាតធំដុំនោះទេ។ នៅក្នុងសេចក្តីប្រកាសរបស់កងទ័ពស៊ីរីបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ព ប៉ុន្តែមីស៊ីលភាគច្រើនត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរីបាញ់ស្ចាក់។

ទោះជាយ៉ាងណាក៏ដោយ នៅតែមានមីស៊ីលចំនួន ៤ គ្រាប់បានបាញ់ចំទៅលើមូលដ្ឋានទ័ពនេះផងដែរ។ សេចក្តីប្រកាសនេះ ក៏បានឲ្យដឹងបន្ថែមថា ការវាយប្រហារនេះ ត្រូវបានអនុវត្តពីគោលដៅ al-Tanf នៅភាគអាគ្នេយ៍នៃប្រទេសស៊ីរី ដែលជាកន្លែងមានមូលដ្ឋានកងទ័ពរបស់អាមេរិក។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរីបានឲ្យដឹងថា ការវាយប្រហារនេះបានបង្កការខូចខាតនៅអាកាសយានដ្ឋានយោធា T-4 ប៉ុន្តែមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ សូមគូសបញ្ជាក់ថា នេះជាការវាយប្រហារតាមអាកាសថ្មីបំផុតរបស់អ៊ីស្រាអែលសំដៅទៅលើទីតាំងយោធានៅស៊ីរី ដែលអ៊ីស្រាអែលប្រកាសជាញឹកញាប់ថា កន្លែងនេះគឺជាទីឈរជើងរបស់ខ្មាន់កាំភ្លើងដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ