ឧប្បត្តិហេតុភេរវកម្មនៅទីក្រុងម៉ូស្គូ៖ រុស្ស៊ីខ្វល់ថាអ្នកណាជាមេផ្តើមគំនិតពិតប្រាកដ

(VOVWORLD) - កាលពីថ្ងៃទី ២៥ ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីវិធានការនានាដែលត្រូវបានធ្វើឡើងបន្ទាប់ពីការវាយប្រហារភេរវកម្មនៅសាលប្រគំតន្ត្រី Crocus City Hall ក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃទី ២២ ខែមីនា។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានាធិបតីរុស្ស៊ី លោក Putin បានអះអាងថា ក្នុងគ្រាដ៏លំបាកនេះ រុស្ស៊ីបានបង្ហាញគំរូនៃសាមគ្គីភាព ភាពស្អិតរមួត និងការគាំទ្រគ្នាទៅវិញទៅមក។ លោកបានស្នើឲ្យការស៊ើបអង្កេតត្រូវបានធ្វើឡើងប្រកបដោយវិជ្ជាជីវៈនិងសត្យានុម័ត ដោយគ្មានភាពលម្អៀងខាងនយោបាយណាមួយឡើយ។ លោកប្រធានាធិបតី Putin ក៏បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីខ្វល់ថា នរណាជាមេផ្តើមគំនិតពិតប្រាកដ។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី លោក Bastrykin បានឲ្យដឹងថា ជនរងគ្រោះពីរនាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហារភេរវកម្មឡើងដល់ ១៣៩នាក់ ហើយមនុស្ស ១៨២ នាក់រងរបួស។ នាថ្ងៃដដែលនោះ រុស្ស៊ីបានចាប់ខ្លួនជនសង្ស័យមួយចំនួនទៀតក្នុងការវាយប្រហារភេរវកម្មនេះ។

ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិគឺចាំបាច់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ប៉ុន្តែដំណើរការសន្ទនាលើបញ្ហានេះកំពុងរងការអាក់ខាន ដោយសារតែភាពតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក។ លោក Dmitry Peskov បានឲ្យដឹងថា កងកម្លាំងពិសេសរបស់រុស្ស៊ីកំពុងប្រតិបត្តិដោយឯករាជ្យ ក្នុងការងារពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅសាលប្រគំតន្ត្រី Crocus City Hall ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ