កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន៖ នៅតែមានបញ្ហាប្រឈមជាច្រើន

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក សហគមន៍អន្តរជាតិបានអំពាវនាវម្តងហើយម្តងទៀតឱ្យរុស្ស៊ី អ៊ុយក្រែន និងភាគីពាក់ព័ន្ធនានាក្នុងជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន ឈានមករកបទឈប់បាញ់មួយក្នុងពិធីបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ ពីនោះបើកផ្លូវសម្រាប់ការចរចាសន្តិភាពឆ្ពោះទៅរកការបញ្ឈប់ជម្លោះយោធាយ៉ាងពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើតថភាព សមរភូមិ និងបរិបទអន្តរជាតិបច្ចុប្បន្ន ក្ដីសង្ឃឹមឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ ត្រូវបានគេចាត់ទុកថា នៅតែមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

ជិត ១០ ខែក្រោយពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ស្ថានភាពជម្លោះនៅអ៊ុយក្រែននៅតែមានភាពស្មុគស្មាញខ្លាំង។

ស្ថានភាពដ៏ស្មុគស្មាញ

ការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងភាគីទាំងពីរត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃនៅតាមសមរភូមិជាច្រើន នៅក្នុងតំបន់ទាំង៤ ដែលបានប្រកាសបំបែកខ្លួនចេញពីអ៊ុយក្រែន ហើយរុស្ស៊ីបានសម្រេចចិត្តបញ្ចូលក្នុងទឹកដីផ្ទាល់ខ្លួននោះគឺ Kherson, Zaporizhzhia នៅភាគខាងត្បូង និង Donetsk Lugansk នៅភាគខាងកើត។

គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ កងទ័ពរុស្ស៊ីបានជំរុញខ្លាំងការវាយប្រហារដោយយន្តហោះដ្រូន UAV និងមីស៊ីលរយៈចម្ងាយឆ្ងាយទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល រួមទាំងប្រព័ន្ធអគ្គិសនី នៅទីក្រុងធំៗភាគច្រើនរបស់អ៊ុយក្រែន ដែលបង្កឡើងការខ្វះខាតថាមពលយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជនអ៊ុយក្រែនរាប់លាននាក់ក្នុងរដូវរងារដ៏ត្រជាក់ខ្លាំងនេះ។

ក្នុងបរិបទនោះ លោកខាងលិចបន្តបង្កើនជំនួយហិរញ្ញវត្ថុ និងជាពិសេសអាវុធធុនធ្ងន់ទំនើបៗជាច្រើនដល់កងទ័ពអ៊ុយក្រែន ហើយបានសន្យារក្សាជំនួយរយៈពេលវែងដល់ទីក្រុងគៀវ។ កាយវិកានេះធ្វើឲ្យកម្រិតនៃការប្រយុទ្ធគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែកាចសាហាវ ពិបាកទស្សន៍ទាយលទ្ធផល។ វាក៏មានន័យផងដែរថា ឱកាសសម្រាប់ការចរចាសន្តិភាពនឹងជួបប្រទះនឹងបញ្ហាប្រឈមកាន់តែច្រើន ឬយ៉ាងហោចណាស់ត្រូវការពេលវេលាបន្ថែមទៀតដោយផ្អែកលើតថភាពសមរភូមិ។

បញ្ហាប្រឈមនិងការរំពឹងទុក

ក្នុងរយៈពេលកន្លងមក សហគមន៍អន្តរជាតិបានដាស់តឿនជាបន្តបន្ទាប់ឲ្យប្រទេសរុស្ស៊ី អ៊ុយក្រែន និងភាគីពាក់ព័ន្ធដទៃទៀត ឆ្ពោះទៅរកបទឈប់បាញ់មួយក្នុងឱកាសបុណ្យណូអែល និងឆ្នាំសកលខាងមុខនេះ។ ហើយថ្មីនេះនិងគួរឱ្យកត់សម្គាល់បំផុតនោះគឺការអំពាវនាវរបស់សម្តេចប៉ាប Francis ប្រមុខបុរីវ៉ាទីកង់នៅថ្ងៃទី ១៤ ខែធ្នូ។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានចាត់ទុកថា រុស្ស៊ីគួរតែដកទ័ពចេញពីអ៊ុយក្រែនមុនថ្ងៃបុណ្យណូអែល។

ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពឈានដល់បទឈប់បាញ់ក្នុងអំឡុងបុណ្យណូអែល និងចូលឆ្នាំសកល ត្រូវបានគេចាត់ទុកថា មិនខ្ពស់នោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងម៉ូស្គូ នៅពេលត្រូវបានសួរថា តើរុស្ស៊ីនឹងពិចារណាពីលទ្ធភាពឈប់បាញ់ក្នុងបុណ្យណូអែល ឬឆ្នាំសកល ប្រសិនបើអ៊ុយក្រែនស្នើដែរឬអត់ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា "គ្មានសំណើបែបនេះពីនរណាម្នាក់ទេ ប្រធានបទនេះមិនស្ថិតនៅក្នុងរបៀបវារៈនោះទេ"។ នៅថ្ងៃដដែល អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ក៏បាននិយាយផងដែរថា ដោយផ្អែកលើទ្រង់ទ្រាយនៃការប្រយុទ្ធបច្ចុប្បន្ន លទ្ធភាពដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបញ្ចប់ក្នុងពេលឆាប់ៗនេះ គឺទាបណាស់។

ដោយមិនអើពើដល់យថាទស្សន៍មិនសូវមានសុទិដ្ឋិនិយមនោះ សាធារណៈមតិអន្តរជាតិនៅតែជឿជាក់ថា ការចរចាសន្តិភាពដើម្បីបញ្ឈប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែមានឱកាស។ មូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការជឿជាក់នោះ គឺការដែលថាភាគីទាំងពីរបានចរចា ហើយធ្វើការដោះដូរអ្នកទោសដោយជោគជ័យក្នុងរយៈពេលកន្លងមក ជាមួយនឹងអ្នកទោសរាប់រយនាក់ត្រូវបានដោះលែងទៅវិញទៅមក។ ការដោះដូរលើកចុងក្រោយនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែធ្នូ នៅពេលដែលរុស្ស៊ីបានបញ្ជូនអ្នកទោសចំនួន ៦៥ នាក់ទៅឲ្យភាគីអ៊ុយក្រែន រួមទាំងពលរដ្ឋអាមេរិកម្នាក់ផងដែរ។

ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺទាំងរុស្ស៊ី អ៊ុយក្រែន និងប្រទេសជាច្រើនដែលមានផលប្រយោជន៍ពាក់ព័ន្ធ ជាពិសេសអឺរ៉ុប បានដឹងយ៉ាងច្បាស់លាស់ថា ជម្លោះយោធាកាន់តែអូសបន្លាយ ការខាតបង់ចំពោះភាគីពាក់ព័ន្ធកាន់តែធំ មិនថាអ្នកណាយកឈ្នះជាទីចុងក្រោយនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយ ការខិតខំប្រឹងប្រែង និងសុច្ឆន្ទៈរបស់ភាគីនានា ដូចរយៈពេលកន្លងមក គឺមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែចាំបាច់ត្រូវជំរុញយ៉ាងសកម្ម និងបង្ហាញឲ្យបានខ្លាំងក្លាបន្ថែមទៀតនៅពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ