កិច្ចព្រមព្រៀងចំណាកស្រុក EU៖ មានឆន្ទៈនយោបាយហើយ ត្រូវការមានការស្រុះចិត្តគំនិតដើម្បីអនុវត្តន៍

(VOVWORLD) - កិច្ចប្រជុំកំពូលអឺរ៉ុបដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សម្រេចបាននូវកិច្ចព្រមព្រៀងមួយស្ដីពីការដោះស្រាយបញ្ហា ជនភៀសខ្លួន។ បើទោះបីប្រការនេះត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយក្ដី ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគព្រួយបារម្ភថា នៅតែមានការខ្វែងគំនិតជាច្រើនដែលប្លុក អឺរ៉ុបនេះត្រូវជំនះពុះពារដើម្បីឈានដល់ការអនុវត្ត។
កិច្ចព្រមព្រៀងចំណាកស្រុក EU៖ មានឆន្ទៈនយោបាយហើយ ត្រូវការមានការស្រុះចិត្តគំនិតដើម្បីអនុវត្តន៍ - ảnh 1EU សម្រេចបាននូវកិច្ចព្រមព្រៀងមួយស្ដីពីការដោះស្រាយបញ្ហាជនភៀសខ្លួនកាលពីថ្ងៃទី២៩ មិថុនា (រូបថត៖ Al Jazeera) 

  ចាប់ពីពេលដែលវិបត្តិជនចំណាកស្រុកផ្ទុះឡើងមក EU ត្រូវប្រឈមមុខនឹងការសាកល្បងដ៏ធ្ងន់ធ្ងរកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្វីត្បិតតែប្រទេសជាសមាជិកទាំងអស់បានខិតខំប្រឹងប្រែងដោះស្រាយក៏ដោយ ប៉ុន្តែភាពខុសប្លែកក្នុងការទាក់ទងនឹងបញ្ហានៃប្រទេសនីមួយៗ បានបណ្ដាលឲ្យអឺរ៉ុបកាន់តែឃ្លាតពីគ្នាក្នុងបញ្ហានេះពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះ ការសម្រេចបានកិច្ចព្រមព្រៀងមួយនាគ្រោះនេះ ត្រូវបានចាត់ទុកថា ជាការបោះជំហានដ៏លោតផ្លោះមួយរបស់EU។

        ការបោះជំហានវិជ្ជមាន

        តាមកិច្ចព្រមព្រៀងខាងលើថា ប្រទេសជាសមាជិក EU ទាំង២៨ នឹងបង្កើតមជ្ឈមណ្ឌលត្រួតត្រានៅលើដែនដី EU សំដៅទទួលជនចំណាកស្រុក ដែលត្រូវបានជួយសង្គ្រោះនៅលើសមុទ្រ។ មូលដ្ឋានទាំងនេះនឹងត្រូវបានដាក់ពង្រាយនៅប្រទេសស្ម័គ្រចិត្តនានា ហើយជួយសម្គាល់អ្នកណាដែលមានលក្ខណៈសុំជ្រកកោនដ៏គ្រប់គ្រាន់ និងអ្នកណាធ្វើចំណាកស្រុកដោយសារលក្ខណៈសេដ្ឋកិច្ចប៉ុណ្ណោះ។ នេះត្រូវបានចាត់ទុកថា ជាចំណុចលោតផ្លោះមួយបើប្រៀបនឹងវិធានការមុនៗ ព្រោះថា មុននេះមានប្រទេសជាច្រើនបានប្រឆាំងជំទាស់ការបង្កើតមូលដ្ឋានទទួលជនចំណាកស្រុកខាងលើ។

        ក្រៅពីនោះ EU បានឯកភាពគ្នាលើរបៀបទាក់ទងដ៏ពេញលេញជាមួយបញ្ហាជនចំណាកស្រុក រួមមានការត្រួតត្រាប្រកបដោយប្រសិទ្ធភាពនៅខាងក្រៅព្រំដែន EU ហើយបន្តរាំងស្កាត់ការចំណាកស្រុកដោយខុសច្បាប់តាមរយៈខ្សែផ្លូវទាំងអស់។ កិច្ចព្រមព្រៀងថ្មីនេះក៏បញ្ជាក់ថា EU នឹងជួយឧបត្ថម្ភជាច្រើនថែមទៀតចំពោះប្រទេសអ៊ីតាលីនិងតំបន់សមុទ្រមេឌីទេរ៉ាណេ ដើម្បីរាំងស្កាត់អ្នកជួញដូរមនុស្សពីលីប៊ីនិងប្រទេសផ្សេងៗទៀត។

        កិច្ចព្រមព្រៀងថ្មីរបស់ EU ទទួលបានប្រតិកម្មល្អជាច្រើន។ ស្ថាប័នជួយសង្គ្រោះនានារបស់អ.ស.បសុទ្ធតែអបអរសាទរកិច្ចព្រមព្រៀងនេះ។ ក្នុងពេលនោះ តំណាងអង្គការចំណាកស្រុកអន្តរជាតិអ.ស.បចាត់ទុកថា វិធានការទាំងអស់អំពីបញ្ហាជនចំណាកស្រុក ត្រូវទទួលបានការស្រុះចិត្តគំនិតរបស់ប្លុក EUទាំងមូល ដើម្បីជួយឧបត្ថម្ភឲ្យប្រទេសជាច្រកទ្វារដើម្បីជនចំណាកស្រុកចូលក្នុងប្លុកនេះដូចជាអ៊ីតាលី។

        នៅមានការខ្វែងគំនិតជាច្រើនត្រូវការដោះស្រាយ

        បើទោះបីកិច្ចព្រមព្រៀងខាងលើត្រូវបានចាត់ទុកថា ជាការបោះជំហានវិជ្ជមានមួយក្ដី ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគនិងថ្នាក់ដឹកនាំ EU ផ្ទាល់ខ្លួនក៏សង្កត់ធ្ងន់ថាវាជាឆាប់ពេកដើម្បីនិយាយដល់ជោគជ័យនៃកិច្ចព្រមព្រៀងនេះ។ ដោយសារក្នុងកិច្ចព្រមព្រៀងនេះមានចំណុចជាច្រើនត្រូវបានទុកចំហ ហើយមានការលំបាកជាច្រើនដែលប៉ះពាល់ដល់ដំណើរការអនុវត្តកិច្ចព្រមព្រៀងនេះ។

        ទីមួយគឺ បើទោះបីយល់ព្រមអំពីការបង្កើតមូលដ្ឋានទទួលជនចំណាកស្រុកនៅខាងក្រៅដែនដី EU និងមជ្ឈមណ្ឌលត្រួតត្រានៅលើដែនដី EU ក្ដី ប៉ុន្តែមិនទាន់ដឹងទីតាំងជាក់លាក់នៅឡើយ។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលត្រួតត្រានៅលើដែនដីអឺរ៉ុបត្រូវបានកសាងឡើងតាមស្មារតីស្ម័គ្រចិត្ត។ ដោយសារកត្តា“ស្ម័គ្រចិត្ត” នេះ បារាំង អ៊ីតាលី ឬអេស្ប៉ាញ់ សុទ្ធតែបដិសេធការកសាងមជ្ឈមណ្ឌលនេះនៅលើដែនដីប្រទេសខ្លួន។

        ទីពីរ ការខ្វែងគំនិតធំបំផុតនៅសេសសល់រវាងប្រទេសអឺរ៉ុបនានានោះគឺការកែតម្រូវ ឬលុប ចោលបទបញ្ញត្តិដែលថា ជនភៀសខ្លួនមកដល់ប្រទេសណាដំបូង គឺប្រទេសនោះត្រូវមានការទទួលខុសត្រូវ។ កិច្ចព្រមព្រៀងថ្មីនេះត្រឹមតែឲ្យដឹងថា EU នឹងបន្តស្រាវជ្រាវអំពីបញ្ហានេះ ហើយមិនដាក់ចេញកាលកំណត់ជាក់លាក់ណាមួយឡើយ។

        ខាងមុខនៅមានការសាកល្បងជាច្រើន។ ពិតណាស់ថា ក្នុងប៉ុន្មានថ្ងៃខាងមុខ ថ្នាក់ដឹកនាំ EU នឹងត្រូវឈឺក្បាល់ដើម្បីរិះរកដំណោះស្រាយដែលអាចឆ្លើយតបនឹងគោលបំណងដ៏សម្បូរបែបនិងផ្ទុយគ្នារបស់ប្រទេសជាសមាជិកនានាក្នុងការដោះស្រាយវិបត្តិជនចំណាកស្រុកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ