កិច្ចសហប្រតិបត្តិការ OECD-អាស៊ីអាគ្នេយ៍ កាន់តែជិតស្និទ្ធ និងសញ្ញាសម្គាល់របស់វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានសម្របសម្រួលជាមួយក្រសួងការបរទេសវៀតណាម និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមរៀបចំវេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២។ វេទិកានេះគឺជាសកម្មភាពសំខាន់មួយក្នុងចំនួនសកម្មភាពសំខាន់ៗជាច្រើន ក្រោមកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) ២០២២ របស់ OECD ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃ ១៧ និង ១៨ ខែតុលា នៅទីក្រុងហាណូយ ដោយបានទាក់ទាញការចូលរួមរបស់ភ្ញៀវកិត្តិយសរាប់រយនាក់តំណាងឱ្យខឿនសេដ្ឋកិច្ចចំនួន ៣៨នៃ OECD និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

កិច្ចសហប្រតិបត្តិការ OECD-អាស៊ីអាគ្នេយ៍ កាន់តែជិតស្និទ្ធ និងសញ្ញាសម្គាល់របស់វៀតណាម - ảnh 1ព្រឹទ្ធសមាជិក Tim Ayres សហរដ្ឋមន្ត្រីពាណិជ្ជកម្ម និងផលិតរបស់ប្រទេសអូស្ត្រាលី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកានេះ (រូបថត៖ Nguyen Hong/ baoquocte.vn)

ព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្រោម SEARP ២០២២ ដែលរៀបចំឡើងតាមគំនិតផ្តួចផ្តើមរបស់អូស្ត្រាលីនិងវៀតណាមជាសហប្រធាន បង្ហាញពីការអភិវឌ្ឍន៍ថ្មី ក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ និងមានប្រសិទ្ធភាពជាងមុន ដើម្បីវិបុលភាពរួម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងអង្គការ OECD ជាមួយសមាជិកដែលកំពុងមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងអាស៊ីអាគ្នេយ៍ - តំបន់សេដ្ឋកិច្ចថាមវន្តដែលដើរតួនាទីយ៉ាងសំខាន់ក្នុងផែនទីភូមិសាស្ត្រសេដ្ឋកិច្ចនៃតំបន់ និងពិភពលោក តំបន់សំខាន់ៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដូចជា កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP) កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាដើម។

ដំណើរការនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង OECD-អាស៊ីអាគ្នេយ៍

ដោយទទួលស្គាល់នូវតួនាទី និងទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសសមាជិកនីមួយៗ នៅក្នុងតំបន់ ចាប់តាំងពីឆ្នាំ ២០០៧ មក OECD បានជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ីអាគ្នេយ៍ ដោយចាត់ទុកតំបន់នេះជាអាទិភាពយុទ្ធសាស្ត្រ។ នៅឆ្នាំ ២០១៤ តាមគំនិតផ្តួចផ្តើមរបស់ ជប៉ុន "កម្មវិធី OECD អាស៊ីអាគ្នេយ៍" (SEARP) ត្រូវបានបង្កើតឡើង និងក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីតំបន់ទាំង ៦ របស់ OECD។ SEARP មានគោលបំណងគាំទ្រដល់ដំណើរការកំណែទម្រង់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ តាមរយៈការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ តាមនោះ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន លើវិស័យសហប្រតិបត្តិការចំនួន ១៣។ រហូតមកដល់ពេលនេះ សមិទ្ធិផលកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាច្រើនពីកម្មវិធីនេះ ត្រូវបានភាគីទាំងពីរទទួលស្គាល់ និងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

កិច្ចសហប្រតិបត្តិការ OECD-អាស៊ីអាគ្នេយ៍ កាន់តែជិតស្និទ្ធ និងសញ្ញាសម្គាល់របស់វៀតណាម - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើថា កិច្ចសហប្រតិបត្តិការរវាង OECD និងអាស៊ីអាគ្នេយ៍គួរតែធានានូវបាវចនានៃស្ថិរភាព និរន្តរភាព យុត្តិធម៌ សមភាព ការចែករំលែក និងផលប្រយោជន៍ទៅវិញទៅមក (រូបថត៖ Nguyen Hong/ baoquocte.vn)

នៅកម្មវិធី SEARP ២០២២ ភាគីទាំងពីរបានបន្តបង្ហាញពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តដើម្បីជំរុញបន្ថែមទៀតនូវដំណើរការកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ន។ ភាគីទាំងពីរក៏បានឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនទៀតស្តីពីពន្ធដារ ថាមពលស្អាត គោលនយោបាយវិនិយោគ ...។ ទន្ទឹមនឹងនោះ ក៏បានអនុម័តលើផែនការសកម្មភាពសហប្រតិបត្តិការអាស៊ាន - OECD និងផែនការសកម្មភាពសហប្រតិបត្តិការវៀតណាម - OECD ដំណាក់កាល ២០២២ - ២០២៦។

ដូច្នេះក្នុងឆ្នាំ ២០២២នេះ OECD និងអាស៊ីអាគ្នេយ៍បានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាច្រើន។ មុននោះ នាថ្ងៃទី ៩ កុម្ភៈ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង OECD បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ “កម្មវិធី OECD អាស៊ីអាគ្នេយ៍” (SEARP) ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមសាក្សីរបស់សហប្រធាន SEARP កូរ៉េខាងត្បូង និងថៃ (អាណត្តិ ២០១៨-២០២២) វៀតណាម និងអូស្ត្រាលី (អាណត្តិ ២០២២-២០២៥)។ អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានគោលបំណងពង្រឹងភាពជាដៃគូដ៏ទូលំទូលាយ បរិយាប័ន្ននិងឆ្ពោះទៅមុខរវាងអាស៊ាន និង OECD និងគាំទ្រដល់ការអនុវត្តផែនការមេក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និង OECD ក្នុងក្រុមប្រឹក្សាសង្គម-វប្បធម៌អាស៊ានឆ្នាំ ២០២៥។

ឋានៈនិងសញ្ញាសម្គាល់របស់វៀតណាម

អាចមើលឃើញថា ដំណើរការកិច្ចសហប្រតិបត្តិការជាមួយនឹងសមិទ្ធិផលសំខាន់ៗជាច្រើនរវាង OECD និងអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះជាសញ្ញាសម្គាល់នៃការរួមចំណែករបស់វៀតណាម។

ចាប់តាំងពីកម្មវិធី SEARP ត្រូវបានបង្កើតឡើង (២០១៤) វៀតណាមតែងតែជាសមាជិកសកម្មនៃកម្មវិធី។ ជារៀងរាល់ឆ្នាំ វៀតណាមតែងតែបញ្ជូនគណៈប្រតិភូទៅចូលរួម និងផ្តល់មតិយោបល់នៅវេទិកាតំបន់របស់ OECD ក្នុងក្របខ័ណ្ឌនៃកម្មវិធី SEARP។ ក្នុងអំឡុងឆ្នាំ ២០១៦-២០២០ វៀតណាមបានសម្របសម្រួលជាមួយ OECD ដើម្បីរៀបចំព្រឹត្តិការណ៍ និងសិក្ខាសាលាសំខាន់ៗជាច្រើន។ សមត្ថភាព និងការរួមចំណែកសំខាន់ៗរបស់វៀតណាមចំពោះកម្មវិធី SEARP ត្រូវបានទទួលស្គាល់តាមរយៈការដែល វៀតណាមទទួលបានការជឿទុកចិត្តកាន់ដំណែងជាសហប្រធាននៃកម្មវិធីជាលើកដំបូងជាមួយអូស្ត្រាលីសម្រាប់រយៈពេល ២០២២-២០២៥។ នេះត្រូវបានចាត់ទុកថាជាព្រឹត្តិការដ៏សំខាន់ និងមានអត្ថន័យ ព្រោះ ជាលើកទីមួយហើយដែលវៀតណាមបានកាន់តំណែងជាប្រធានយន្តការស្តង់ដារខ្ពស់នៃអង្គការដែលវៀតណាមមិនមែនជាសមាជិក (OECD)។

កិច្ចសហប្រតិបត្តិការ OECD-អាស៊ីអាគ្នេយ៍ កាន់តែជិតស្និទ្ធ និងសញ្ញាសម្គាល់របស់វៀតណាម - ảnh 3ប្រតិភូពិភាក្សានៅខាងក្រៅវេទិកា (រូបថត៖ Nguyen Hong/ baoquocte.vn)

ចែករំលែកនៅក្នុងវេទិការដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នៅថ្ងៃទី ១៧ ខែតុលា អគ្គលេខាធិការ OECD លោក Mathias Cormann បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានកាន់តំណែងជាសហប្រធាននៃ SEARP ជាលើកដំបូងសម្រាប់អាណត្តិ ២០២២-២០២៥ ។ ប្រការនេះបានបញ្ជាក់ពីទំនុកចិត្តរបស់ប្រទេសសមាជិក OECD និងបណ្តាប្រទេសក្នុងតំបន់ចំពោះសមត្ថភាពរបស់វៀតណាមក្នុងការផ្សារភ្ជាប់ប្រកបដោយប្រសិទ្ធភាព OECD ជាមួយតំបន់។ អគ្គលេខាធិការ OECD ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមសម្រាប់កម្មវិធី

SEARP ក្នុងនាមសហប្រធាន ជាពិសេសក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់របស់ OECD នៅវៀតណាម ព្រមទាំងបានអះអាងថា លោកនឹងបន្តសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ OECD ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអនុវត្តន៍ផែនការសកម្មភាព OECD-អាស៊ាន។

ចំណែកខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីអចិន្រៃយ៍លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាសហប្រធានកម្មវិធី SEARP ដំណាក់កាលឆ្នាំ ២០២២-២០២៥ វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង OECD និងអាស៊ីអាគ្នេយ៍ឱ្យកាន់តែទូលំទូលាយ ប្រសិទ្ធភាព និងជាក់ស្តែងប្រកបដោយគុណភាព និងនិរន្តរភាពថែមទៀត។

SEARP 2022 គឺជាភស្តុតាងថ្មី និងច្បាស់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងអង្គការ/យន្តការសហប្រតិបត្តិការសេដ្ឋកិច្ចធំៗពីរនៅលើពិភពលោក។ ទន្ទឹមនឹងនោះ ក៏អះអាងនូវតួនាទីសំខាន់ និងការរួមចំណែករបស់វៀតណាមក្នុងដំណើរការសហប្រតិបត្តិការនេះ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ