ការទូតបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ

(VOVWORLD) - ក្នុងសម័យប្រជុំលើកទី ៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី ១៨ មិនា ប្រមុខក្រសួងការបរទេសវៀតណាម លោករដ្ឋមន្ត្រី Bui Thanh Son បានឆ្លើយសំណួរដេញដោលរបស់សមាជិកសភាស្ដីពីស្ថានភាពជាក់ស្ដែងក្នុងការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និងដំណោះស្រាយជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ការងារជួយឧបត្ថម្ភពង្រីកទីផ្សារទំនិញនាំចេញ ជួយឧបត្ថម្ភសហគ្រាសវៀតណាមវិនិយោគនៅបរទេស។
ការទូតបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ - ảnh 1ទិដ្ឋភាពនៃសម័យសួរដេញដោលលើក្រុមបញ្ហាក្នុងវិស័យការទូត។ រូបថត៖ quochoi.vn

យោងតាមលោករដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថាចាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្ស (ឆ្នាំ ២០២១) មក វៀតណាមបានចរចារ និងចុះហត្ថលេខាលើ FTA ចំនួន ៥ បន្ថែមទៀត (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី) ទ្វេភាគី និងពហុភាគី នាំចំនួន FTA សរុបដែលកំពុងចរចា ចុះហត្ថលេខា និងអនុវត្តន៍រហូតមកដល់បច្ចុប្បន្នគឺមានចំនួន ១៩ FTA ក្នុងនោះ FTA ចំនួន ១៦បានចូលជាធរមានជាមួយដៃគូជាង ៦០ គ្របដណ្តប់លើគ្រប់ទ្វីបទាំងអស់ ស្រូបយកភាគច្រើន GDP សកលលោក នាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសជួរមុខក្នុងតំបន់អំពីការចូលរួមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ ក្នុងឆ្នាំ២០២៣ ចក្រភពអង់គ្លេសបានទទួលស្គាល់លក្ខន្តិកៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ហើយខ្លឹមសារពិចារណាទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សារនេះក៏ត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការរួមបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកផងដែរ។ នាបច្ចុប្បន្ន ដៃគូមកពីប្រទេស និងដែនដីសរុបចំនួន៧២ បានទទួលស្គាល់ថាវៀតណាមមានបទបញ្ញត្តិសេដ្ឋកិច្ចទីផ្សា។

ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសម្រាប់នាំចេញ តភ្ជាប់សហគ្រាសរវាងក្រសួង និងស្ថាប័ននានា

ច្បាមជាប់គោលការណ៍របស់បក្សស្ដីពីការកសាងខឿនការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍប្រទេសជាតិ នារយៈពេលកន្លងទៅ ក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាមនៅបរទេសបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហពាណិជ្ជកម្ម និងក្រសួង ស្ថាប័ន តំបន់ អាជីវកម្មជំរុញខ្លាំងសកម្មភាពពង្រីកការនាំចេញ។ ក្នុងនោះ ផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែនរវាងវៀតណាម ជាមួយប្រទេសជិតខាង។ ក្រសួងការបរទេសបានសហការយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធថ្នាក់មជ្ឈឹម សហការជាមួយតំបន់នានាដើម្បីសិក្សា វាយតម្លៃ និងអនុវត្តន៍។ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា៖

“ជាមួយចិន យើងបានតភ្ជាប់គ្នាតាមផ្លូវគោករួចជាស្រេច ហើយកំពុងបន្តធ្វើផ្លូវដែក ដើម្បីតភ្ជាប់ជាមួយដៃគូ។ ទីពីរគឺចរចាជាមួយដៃគូអំពីបទប្បញ្ញត្តិ និងស្តង់ដារទំនិញ សម្រាប់យើងនាំចេញជាផ្លូវការ ព្រោះថាទំនិញវៀតណាមបច្ចុប្បន្ននេះមានគុណភាពខ្ពស់ណាស់។ យើងពិតជាអាចធ្វើបាន ហើយតាមនោះរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែងប្រកបដោយនិរន្តរភាពផងដែរ”។

ក្នុងបរិបទដែលទីផ្សារនាំចេញទៅកាន់អឺរ៉ុប (ភាគច្រើនជាសម្លៀកបំពាក់ និងស្បែកជើង) ជួបប្រទះនឹងការលំបាកជាច្រើន វៀតណាមម្ចាស់ការ និងប្រកបដោយភាពបតបែនក្នុងការស្វែងរកទីផ្សារថ្មី ទាញយកផលិតផលថ្មីៗ ជាពិសេសគឺកសិផល និងរុក្ខផល។ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ក្រៅពីទីផ្សារប្រពៃណី ក្រសួងការបរទេសក៏បានប្រគល់ភារកិច្ចដល់ឯកអគ្គរដ្ឋទូតសកម្មស្វែងរក ពង្រីកទីផ្សារ ជាពិសេសគឺទីផ្សារមជ្ឈិមបូព៌ា-អាហ្វ្រិកដែលមានសក្តានុពលជាច្រើន ៖

“បច្ចុប្បន្នយើងខ្ញុំកំពុងសហការជាមួយក្រសួង ស្ថាប័ននានា ដើម្បីអនុវត្តន៍ការងារមួយចំនួន។ ទីមួយ ដឹកនាំស្ថាប័នតំណាងការទូតបន្តជួយឧបត្ថម្ភខេត្ត ក្រុង អាជីវកម្ម ចូលរួមសកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្សព្វផ្សាយផលិតផល ដែលមានប្រៀបខ្លាំងចូលតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក ជាពិសេសគឺតំបន់ឈូងសមុទ្រពែក្ស។ ទីពីរ បន្តជួយឧបត្ថម្ភនាំចេញផលិតផលដែលមានប្រៀបខ្លាំង ជាពិសេសគឺផលិតផលពីឈើទៅកាន់ទីផ្សារមជ្ឈិមបូព៌ា-អាហ្វ្រិក។ ទន្ទឹមនឹងនោះ អំពាវនាវវិនិយោគពីមូលនិធិវិនិយោគនៅតំបន់មជ្ឈិមបូព៌ា លើវិស័យដែលពួកគេចាប់អារម្មណ៍ ដូចជា logistic ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញផងដែរ”។

ជំរុញការទូតសេដ្ឋកិច្ចបន្ថែមទៀត

ការទូតបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ - ảnh 2លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានឆ្លើយសំណួរ។ រូបថត៖ quochoi.vn

ក្នុងបរិបទ ដែលការព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមានការលំបាកជាច្រើន ហើយការវិវឌ្ឍមិនអាចទាយទុកជាមុនបាន ទំនិញវៀតណាមកំពុងប្រឈមនឹងការសាកល្បងជាច្រើន ខណៈដែលទីផ្សារធំៗបានកំណត់ស្តង់ដារថ្មីកាន់តែខ្លាំងឡើងទាក់ទងនឹងខ្សែសង្វាក់ផ្គត់ផ្គង់ វត្ថុធាតុដើមស្អាត ពលករ បរិស្ថាន អភិបាលកិច្ច និងប្រភពដើមចំពោះផលិតផលនាំចូល។ ដូច្នេះហើយ ក្រសួងការបរទេសបានកំណត់ថាការទូតសេដ្ឋកិច្ចត្រូវតែជំរុញបន្ថែមទៀត។

ក្រៅពីការបន្តធ្វើជាសេនាធិការឲ្យរដ្ឋាភិបាលជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលជាទីផ្សារធំ និងសំខាន់របស់វៀតណាម វិស័យការទូតក៏បានសហប្រតិបត្តិការឆ្ពោះទៅមុខ បើកផ្លូវ ចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ថ្មីតាមទិសដៅសម្រិតសម្រាំង និងផ្តល់អាទិភាពដល់ FTA ជំនាន់ថ្មី ដោយផ្អែកលើគោលការណ៍ធានាឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិ។ ក្រសួងក៏បានបង្កើនការដឹកនាំស្ថាប័នតំណាង និងស្ថាប័នពាណិជ្ជកម្មវៀតណាមនៅបរទេសក្ដាប់ជាប់ព័ត៌មានទីផ្សារ បទប្បញ្ញត្តិ និងគោលនយោបាយថ្មីរបស់ប្រទេសសាមី ព្រមានអំពីហានិភ័យ របាំងបច្ចេកទេស និងគ្រោះអាសន្នជម្លោះពាណិជ្ជកម្មឲ្យទាន់ពេលវេលា ដើម្បីធ្វើជាសេនាធិការឲ្យរដ្ឋាភិបាល ស្ថាប័ន តំបន់ និងសហគ្រាសនានាក្នុងប្រទេសស្ដីពីឱកាសថ្មីក្នុងការពង្រីកទីផ្សារ កែសម្រួលគោលនយោបាយឲ្យសមស្រប ការពារផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ធុរកិច្ច និងប្រជាជនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ