ការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ នៅតែមានឧបសគ្គជាច្រើន

(VOVWORLD) - ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីបន្តការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ត្រូវបានគេស្គាល់ផងដែរថា ជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងប្រទេសមហាអំណាចចំនួន៦) នាពេលកន្លងមក ភាគីពាក់ព័ន្ធបានបន្តការចរចាជាបន្តបន្ទាប់នៅទីក្រុងវីយ៉ែន
(អូទ្រីស)។ ក្នុងនោះ ជុំចរចាថ្មីបំផុតដែលទើបតែបានធ្វើឡើងគឺជាជុំចរចាទី៩ ជាប់ៗ គ្នាក្នុងរយៈពេលមិនដល់មួយឆ្នាំកន្លងមក។ វឌ្ឍនភាពសំខាន់ៗមួយចំនួនត្រូវបាន កត់សម្គាល់។ ទោះយ៉ាងណាក៏ដោយ ភាគីទាំងនោះក៏បានទទួលស្គាល់ដោយត្រង់ថា ឧបសគ្គ និងបញ្ហាប្រឈមនៅតែមានច្រើន។

ការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ នៅតែមានឧបសគ្គជាច្រើន - ảnh 1មជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ Natanz របស់អ៊ីរ៉ង់។ (រូបថត៖ AFP/TTXVN)
ការចរចាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់
នៅក្នុងសារមួយនៅលើគណនី Twitter នៅថ្ងៃទី ៣ ខែមីនា អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា ការចរចានៅទីក្រុង វីយ៉ែននៅកំពុងបន្តប្រព្រឹត្តទៅ។ ២ថ្ងៃមុននេះ មន្ត្រីរូបនេះបានបញ្ជាក់ថា ការចរចាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ភាគីនានាបានឈានដល់ការមូលមតិគ្នា ជាឯកឆន្ទលើបញ្ហាភាគច្រើន ហើយលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងមួយគឺ "ស្ថិតនៅក្នុងរង្វង់ដៃ" ហើយ។
ដោយចែករំលែកទស្សនៈដូចគ្នាដែរ ប្រធានក្រុមចរចានុយក្លេអ៊ែររបស់រុស្ស៊ី លោក Mikhail Ulyanov បានចាត់ទុកថា ដំណើរការចរចាដើម្បីស្តារ កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ហើយដកទណ្ឌកម្ម កំពុងឈានដល់ទីបញ្ចប់។ ដូចគ្នានេះដែរ ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) លោក Wang Qun ក៏បានពណ៌នាដំណើរការចរចាថា កំពុង ស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយភាគីទាំងពីរសុទ្ធតែឃើញ មានក្តីសង្ឃឹម សម្រាប់ការស្តារកិច្ចព្រមព្រៀងឡើងវិញផងដែរ។
ចំណែកខាងអាមេរិកវិញ ទោះជាការវាយតម្លៃមានភាពប្រុងប្រយត្ន័បន្តិចក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏បានចាត់ទុកថា ការចរចា ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺស្ថិតក្នុងដំណាក់កាលមានលក្ខណៈសម្រេច ចិត្ត។ មុននោះ ពេលដែលភាគីនានាកំពុងរៀបចំខ្លួនចូលទៅជុំចរចាថ្មីបំផុត មន្ត្រី រដ្ឋបាលអាមេរិកមួយចំនួនក៏បាននិយាយផងដែរថា ត្រឹមតែមាន "ចម្ងាយខ្លី" មួយដើម្បី ឈានដល់កិច្ចព្រមព្រៀងប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ការខ្វែងគំនិតគ្នាស្នូល មិនត្រូវបានដោះ ស្រាយទាល់តែសោះ ភាគច្រើនរវាងអាមេរិកនិងអ៊ីរ៉ង់ ដូច្នេះផ្លូវខាងមុខនៅតែទាមទារ ឲ្យមានការឯកភាពពីភាគីពាក់ព័ន្ធ។
នៅមានឧបសគ្គជាច្រើនហើយត្រូវការការខិតខំប្រឹងប្រែងច្រើន
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh នៅតែមានបញ្ហាលេចធ្លោចំនួនបីក្នុងការចរចា រួមមាន៖ កម្រិតនៃការដកទណ្ឌកម្ម ប្រឆាំងនឹងអ៊ីរ៉ង់; ការធានាឲ្យសហរដ្ឋអាមេរិកនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងជាថ្មីម្តងទៀតនិងការអនុវត្តការសន្យានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកវិភាគជាច្រើនយល់ស្រប ថា ទាំងនេះគឺជាបញ្ហាស្នូលនៃកិច្ចព្រមព្រៀងចុងក្រោយ ហើយជាឧបសគ្គដ៏ធំបំផុត ដែលរារាំងបណ្ដាភាគីមិនឱ្យឈានដល់ការឯកភាពពេញ លេញ ទោះបីជាការចរចា ចំនួន៩ជុំត្រូវបានធ្វើឡើងចាប់ពីខែមេសា ឆ្នាំ ២០២១ ក៏ដោយ។ ក្នុងនោះ អ្វីដែលគួរឱ្យ ព្រួយបារម្ភបំផុតនោះគឺ បណ្ដាភាគីមិនទាន់បង្កើតការជឿទុកចិត្តគ្នានៅ ឡើយ ហើយ ប្រការនេះហាក់ដូចជាកំពុងធ្វើឱ្យលោកខាងលិចបាត់ការអត់ធ្មត់។
ការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ នៅតែមានឧបសគ្គជាច្រើន - ảnh 2អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price។ (រូបថត៖ AFP/TTXVN)
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១ខែមីនា អ្នកនាំពាក្យក្រសួងការ បរទេសអាមេរិក លោក Ned Price បានបញ្ជាក់ថា រដ្ឋអំណាចវ៉ាស៊ីនតោននិងសម្ព័ន្ធ មិត្តក៏បានរៀបចំផែនការ B ក្នុងករណីដែលការចរចាមិនជោគជ័យ។ ប្រការនេះត្រូវ បានចាត់ទុកជាសារព្រមានថា ការអត់ធ្មត់របស់លោកខាងលិចគឺមានកម្រិត ហើយ ទីក្រុងវ៉ាស៊ីនតោនមិនមានចេតនាបន្តប្រដេញតាមដោយគ្មានកាលកំណត់នូវការចរចា ដែលនាំមកនូវប្រសិទ្ធភាពទាបនោះទេ។ ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួង ការបរទេសបារាំងមួយរូបក៏បានចាត់ទុកថា ភាគីដែលចូលរួមចរចាគួរតែសម្រេច បានកិច្ចព្រមព្រៀងមួយ "ក្នុងរយៈពេលមួយសប្តាហ៍"។ រីឯខ្លួនវិញ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកច្បាស់ថា អ៊ីរ៉ង់នឹងមិនទទួល យកកាលកំណត់ណាមួយដែល លោកខាងលិចដាក់ចេញសម្រាប់ការស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរនោះទេ។
អាចមើលឃើញថា ទោះបីការចរចាសម្រេចបានវឌ្ឍនភាពដ៏ជាក់ស្ដែងក៏ដោយ ប៉ុន្តែភាពខុសគ្នាជាមូលដ្ឋាននៃទស្សនៈរបស់បណ្ដាភាគីនៅតែមានគម្លាត។ សរសេរ នៅលើគណនី Twitter កាលពីថ្ងៃទី៣ ខែមីនា អ្នកសម្របសម្រួលសហភាពអឺរ៉ុប (EU) លោក Enrique Mora បានចាត់ទុកថា ការចរចាដើម្បីស្ដារ JCPOA កំពុងស្ថិតក្នុង ដំណាក់កាលចុងក្រោយ ប៉ុន្តែ "ប្រាកដថាមិនមែនជាចុងក្រោយបំផុតទេ" ។ នេះជាដំណើរការចរចាដ៏ស្មុគស្មាញ ហើយគ្មានអ្វីៗដែលអាចធានាពីជោគជ័យរបស់វាទេ។ ដូច្នេះ ភាគីទាំងអស់នៅតែត្រូវរក្សាអំណត់ធ្មត់ដើម្បីឈានទៅស្វែងរកសំឡេងរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ