ចក្រភពអង់គ្លេស - សហរដ្ឋអាមេរិកចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាត្លង់ទិក៖ ឱកាសដើម្បីកែលម្អទំនាក់ទំនងពិសេស

(VOVWORLD) - ដំណើរទស្សនកិច្ចលើកដំបូងនៅសហរដ្ឋអាមេរិករបស់លោក Rishi Sunak ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេសចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ខែមិថុនា ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅពេលដែលភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាត្លង់ទិក។ សេចក្តីថ្លែងការណ៍នេះមិនត្រឹមតែកំណត់រូបរាងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលខាងមុខប៉ុណ្ណោះទេ ថែមទាំងបង្ហាញឱ្យឃើញ ថាទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋ អាមេរិកកំពុងមានភាពកក់ក្ដៅឡើងវិញ ក្រោយពីរង ផលប៉ះពាល់ក្នុងអំឡុងពេលយូរអង្វែងមួយដោយគោលនយោបាយកិច្ចការបរទេសក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump និងដំណើរការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស។

ចក្រភពអង់គ្លេស - សហរដ្ឋអាមេរិកចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាត្លង់ទិក៖ ឱកាសដើម្បីកែលម្អទំនាក់ទំនងពិសេស - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ The Guardian)

សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចក្រភពអង់គ្លេស (ស្រូបយក ១៦,៣% នៃទំហំពាណិជ្ជកម្មបរទេសសរុប)។ ផ្ទុយទៅវិញ ចក្រភពអង់គ្លេសជាដៃគូពាណិជ្ជកម្មធំទី៧របស់អាមេរិកផងដែរ។ ទំហំពាណិជ្ជកម្មទំនិញនិងសេវាកម្មសរុបរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកាលពីឆ្នាំមុនសម្រេចបានជិត ២៨០ ពាន់លានផោន (៣៥០ ពាន់លានដុល្លារអាមេរិក)។

កិច្ចព្រមព្រៀងសេដ្ឋកិច្ចខ្នាតតូច

ជាមួយនឹងសេចក្តីថ្លែងការណ៍អាត្លង់ទិក ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានឯកភាពជំរុញទំនាក់ទំនងពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗដូចជា៖ បញ្ញាសិប្បនិម្មិត (AI) ទូរគមនាគមន៍ 5G និង 6G កុំព្យូទ័រកង់ទិច semiconductors និងបច្ចេកវិទ្យាជីវសាស្រ្ត ដោយការសន្យាបន្ធូរស្រាលរបាំងការពារ រឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងការពារជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការការពារទិន្នន័យ។ លើសពីនេះ ដោយត្រូវបានចាត់ទុកជាការធ្វើសម្បទានដោយសហរដ្ឋអាមេរិក ខ្លឹម សារនៃសេចក្តីថ្លែងការណ៍អាត្លង់ទិកក៏បានលើកឡើង អំពីការកាត់បន្ថយផលប៉ះពាល់នៃច្បាប់កាត់បន្ថយអតិផរណា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែសីហាឆ្នាំមុន។ តាមរយៈកិច្ចព្រមព្រៀងស្ដីពីរ៉ែសំខាន់ៗ សហរដ្ឋអាមេរិកអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចក្រភពអង់គ្លេសប្រើប្រាស់ថ្មដែលផលិតដោយចក្រភពអង់គ្លេស ឬផលិតផលដែលមានប្រភពមកពីប្រទេសនានាដែលសហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងស្ដីពីរ៉ែសំខាន់ៗ ទទួលបានកញ្ចប់ឥណទានពន្ធចំនួន ៣៧៥០ ដុល្លារអាមេរិកក្នុងមួយគ្រឿង ដែលជួយខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ចក្រភពអង់គ្លេសទទួលបានផល។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគ សេចក្តីថ្លែងការណ៍អាត្លង់ទិក មិនខុសពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចខ្នាតតូចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈនិមិត្តរូបនៃសេចក្តីថ្លែងការណ៍នេះគឺមានសារៈសំខាន់ខ្លាំងណាស់។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Sunak បានលើកសរសើរសេចក្តីថ្លែងការណ៍នេះថា ជា "ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចថ្មីសម្រាប់យុគសម័យថ្មី ជាទម្រង់មួយដែលមិនធ្លាប់មានពីមុនមក"។ លើសពីនេះ លោកក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយោជន៍ដល់ក្រុមហ៊ុនអង់គ្លេស ហើយឆ្លើយតបនឹងឱកាសនិងបញ្ហាប្រឈមជាក់លាក់ដែលប្រទេសនេះកំពុងជួបប្រទះនាពេលនេះនិងអនាគត។

ឱកាសដើម្បីកែលម្អទំនាក់ទំនងពិសេស

សេចក្តីថ្លែងការណ៍អាត្លង់ទិកត្រូវបានគេវាយតម្លៃថា ជាកិច្ចព្រមព្រៀងប្រកបដោយលក្ខណៈរបត់ ដែលនាំចក្រភពអង់គ្លេសចូលក្នុងគន្លងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយគូសសញ្ញានូវការរស់ឡើងវិញនៃទំនាក់ទំនងទ្វេភាគីក្រោយពីការឡើងចុះជាច្រើន។ សេចក្ដីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីអង់គ្លេសបោះបង់ចោលក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ យោងតាមមន្ត្រីអង់គ្លេស វិធីអភិក្រមថ្មីនេះគឺសំដៅឆ្លើយតបកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមសេដ្ឋកិច្ចសកល។ ជាទូទៅ អ្នកសង្កេតការណ៍នៅចក្រភពអង់គ្លេសមានការវាយតម្លៃវិជ្ជមានគួរសមចំពោះ "សេចក្តីថ្លែងការណ៍អាត្លង់ទិក" ដែលលោក Rishi Sunak សម្រេចបានបន្ទាប់ពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយចាត់ទុកវាជាជ័យជំនះមួយក្នុងកិច្ចការបរទេសរបស់រដ្ឋាភិបាលអង់គ្លេស។

តាមពិតទៅ ក៏មានការរិះគន់យ៉ាងខ្លាំងពីភាគីគណៈបក្សប្រឆាំងនៅចក្រភពអង់គ្លេសថា "សេចក្តីថ្លែងការណ៍អាត្លង់ទិក" មិនមានទម្ងន់សេដ្ឋកិច្ចនយោបាយគ្រប់គ្រាន់ មិនសក្តិសមទៅនឹងទំនាក់ទំនងជាសម្ព័ន្ធមិត្តប្រពៃណីពិសេសរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគោលនយោបាយទាំងអស់របស់រដ្ឋាភិបាលអាមេរិកនាបច្ចុប្បន្ន សុទ្ធតែត្រូវបានកសាងឡើងដោយផ្អែកលើការយកផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាចម្បងបង្អស់នោះ ការដែលចក្រភពអង់គ្លេសទទួលបានសិទ្ធិផ្ដាច់មុខជាក់ស្ដែងក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិកក៏ត្រូវបានគេចាត់ទុកថា ជាប្រការមួយដែលមិនអាចទទួលបានយ៉ាងងាយស្រួល; ហើយបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកនៅតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយចក្រភពអង់គ្លេស បើធៀបនឹងសម្ព័ន្ធមិត្តជាច្រើនផ្សេងទៀតរបស់សហរដ្ឋ អាមេរិក។

លទ្ធផលនៃដំណើរទស្សនកិច្ចនៅអាមេរិកក៏បានបញ្ជាក់ពីសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក R. Sunak ថា ទំនាក់ទំនងរវាងចក្រភពអង់គ្លេស-អាមេរិក គឺជាសម្ព័ន្ធភាពដែលមិនអាចខ្វះបាន នៅពេលដែលប្រទេសទាំងពីរចែករំលែកជំនឿជាក់ ប្រដេញតាមរកគោលដៅដូចគ្នា និងធ្វើសកម្មភាពដោយឧត្តមគតិដូចគ្នាផងដែរ។ សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចក្រភពអង់គ្លេស ហើយប្រទេសទាំងពីរគឺជាដៃគូអាទិភាពកំពូលរបស់គ្នាទៅវិញទៅមកនៅក្នុងគ្រប់វិស័យទាំងអស់ ចាប់ពីការធានាសន្តិសុខរបស់ប្រជាជនរហូតដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

ទំនាក់ទំនងសម្ព័ន្ធភាពអង់គ្លេស-អាមេរិកធ្លាប់បានជួបប្រទះនឹងភាពចលាចលក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងដំណើរការចាកចេញពីសហភាពអឺរ៉ុប (EU) របស់ចក្រភពអង់គ្លេស។ យ៉ាងណាមិញ ឥឡូវនេះ ជាមួយនឹងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក R.Sunak ទៅកាន់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បានបង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅតែរឹងមាំ ហើយនឹងមានការអភិវឌ្ឍថ្មីៗនៅក្នុងពិភពលោកមួយដែលប្រែប្រួលកាន់តែច្រើនដូចបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ