ជំនះពុះពារលើការលំបាក ដោយឬទ្ធានុភាពការច្នៃប្រឌិត និង​សមត្ថមភាព​សម្រប​ខ្លួន

(VOVWORLD) - ឆ្នាំ ២០២២ មានអត្ថន័យដ៏សំខាន់ចំពោះវៀតណាម ដោយបានបង្កើតកម្លាំងចលករ ដើម្បីបំពេញរាល់គោលដៅយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់អាណត្តិ ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ 
ជំនះពុះពារលើការលំបាក ដោយឬទ្ធានុភាពការច្នៃប្រឌិត និង​សមត្ថមភាព​សម្រប​ខ្លួន - ảnh 1វេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ (VBF)  ដោយប្រធានបទ “ស្តារ និងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់តាមគន្លងប្រក្រតីភាពថ្មី”(រូបថត៖ VNA)

នេះក៏ជាពេលវេលាសាកល្បងឬទ្ធានុភាព ការច្នៃប្រឌិត និងសមត្ថភាពសម្របខ្លួនរបស់រដ្ឋាភិបាល និងសហគ្រាស ដើម្បីរួមគ្នាជំនះពុះពារលើកាលំបាកក្នុងស្មារតី "រួមសុខរួមទុក្ខជាមួយគ្នា" "មានផលប្រយោជន៍ដូចគ្នា និងចែករំលែកហានិភ័យ" ។ យោងតាមប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមបានបន្តអនុវត្តន៍ជំហានលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ សុក្រិតរបៀបរបបដោយព្រមៗគ្នា អភិវឌ្ឍន៍ធនធានមនុស្ស កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នា និងទំនើបក្នុងឆ្នាំ ២០២២ ដើម្បីជំនះពុះពារលើ ការលំបាក សាកល្បងទាំងនេះផងដែរ។

អញ្ជើញថ្លែងនៅក្នុងវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ ដោយប្រធានបទ “ស្តារ និងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់តាមគន្លងប្រក្រតីភាពថ្មី” ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី ក្នុងនោះផ្ដោតសំខាន់លើការកសាងខឿនប្រជាធិបតេយ្យសង្គមនិយម; កសាងនីតិរដ្ឋ សង្គមនិយមរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន; កសាងខឿនសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសសង្គមនិយម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដោយមានបាវចនាយកប្រជាជន និងសហគ្រាសជាមជ្ឈមណ្ឌល ប្រភពធនធានផ្ទៃក្នុងជាមូលដ្ឋាន យូរអង្វែង និងប្រភពធនធានខាងក្រៅគឺសំខាន់ និងលោតផ្លោះនោះ រដ្ឋាភិបាលវៀតណាមបន្តអនុវត្តន៍ជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង ៣ រួមមាន ការសុក្រិតរបៀបរបបដោយព្រមៗគ្នា អភិវឌ្ឍន៍ជាម្ចាស់កម្មវត្ថុប្រភពធនធានមនុស្ស កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគញនា ទំនើប។ នាបច្ចុប្បន្ននេះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយផ្សារភ្ជាប់ជាមួយកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ព្រមទាំងបន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ; ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងបន្សាំជាមួយការបម្រែបម្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ "យើងត្រូវអនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ហើយវៀតណាមគ្រោងនឹងចំណាយ GDP ជាង ៤% សម្រាប់កម្មវិធីនេះ។ ដូច្នេះហើយ យើងខ្ញុំបានផ្ដោតសំខាន់លើការងារមួយចំនួន។ ទីមួយគឺបង្កើនសមត្ថភាពសុខាភិបាល។ ទីពីរគឺធានាសន្តិសុខសង្គម និងសមភាពសង្គម។ ទីបីគឺជួយឧបត្ថម្ភប្រជាជនដែលមានស្ថានភាពរស់នៅលំបាក។ ទីបួនគឺ ជួយឧបត្ថម្ភសហគ្រាសតាមរយៈការកាត់បន្ថយពន្ធ កាត់បន្ថយថ្លៃអគ្គិសនី ថ្លៃទឹកស្អាត ថ្លៃទូរគមនាគមន៍។ ជាពិសេស យើងខ្ញុំបានជួយសម្រួលដល់ការស្ដារទីផ្សារការងារឡើងវិញ ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ផងដែរ”។

ជំនះពុះពារលើការលំបាក ដោយឬទ្ធានុភាពការច្នៃប្រឌិត និង​សមត្ថមភាព​សម្រប​ខ្លួន - ảnh 2លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ (VBF)  (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមបានបង្កើតបរិយាកាសសមភាពរវាងសមាសភាគសេដ្ឋកិច្ច លើកទឹកចិត្តដល់ការវិនិយោគឯកជន ការវិនិយោគបរទេស ការវិនិយោគលើបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មជួយឧបត្ថម្ភ កសិកម្មឆ្លាតវៃ; កិច្ចការពារបរិស្ថាន ថាមពលកកើតឡើងវិញ; ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងការណ៍បម្រើសន្តិសុខសង្គម និងការផ្លាស់ប្តូរបៃតង។ វៀតណាមបានផ្តោតសំខាន់លើដំណោះស្រាយនានា សំដៅបម្រើការស្ដារខ្សែសង្វាក់ផ្គត់ផ្គង់ ធានាចរាចរទំនិញ និងរក្សាស្ថិរភាពប្រភពឥន្ធនៈ; ធានា ផលិតកម្មប្រកបដោយសុវត្ថិភាពយ៉ាងរលូនសម្រាប់សហគ្រាសតាមគន្លងប្រក្រតីភាពថ្មី ដោយផ្ដោតសំខាន់លើការធានាសុវត្ថិភាព ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ កាត់បន្ថយបែបបទរដ្ឋបាល ដោះស្ដាយការជំពាក់ជំពិនអំពីយន្តការ គោលនយោបាយអំពីពន្ធ ឥណទាន ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង Logistic។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថែមទៀតថា៖ “ក្នុងបរិបទបច្ចុប្បន្ននេះ យើងត្រូវអនុវត្តន៍និន្នាការផ្លាស់ប្ដូរបៃតង។ នៅពេលអនុវត្តន៍ការផ្លាស់ប្ដូរសេដ្ឋកិច្ចបៃតង និងការផ្លាស់ប្ដូរថាមពលបៃតងគឺត្រូវផ្ដោតសំខាន់លើកិច្ចការពារបរិស្ថាន។ ទន្ទឹមនឹងនេះ យើងក៏ត្រូវផ្ដោតសំខាន់លើការផ្លាស់ប្ដូឌីជីថល ដោយផ្ដល់អាទិភាពលើសរស្តម្ភចំនួន ៣ គឺហេដ្ឋារចនាសម្ព័ន្ធឌីជីថល រដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល។ លើលពីនេះទៅទៀត យើងត្រូវផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ពោលគឺត្រូវធានាការបញ្ចេញឧស្ម័នកាបូនកម្រិតសូន្យនៅឆ្នាំ ២០៥០ កាត់បន្ថយ ឧស្ម័នមេតានចំនួន ៣០%។ ទាក់ទងនឹងការផ្លាស់ប្ដូរបៃតង និងការផ្លាស់ប្ដូរឌីជីថលអំពីថាមពលនោះ យើងខ្ញុំក៏អំពាវនាវដល់សហគម៍អន្តរជាតិធ្វើការផ្លាស់ប្ដូរប្រកបដោយសមភាព និងយុត្តិធម៌ផងដែរ”។

ប្រមុខរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអះអាងថា ដោយ មាន ប្រធានបទប្រតិបត្តិការក្នុងឆ្នាំ ២០២២ គឺ “សាមគ្គីភាព វិន័យ ម្ចាស់ការសម្របខ្លួន ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងស្ដារការអភិវឌ្ឍឡើងវិញ” នោះ រដ្ឋាភិបាល វៀតណាមនឹងពឹងផ្អែកលើស្ថានការណ៍ជាក់ស្ដែង ដើម្បីដឹកនាំ សម្របសម្រួល ដោយម្ចាស់ការ ប្ដូរផ្ដាច់ ច្នៃប្រឌិត ប្រកបដោយមានការទទួលខុសត្រូវ វិន័យ និងសុចរិតភាព។ លើលពីនេះទៅទៀត រដ្ឋាភិបាលមានគោលបំណងថា សហគមន៍ធុរកិច្ចរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម រួមគ្នាជំនះពុះពារលើការលំបាក នាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ