ជំហានលោតផ្លោះក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) -ឆ្នាំ ២០១៩ ត្រូវបានចាត់ទុកជាឆ្នាំលោតផ្លោះក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម។ កម្មវិធីដ៏សំខាន់ៗជាច្រើនត្រូវបានចាប់ផ្ដើមដាក់ឲ្យដំណើរការ ដែលនាំមកនូវកម្លាំងចលករជាវិជ្ជមាន ដូចជាបង្កើតគ្រឹះស្ថាន ដើម្បីអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិកយ៉ាងព្រមៗគ្នានៅទូទាំងប្រទេស។
ជំហានលោតផ្លោះក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក - ảnh 1ប្រជាជននៅ Bac Tu Liem រកមើលព័ត៌មាននៅពេលអនុវត្តនីតិវិធីរដ្ឋបាល ( រូបថត៖ ការសែតហាណូយថ្មី)

ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺជាភារកិច្ចដ៏សំខាន់ ដែលមានលក្ខណៈយុទ្ធសាស្ត្រក្នុងការអនុវត្តន៍ខឿនរដ្ឋបាលទំនើបរបស់វៀតណាម ហើយថែមទាំងជាតម្រូវការរបស់ប្រជាជន និងសហគ្រាស។ គោលដៅរបស់វៀតណាមសម្រាប់ដំណាក់កាល ២០១៩ - ២០២៥ គឺសុក្រឹតនូវមូលដ្ឋានគ្រឹះនៃរដ្ឋាភិបាលអេឡិចត្រូនិក សំដៅលើកកម្ពស់ប្រសិទ្ធភាពនូវសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ និងគុណភាពក្នុងការបម្រើប្រជាជន និងសហគ្រាស។

បង្កើតប្រព័ន្ធបញ្ជាណែនាំពីថ្នាក់មជ្ឈឹមចុះមកថ្នាក់មូលដ្ឋាន

ដើម្បីជំរុញការកសាង រដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ខឿនសេដ្ឋកិច្ច និងសង្គមឌីជីថលនោះ នាថ្ងៃទី ៧ ខេមិនា ឆ្នាំ ២០១៩ រដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៧ ស្ដីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗនានា ក្នុងការអភិវឌ្ឍន៍ រដ្ឋាភិបាលអេឡិចត្រូនិក

សម្រាប់ដំណាក់កាល ២០១៩ - ២០២០ និងទិសដៅដល់ឆ្នាំ ២០២៥។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជាប្រធាននៃគណកម្មាធិការជាតិទទួលបន្ទុក រដ្ឋាភិបាលអេឡិចត្រូនិក។ អាស្រ័យលើមូលដ្ឋាននេះ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាគឺសុទ្ធតែបានបង្កើតគណកម្មការទទួលបន្ទុកកសាង រដ្ឋាភិបាលអេឡិចត្រូនិក។ ពោលគឺ បង្កើតការឯកភាពគ្នាក្នុងការបញ្ជាណែនាំកសាង រដ្ឋាភិបាលអេឡិចត្រូនិកពីថ្នាក់មជ្ឈឹមចុះមកថ្នាក់មូកដ្ឋាន។ លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលវៀតណាមបានអះអាងថា៖

“នេះគឺជាការប្ដេជ្ញាចិត្តនយោបាយខ្ពស់របស់ប្រមុខរដ្ឋាភិបាល ខណៈដែលសង្កេតឃើញនូវផលប្រយោជន៍ដ៏ធំធេង នៅពេលវៀតណាមឈានចូលខឿនសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ វៀតណាមបានសិក្សារៀនសូត្របទពិសោធន៍របស់ប្រទេសនានាក្នុងការកសាង រដ្ឋាភិបាលអេឡិចត្រូនិក ហើយទទួលបានទ្ធផលជាជំហានដំបូងមួយចំនួនផងដែរ”។

ដាក់ឲ្យដំណើរការបណ្ដាកម្មវិធីផ្នែកទន់ដ៏មានផលប្រយោជន៍

នាឆ្នាំ ២០១៩ វៀតណាមបានដាក់ឲ្យដំណើរការប្រព័ន្ធចំនួន ៣ គឺ៖ បញ្ដាញតភ្ជាប់ឯកសារជាតិ  ប្រព័ន្ធ e- Cabinet (ប្រព័ន្ធព័ត៌មានបម្រើកិច្ចប្រជុំ និងដោះស្រាយការងាររបស់រដ្ឋាភិបាល) និងច្រកសេវាកម្មសាធារណៈជាតិ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីដាក់ឲ្យដំណើរការរដ្ឋាភិបាលអេឡិចត្រូនិក ខឿនរដ្ឋបាលសារធារណៈ អេឡិចត្រូនិកនៅវៀតណាម ឆ្ពោះទៅរករដ្ឋាភិបាលគ្មានក្រដាសស្នាម ទំនើប ជំនាញ និងតម្លាភាព។ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានវាយតម្លៃថា៖

“ប្រព័ន្ធនេះ មិនត្រឹមតែជួយសន្សំសម្ចៃប្រាក់ចំណាយរដ្ឋបាល កាត់បន្ថយ ពេលវេលាដោះស្រាយឯកសារ ប៉ុណ្ណោះទេ ថែមទាំងជួយថ្នាក់ដឹកនាំស្ថាប័ននានាយល់ដឹងអំពីស្ថានភាពដោះស្រាយឯកសារនៅតាមប្រព័ន្ធ។ ការអនុវត្តប្រកបដោយជោគជ័យនូវការតភ្ជាប់ឯកសារពីថ្នាក់មជ្ឈឹម ដល់ចុះមកថ្នាក់ខេត្ត ក្រុង គឺជាមូលដ្ឋាន ដើម្បីអនុវត្តន៍ការតភ្ជាប់ឯកសារនានា បម្រើការដឹកនាំការសម្របសម្រួលរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់”។

រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការកសាង រដ្ឋាភិបាលអេឡិចត្រូនិក គឺទទួលបានការវាយតម្លៃជាវិជ្ជមានរបស់សហគមន៍អន្តរជាតិ។ អនុរដ្ឋមន្ត្រី ក្រសួង អភិវឌ្ឍឌីជីថល ព័ត៌មានទំនាក់ទំនង និងទូរគមានគមន៍សាធារណៈ នៃសហព័ន្ធរុស្ស៊ី លោក M.V. Manonow និងលោក Ki Byoung Kim ប្រធាន ផ្នែក រដ្ឋាភិបាលអេឡិចត្រូនិកសាកកលលោក នៃក្រសួងសន្តិសុខ និងមហាផ្ទៃ កូរ៉េខាងត្បូងសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះគោលដៅរបស់វៀតណាម ក្នុងការក្លាយទៅជាប្រទេសដែលមាន សន្ទស្សន៍អភិវឌ្ឍន៍ រដ្ឋាភិបាលអេឡិចត្រូនិកនៅកម្រិតខ្ពស់។

រដ្ឋាភិបាលវៀតណាមបានកំណត់ថា ការកសាងរដ្ឋាភិបាលអេឡិកត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងខឿនសេដ្ឋកិច្ចឌីជីថល គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងក្នុងដំណាក់កាល ២០១៦-២០២០ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការផ្ទេរប្ដូរទៅជាឌីជីថលដ៏ទូលំទូលាយក្នុងដំណាក់កាល ២០២១-២០៣០ ។ ដូច្នេះ ការវិវឌ្ឍក្នុងការកសាងរដ្ឋាភិបាលអេឡិកត្រូនិកក្នុងឆ្នាំ ២០១៩ កំពុងរួមចំណែកដល់ការអនុវត្តបនីយកម្មគោលដៅពោលខាងលើ បើកឱកាសអភិវឌ្ឍន៍សម្រាប់វៀតណាម ជាជំហានៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ