ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករ

(VOVWORLD) - មហាសន្និបាតលើកទី ១៣ នៃសហជីព វៀតណាមអាណត្តិ ២០២៣ - ២០២៨ ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែធ្នូ នៅរដ្ឋធានីហាណូយ។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វណ្ណៈកម្មករ អង្គការសហជីព វៀតណាម និងជាសកម្មភាពនយោបាយដ៏ទូលំទូលាយនៅក្នុងចំណោមកម្មាភិបាល សមាជិកសហជីព និងកម្មករទូទាំងប្រទេស។ អង្គសន្និបាតលើកនេះ នឹងធ្វើការពិភាក្សា រកដំណោះស្រាយដើម្បីធានាសិទ្ធិរបស់ពលករ; ផ្តោតលើការអភិវឌ្ឍសមាជិកសហជីព និងការបង្កើតសហជីពមូល ដ្ឋាននៅតាមសហគ្រាសក្រៅវិស័យរដ្ឋ; បង្កើតក្រុមប្រធានសហជីពមូលដ្ឋាន ដើម្បីបំពេញតម្រូវការនៃភារកិច្ចក្នុងរយៈពេលអភិវឌ្ឍន៍ថ្មីនៃប្រទេសជាតិ។

ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករ - ảnh 1(រូបថត៖ laodong.vn)

សហជីពវៀតណាមជាអង្គការនយោបាយសង្គមរបស់វណ្ណៈកម្មករ និងរបស់ពលករដែលបានបង្កើតឡើងដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត តំណាងឲ្យពលករ ថែរក្សា ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ គោលនយោបាយគាំទ្រសមាជិកសហជីពជាច្រើនត្រូវបានអង្គការសហជីពគ្រប់កម្រិត អនុវត្តន៍ទូទាំងប្រទេសនាពេលថ្មីៗនេះ បានរួមចំណែកដល់ការកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ពលករ បង្កើតការលើកទឹកចិត្តឲ្យពួកគេបង្កើនផលិតភាពការងារ។

ប្រសិទ្ធភាពតាមរយៈតួរលេខជាក់ស្តែង

នៅប្រទេសវៀតណាមបច្ចុប្បន្ន មានសមាជិកសហជីពជាង ១១លាន ៣៣០នាក់។ ក្នុងអំឡុងអាណត្តិ ២០១៨ - ២០២៣ ប្រព័ន្ធសហជីពទាំងមូលបានបម្រើតម្រូវការរបស់សមាជិកសហជីព និងពលករ កាន់តែប្រសើរឡើង។ សហគ្រាសសរុបជាង ៧២% បានបង្កើតសហជីពមូលដ្ឋានដើម្បីថែទាំ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ពោលគឺ កើនឡើងជិត ៦,៥% បើធៀបនឹងដើមអាណត្តិ។ ម្យ៉ាងវិញទៀត កម្មវិធី “ដំបូលផ្ទះកក់ក្តៅរបស់សហជីព” បានឧបត្ថម្ភពលករជាង ១៤.០០០ នាក់ សាងសង់ និងជួសជុលផ្ទះសម្បែងដោយគិតជាទឹកប្រាក់សរុបជាង ៥០០ ពាន់លានដុង (ប្រហែល ២១ លានដុល្លារអាមេរិក)។

លើសពីនេះ អង្គការសហជីពក៏បានចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់សមាជិកសហជីព និងពលករជាង ៣០លាននាក់ ដែលជួបការលំបាក ជាពិសេសក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ ដោយមានតម្លៃសរុបជាង ២៨ពាន់ពាន់លានដុង (ប្រហែល ១,២ពាន់លានដុល្លារអាមេរិក)។

គួរកត់សម្គាល់ថា ជាលើកដំបូងដែលអង្គការសហជីពបានចេញកញ្ចប់ជំនួយសម្រាប់សមាជិកសហជីព ពលករដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ កងកម្លាំងនៅខ្សែប្រយុទ្ធជួរមុខប្រឆាំងជំងឺរាតត្បាត សមាជិកសហជីព និងពលករដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ពលករបាត់បង់ការងារ ភាពគ្មានការងារធ្វើ .. ដែលកញ្ចប់ជំនួយនេះបានពីធនធានហិរញ្ញវត្ថុរបស់សហជីពដែលមានចំនួនសរុបរាប់ពាន់លានដុង។ ដើម្បីបញ្ជូនដោយផ្ទាល់នូវក្តីប្រាថ្នារបស់សមាជិកសហជីព និងពលករទៅកាន់អាជ្ញាធរ សហជីពគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន បានរៀបចំសន្និសីទជួបប្រាស្រ័យជាមួយបោះឆ្នោតតាមប្រធានបទ រវាងសមាជិករដ្ឋ សភា និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន មន្ទីរ អង្គភាព សាខាសហជីពជាមួយកម្មករនិយោជិត។

លើសពីនេះ សហជីពគ្រប់លំដាប់ថ្នាក់ក៏បានដាក់ពង្រាយមូលនិធិដើមទុនចំនួន ១៣សម្រាប់ជាជំនួយការងារ   ដោយមានសមាជិកសហជីព និងពលករជិត ៣ លាននាក់ខ្ចីប្រាក់សរុបរាប់លានដុង។ ដោយឡែក មូលនិធិ CEP   (ជាអង្គការមីក្រូហិរញ្ញវត្ថុដែលមានសមាជិកតែមួយ សម្រាប់ពលករក្រីក្រដើម្បីបង្កើតការងារដោយខ្លួន ឯងនៅទីក្រុងហូជីមិញ) បានផ្តល់ប្រាក់កម្ចីដល់ពលករជាង ១,៨ លាននាក់ ជាមួយ នឹងចំនួនទឹកប្រាក់ច្រើនជាង ៣១.០០០ ពាន់លានដុង (ប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក)។ លោក Tran Doan Trung អនុប្រធានសហភាពពលករទីក្រុង ហូជីមិញបានឲ្យដឹងថា៖ “CEP បានសម្របសម្រួលជាមួយសហជីពគ្រប់កម្រិត ដើម្បីលើកកម្ពស់ការដាក់ពង្រាយផលិតផល និងសេវាកម្មឥណទានផ្ទាល់ខ្លួនដល់សមាជិកសហជីព។ តាមរយៈកម្មវិធីដែលបានចុះហត្ថលេខាជាមួយបណ្តាខេត្តក្នុងរយៈពេល១ខែ CEP បានបញ្ចេញកម្ចីជាង ១.០០០ពាន់លានដុង (៤២លានដុល្លារអាមេរិក)។ ក្នុងពេលដំណាលគ្នាជាមួយកម្មវិធីនេះ ចាប់តាំងពីខែកក្កដាមក CEP ក៏បានផ្តោតទៅលើការផ្តល់អាហារូបករណ៍ CEP ដល់កូនៗរបស់អតិថិជន ដោយផ្តល់ដំបូលផ្ទះ CEP ដល់អតិថិជនដែលមានស្ថានភាពលំនៅដ្ឋានលំបាកខ្លាំង និងផ្តល់ចង្ក្រានក្តៅដល់អតិថិជនដែលជាពលករនៅអគារស្នាក់នៅ”។
ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករ - ảnh 2ប្រធានសហព័ន្ធសហជីពពលករវៀតណាម លោក Nguyen Dinh Khang (រូបថត៖ baophunuthudo.vn)

កសាងអង្គការសហជីពវៀតណាមគឺជាទីបង្អែកជាទីទុកចិត្តសម្រាប់ពលករ

ពីសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងមក គោលដៅសំខាន់របស់អង្គការសហជីពសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៨ គឺការលើកកម្ពស់គុណភាពប្រតិបត្តិការ ដោយយកសមាជិកសហជីព និងពលករជាមជ្ឈមណ្ឌល។ ជាមួយគ្នានោះ សហជីពក៏នឹងមានការផ្លាស់ប្តូរថ្មី ឆ្ពោះទៅរកគោលដៅដូចជា៖ កែលំអរប្រាក់បៀរវត្ស ម៉ោងធ្វើការ សុវត្ថិភាពការងារ និង អនាម័យសម្រាប់ពលករ។ តាមគម្រោង ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៨ សហព័ន្ធសហជីពពលករវៀតណាមនឹងបន្តសម្របសម្រួល និងដាក់ពង្រាយការកសាងយន្តការសហជីពនៅតាមមណ្ឌលឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញ ព្រមទាំងជិតស្និទ្ធ និងគាំទ្រដល់សមាជិកសហជីព និងពលករនិយោជិត ឲ្យមានស្ថិរភាពនិងលើកកម្ពស់គុណភាពរស់នៅ។ ប្រធានសហព័ន្ធសហជីពពលករវៀតណាម លោក Nguyen Dinh Khang បានអះអាងថា៖ “ក្នុងអាណត្តិបន្ទាប់ សហជីពវៀតណាមនឹងបន្តច្នៃប្រឌិតយ៉ាងខ្លាំងក្លាក្នុងអង្គភាព និងប្រតិបត្តិការ។ ជាមួយគ្នានោះ យកតម្រូវការ និងផលប្រយោជន៍របស់សមាជិកសហជីព និងពលករធ្វើជាគោលដៅ និងជាមូលដ្ឋានសម្រាប់បង្កើតផែនការ និងកម្មវិធីការងារ។ ផ្តោតលើការបំពេញតួនាទីតំណាងឱ្យបានល្អ យកចិត្តទុកដាក់ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកសហជីព។ ផ្សព្វផ្សាយ ទាក់ទាញ ប្រមូលផ្តុំ បង្រួបបង្រួម និងកសាងថ្នាក់ពលករវៀតណាមសម័យទំនើបកាន់តែរីកចម្រើនខ្លាំង លើកកម្ពស់មោទនភាពជាតិ ភាពវៃឆ្លាត កម្លាំង និងការច្នៃប្រឌិតរបស់កម្មាភិបាល សមាជិកសហជីព និងពផលករ ដោយប្តេជ្ញាកសាងសហជីពវៀតណាមជាទីបង្អែកគួរឱ្យទុកចិត្តសម្រាប់ពលករ”។

ជាមួយនឹងរយៈពេលជិត ៩៥ ឆ្នាំនៃការរួមដំណើរជាមួយប្រទេសជាតិ (បង្កើតឡើងនៅឆ្នាំ ២០២៩) សហជីពវៀតណាមនៅតែបន្តជាអង្គការនយោបាយសង្គមដ៏ធំមួយរបស់វណ្ណៈកម្មករ និងពលករ; គឺជាខ្សែចំណងដែលតភ្ជាប់ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងវណ្ណៈកម្មករ និងពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ