បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន

(VOVWORLD) - នាថ្ងៃទី ១២ ខែធ្នូ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងចំឱកាសរំលឹកខួបលើកទី ១៥ នៃទិវាបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន (២០០៨-២០២៣) និងជាងមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅកាន់ប្រទេសចិន (ខែតុលា ឆ្នាំ ២០២២)។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នៅឆ្នាំ ២០២២។ (រូបថត៖ VOV)

នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីបីរបស់លោក Xi Jinping មកប្រទេសវៀតណាមក្នុងនាមជាអគ្គលេខាបក្ស ប្រធានរដ្ឋចិន ហើយជាលើកទីមួយ ដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping ធ្វើទស្សនកិច្ចដោយឡែកទៅកាន់ប្រទេសមួយ ក្រោយពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន (ខែតុលា ឆ្នាំ ២០២២)។ នេះគឺជាសកម្មភាពកិច្ចការបរទេសដែលមានសារៈសំខាន់បំផុតចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយបានបញ្ជាក់ពីការគោរព និងអាទិភាពកំពូលរបស់ប្រទេសទាំងពីរសម្រាប់ការពង្រឹងទំនាក់ទំនងវៀតណាម-ចិនឱ្យកាន់តែរឹងមាំ និងស្ថិរភាព។

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន - ảnh 2ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo។ (រូបថត៖ Pham Kien/VNA)

ទំនាក់ទំនងវៀតណាម-ចិនជាទូទៅអភិវឌ្ឍន៍យ៉ាងវិជ្ជមានជាមួយនឹងចំណុចលេចធ្លោជាច្រើន

ក្រោយរយៈពេល ១៥ ឆ្នាំបង្កើតក្របខ័ណ្ឌភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០០៨-២០២៣) ទំនាក់ទំនងរវាងប្រទេសទាំងពីរជាទូទៅ បានអភិវឌ្ឍន៍យ៉ាងវិជ្ជមានលើគ្រប់វិស័យជាមួយនឹងចំណុចលេចធ្លោជាច្រើន។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានវាយតម្លៃថា៖

“កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសយើងទាំងពីរ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមិនត្រឹមតែជាការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏មានសារសំខាន់ផងដែរ។ ប្រការនេះមានអត្ថន័យដ៏ធំធេងសម្រាប់ការអភិវឌ្ឍនៃប្រទេសយើងទាំងពីរ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមក ខណៈដែលវៀតណាមក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងអាស៊ានផងដែរ។ អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ហើយវៀតណាមស្រូបយកចំណែកទីផ្សារធំបំផុតនៅក្នុងអាស៊ាន"។

ការយោគយល់និងទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់តាមរយៈដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរជាន់ខ្ពស់ ជាពិសេសរវាងអគ្គលេខាបក្សទាំងពីរ។ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិនៃប្រទេសទាំងពីរបានជួបប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរគ្នាជាប្រចាំ ហើយការផ្លាស់ប្តូររវាងមូលដ្ឋាន និងរវាងប្រជាជននៃប្រទេសទាំងពីរក៏ត្រូវបានបង្កើនផងដែរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កាន់តែស៊ីជម្រៅ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា ហើយបច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន ជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់ចិននៅលើពិភពលោក (បន្ទាប់ពីសហរដ្ឋអាមេរិក, ជប៉ុន, កូរ៉េ)។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៩ ដង ពី ២០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០៨ ដល់ជិត ១៨០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២។ ក្នុងរយៈពេល ១៥ ឆ្នាំ ការវិនិយោគរបស់ចិននៅវៀតណាមបានកើនឡើងជាង ១០ ដង ពីកម្រិត ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៨ ដល់ ២៥ ពាន់លានដុល្លារ
នាបច្ចុប្បន្ន។ ក្នុងឆ្នាំនេះ ប្រទេសចិនបានឡើងដល់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេស និងតំបន់ដែនដីដែលវិនិយោគនៅវៀតណាម។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខមានការអភិវឌ្ឍក្នុងទម្រង់ថ្មីជាច្រើន។ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់ប្រទេសចិន ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកសាងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ ទៅជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី។ ក្នុងកម្រិតពហុភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅវេទិកាអន្តរជាតិត្រូវបានពង្រីក ដោយគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗរបស់គ្នាទៅវិញទៅមក។

ការកំណត់ទីតាំងទំនាក់ទំនងវៀតណាម-ចិនក្នុងដំណាក់កាលថ្មី

នេះជាលើកទី៣ហើយ ដែលអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping មកបំពេញទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីដំណើរទស្សនកិច្ចចំនួនពីរលើក ក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៧។ យោងតាមលោកបណ្ឌិត Nguyen Hong Hai គ្រូបង្រៀនជាន់ខ្ពស់នៃសាកលវិទ្យាល័យ Vin បានឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នឹងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែង៖

“នេះគឺជាដំណើរទស្សនកិច្ចដ៏សែនសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរព្រោះកម្រមានណាស់ ដែលក្នុងរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ អគ្គលេខាបក្សនៃប្រទេសទាំងពីរធ្វើទស្សនកិច្ចទៅវិញទៅមកយ៉ាងដូច្នេះ។ ប្រការនោះបង្ហាញថាប្រទេសទាំងពីរបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយគ្នា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងកំណត់ទីតាំងទំនាក់ទំនងនៅកម្រិតខ្ពស់ជាង។ ខ្ញុំគិតថា ដោយមានឯកភាព និងការស្រុះចិត្តគំនិតរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការជំរុញ និងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀត ដំណើរទស្សនកិច្ចលើកនេះនឹងបំពេញតាមការរំពឹងទុករបស់ប្រទេសទាំងពីរ”។

ចំណែកឯលោក Nguyen Vinh Quang អនុប្រធានសមាគមមិត្តភាពវៀតណាម-ចិន បានចាត់ទុកថា៖

“ទំនាក់ទំនងវៀតណាម-ចិនក្នុងឆ្នាំកន្លងទៅបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាយ៉ាងដូច្នេះ គឺអាស្រ័យលើការដឹកនាំដោយការយោគយល់រួមសំខាន់ៗ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong កាលពីខែតុលាឆ្នាំមុន។ ក្នុងរយៈពេលមួយឆ្នាំ មេដឹកនាំកំពូលនៃបក្សទាំងពីរ រដ្ឋទាំងពីរបានជួបគ្នាម្តងទៀត ហើយប្រាកដណាស់ថា នឹងសម្រេចបានការយោគយល់រួមថ្មីៗ ដែលនឹងតម្រង់ទិស ហើយដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា”។

ដោយផ្អែកលើសមិទ្ធិផលសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping គឺជាសញ្ញាសម្គាល់សំខាន់ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះនឹងបង្កើតកំពស់ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-ចិននាពេលខាងមុខជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ