បញ្ហាសន្តិសុខពិភពលោកត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅកិច្ចប្រជុំ Munich ២០១៩

(VOVWORLD) - កិច្ចប្រជុំសន្តិសុខ Munich ២០១៩ ដែលត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំសន្តិ សុខមានកិត្យានុភាពបំផុតលើពិភពលោក ទើបនឹងបានប្រព្រឹត្តទៅនាចុងសប្ដាហ៍ កន្លងទៅ នៅទីក្រុង Munich អាល្លឺម៉ង់ ដោយមានបញ្ហាសំខាន់ជាច្រើននៃទំនាក់ ទំនងអន្តរជាតិត្រូវបានលើក យកមកពិភាក្សា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលភាពតានតឹងរវាងអាមេរិកនិងទ្វីបអឺរ៉ុបកំពុងមាននិន្នាការកើនឡើង ក៏ដូចជាបញ្ហាសន្តិសុខសកលដ៏ស្មុគស្មាញជាច្រើនមិនទាន់មានដំណោះស្រាយនៅឡើយ ផងដែរ។

        កិច្ចប្រជុំសន្តិសុខ Munich ២០១៩ មានការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋចំនួន៣៥រូប រដ្ឋមន្រ្តីការបរទេស៥០រូប រដ្ឋមន្ត្រីការពារជាតិ៣០រូប រួមទាំងអង្គការអន្តរជាតិនានា ទៀតផង។ កិច្ចប្រជុំនេះពិភាក្សាអំពីបញ្ហាជាច្រើនចាប់តាំងពីបញ្ហាប្រកួតប្រជែងនិងកិច្ចសហប្រតិបតិ្តការរវាងមហាអំណាចពិភពលោក អនាគតនៃសហភាពអឺរ៉ុប ទំនាក់ទំនងអន្តរសមុទ្រឥណ្ឌា រហូតដល់អនាគតនៃការគ្រប់គ្រងសព្វាវុធនិងគោលនយោបាយការពារជាតិ ក៏ដូចជាការជ្រៀតជ្រែករវាងពាណិជ្ជកម្មនិងសន្តិសុខអន្តរជាតិផងដែរ។

        ភាពតានតឹងនិងការប្រេះស្រាំ

        បញ្ហាជាច្រើនដូចជាភាពតានតឹងរវាងអាមេរិកនិងទ្វីបអឺរ៉ុប បញ្ហាសន្តិសុខបណ្ដាញអ៊ីនធឺណិតរវាងអាមេរិកនិងចិន ជម្លោះអំពីសន្តិសុខមជ្ឈឹមបូព៌ា និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជាដើម បានគ្របដណ្ដប់ស្រមោលខ្មៅលើកិច្ចប្រជុំលើកនេះ។ កិច្ចប្រជុំលើកនេះបានធ្វើជាសាក្សីការជជែក វែកញែកគ្នាដ៏តានតឹងជាច្រើនរវាងមហាអំណាចពិភពលោក។ បញ្ហា Huawei និងសមុទ្រខាងកើត គឺជាចំណុចប្រឈមមុខដាក់គ្នានៅក្នុងសន្ទុរកថារបស់តំណាងអាមេរិកនិងចិន។ ខណៈដែលវ៉ាស៊ីនតោនអំពាវនាវអោយធ្វើពហិការសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់ចិនគឺ Huawei ដោយចាត់ទុកថា Huawei និងក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗទៀតរបស់ចិន ជាការគំរាមកំហែងធំអំពីសន្តិសុខ។ ប៉ុន្តែ ប៉េកាំងបានអះអាងថា គេមិនប្រដេញតាម “អនុត្តរភាពបច្ចេកវិទ្យា” នោះឡើយ ព្រមទាំងរិះគន់អាមេរិកគប្បីលុបចោលការរើសអើងខាងមនោគមវិជ្ជា និងមនសិការហួសសម័យ ផងដែរ។

        ក្រៅពីនោះ ប៉េកាំងមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវ៉ាស៊ីនតោន ប៉ុន្តែក៏បានសម្ដែងនូវអាកប្បកិរិយាប្រឆាំងជំទាស់លទ្ធិគាំពារនិយមរបស់អាមេរិក ហើយមិនពេញចិត្តចំពោះសកម្មភាពនាវាចរណ៍ប្រកបដោយសេរីភាពរបស់អាមេរិកនៅសមុទ្រខាងកើត ផងដែរ។ ចំណែកឯអាមេរិកវិញ បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់ខ្លួនដោយមានការគាំទ្ររបស់អូស្ត្រាលីនិងជប៉ុន។

        នៅកិច្ចប្រជុំនេះដែរ អាមេរិកនិងប្រទេសអឺរ៉ុបនានា ក៏បានបង្ហាញនូវទស្សនៈខុសគ្នាទាំងស្រុងស្ដីពីបញ្ហាទាក់ទិនដល់សន្តិសុខមជ្ឈឹមបូព៌ានិងពាណិជ្ជកម្ម។ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈសន្ទុរកថាចំនួន២ដែលមានទស្សនៈផ្ទុយគ្នារបស់អនុប្រធានាធិបតីអាមេរិកលោក Mike Pence និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ស្ដីពីបញ្ហាសកលជាច្រើនដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ សង្គ្រាមនៅស៊ីរីនិងយេម៉ែន ការអនុវត្តកិច្ចព្រមព្រៀងរំសាយសព្វាវុធនិងការគ្រប់គ្រងការរត់ប្រណាំងប្រដាប់អាវុធ វិបត្តិនៅវេណេហ្ស៊ុយអេឡា ឬទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចជាដើម។ អាចនិយាយបានថា នៅកិច្ចប្រជុំ Munich ឆ្នាំនេះ ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងអាមេរិកនិងអឺរ៉ុប មិនត្រឹមតែមិនអាចសះស្បើយដូចមុននេះប៉ុណ្ណោះទេ ថែមទាំងត្រូវបែកបាក់យ៉ាងធ្ងន់ធ្ងរថែមទៀតអាស្រ័យដោយការខ្វែងគំនិត។

       ផ្ទាំងគំនូរសន្តិសុខពិភពលោកពោរពេញទៅដោយអស្ថិរភាព

        កិច្ចប្រជុំសន្តិសុខ Munich ត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីឆ្នាំ១៩៦៣ ដោយមានគោលដៅគ្រាដំបូងគឺក្លាយទៅជាវេទិកាស្ដីពីគោលនយោបាយការពារជាតិរបស់ប្រទេសលោកខាង លិចនានា។ រហូតមកដល់ពេលនេះ កិច្ចប្រជុំជាប្រចាំឆ្នាំនេះបានក្លាយទៅជាវេទិកាសកលស្ដីពីបញ្ហាសន្តិសុខលើទូទាំងពិភពលោក។ ទោះបីមិនមែនជាទីកន្លែងចេញផ្សាយគោលនយោបាយក្ដី ប៉ុន្តែវេទិកានេះត្រូវបានចាត់ទុកថា ជាបរិយាកាសឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់បំផុតនូវសណ្ដាប់ធ្នាប់ពិភពលោក តាមរយៈទស្សនៈរបស់ប្រទេសចូលរួមនានា។

        កិច្ចប្រជុំសន្តិសុខ Munich ឆ្នាំនេះ តាម មជ្ឈដ្ឋានអ្នកស្រាវជ្រាវទំនាក់ទំនងអន្តរជាតិបានចាត់ទុកថា ពិភពលោកកំពុងរស់នៅក្នុងដំណាក់កាលប្រកបដោយអស្ថិរភាព ដោយមានកត្តាថ្មីជាច្រើនកើតមានឡើង ដែលធ្វើអោយផ្ទាំងគំនូរសន្តិសុខសកលកាន់តែស្មុគស្មាញ។ ក្រៅពីនោះគឺការសាកល្បងសន្តិសុខក្រៅប្រពៃណីដូចជាភេរវកម្មនិងសង្គ្រាមបណ្ដាញអ៊ីនធឺណិត។ ដោយហេតុនេះ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន គឺកិច្ចសន្ទនារវាងបណ្ដាប្រទេសដើរតួនាទីសំខាន់ណាស់ សំដៅជៀសវាង ហានិភ័យប្រឈមមុខដាក់គ្នាដោយផ្ទាល់។ ហើយកិច្ចប្រជុំសន្តិសុខ Munich មានភារកិច្ចជំរុញដំណើរការដោះស្រាយជម្លោះដោយសន្តិវិធី កិច្ចសហប្រតិបតិ្តការនិងកិច្ចសន្ទនាអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ