ប្តេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស

(VOVWORLD) - អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំបិទសន្និបាតលើកទី៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ កាលពីថ្ងៃទី ៨ តុលា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗដែលសន្និបាតមជ្ឈឹមលើកនេះសម្រេចបាន។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ពិសេសលើការងារដែលបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលត្រូវការអនុវត្តន៍ក្នុងប៉ុន្មានខែដែលនៅសល់នៃឆ្នាំនេះ និងឆ្នាំ២០២៤ ដែលជាឆ្នាំមានសារៈសំខាន់ពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់ បក្ស។

ប្តេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំបិទសន្និបាតលើកទី៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣។ (រូបថត៖ VOV)

ផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាពនៃគោលនយោបាយសង្គម

យោងតាមអគ្គលេខាបក្ស លោក Nguyen Phu Trong គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាមបានឯកភាពចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការបន្តផ្លាស់ប្ដូរថ្មី និងលើកកំពស់គុណភាពនៃគោលនយោបាយសង្គម ឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិក្នុងសម័យថ្មី ជាមួយនឹងខ្លឹមសារជាច្រើន ដែលមានការទទួលមរតក ការច្នៃប្រឌិត ការបំពេញបន្ថែម និងការអភិវឌ្ឍសំខាន់ៗ បើប្រៀបធៀបនឹងសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៥ នីតិកាលទី ១១ (ឆ្នាំ២០១២)៖

“សេចក្ដីសម្រេចចិត្តថ្មីបានពង្រីកទៅកាន់គ្រប់គោលនយោបាយសង្គមទាំងអស់ ដោយផ្តោតលើការច្នៃប្រឌិត ការលើកកំពស់គុណភាពនៃគោលនយោបាយសង្គម ឆ្លើយតបនឹងតម្រូវការនៃការកសាង និងការពារមាតុភូមិរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ វិធីអភិក្រមក៏ត្រូវបានកែសម្រួលផងដែរ ពីការធានានិងស្ថេរភាព ទៅកាន់ស្ថិរភាពនិងអភិវឌ្ឍន៍; ផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព ការលើកកំពស់សុខុមាលភាពសង្គមរបស់ប្រជាជនទាំងអស់ ការធានាសន្តិសុខសង្គម និងសន្តិសុខមនុស្ស”។

អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា គោលនយោបាយសង្គមគឺជាគោលនយោបាយសម្រាប់មនុស្ស ដើម្បីមនុស្ស បង្ហាញពីចរិតលក្ខណៈល្អប្រសើររបស់របបវៀតណាម។ ការកសាងនិងអនុវត្តគោលនយោបាយសង្គមត្រូវតែយកមនុស្សជាមជ្ឈភាពជានិច្ច; យកការវិនិយោគសម្រាប់ការអនុវត្តគោលដៅគោលនយោបាយសង្គម ជាការវិនិយោគសម្រាប់ការអភិវឌ្ឍ។ ការផ្លាស់ប្ដូរថ្មី និងលើកកំពស់គុណភាពនៃគោលនយោបាយសង្គម គឺជាភារកិច្ចយុទ្ធសាស្ត្រដ៏សំខាន់ ដែលត្រូវតែដាក់ក្រោមការដឹកនាំផ្ទាល់ និងគ្រប់ជ្រុងជ្រោយរបស់បក្ស។

បន្តពង្រីកប្រពៃណីមហាសាមគ្គីប្រជាជាតិទាំងមូល

នៅក្នុងសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានបន្តអះអាងថា៖ មហាសាមគ្គីប្រជាជាតិទាំងមូលគឺជាប្រពៃណីដ៏ថ្លៃថ្លា ដែលចែងចាំងពន្លឺកាំរស្មីជានិច្ចក្នុងប្រវត្តិសាស្ត្រនៃការកសាង និងការពារប្រទេសដ៏រុងរឿងរបស់ប្រជាជាតិវៀតណាម។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា៖

“ក្នុងសម័យអភិវឌ្ឍន៍ថ្មី ត្រូវបន្តពង្រីកប្រពៃណីមហាសាមគ្គីប្រជាជាតិទាំងមូល បង្កើតឯកឆ័ន្ទសង្គម បំផុសយ៉ាងខ្លាំងក្លានូវស្មារតីស្នេហាជាតិឆន្ទៈខ្លួនទីពឹងខ្លួន មោទនភាពជាតិ ជំនឿជាក់ សេចក្ដីប្រាថ្នាលះបង់ រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅនាំវៀតណាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយមានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០; នៅឆ្នាំ ២០៤៥ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដោយមានចំណូលខ្ពស់ តាមទិសសង្គមនិយម”។

ប្តេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស - ảnh 2ទិដ្ឋភាពនៃសម័យប្រជុំបិទសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី១៣។

បន្តកសាងជួរបញ្ញវន្តក្នុងយុគសម័យថ្មី

នៅក្នុងសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពថា ចាំបាច់ត្រូវចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីរបស់មជ្ឈិមស្តីពីការបន្តកសាងជួរបញ្ញវន្តរបស់ប្រទេសជាតិ ពូនជ្រុំកម្លាំងជាតិឲ្យកាន់តែរឹងមាំ បំពេញតម្រូវការចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជំរុញខ្លាំងបុព្វហេតុផ្លាស់ប្ដូរថ្មី ឧស្សាហូបនីយកម្ម ទំនើបនីយកម្មរបស់ប្រទេសជាតិ និងពង្រឹងវប្បធម៌ កសាងមនុស្សវៀតណាមក្នុងយុគសម័យថ្មី។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា៖

“មជ្ឈិមបានសង្កត់ធ្ងន់ពិសេសថា ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីកាន់តែខ្លាំងក្លាទាំងការត្រិះរិះ និងសកម្មភាពតាមទិសដៅ៖ កំណត់បញ្ញាវ័ន្តវៀតណាមជាកម្លាំងពលកម្មប្រកបដោយគុណភាពខ្ពស់ ជាកម្លាំងពលកម្មប្រកបដោយការច្នៃប្រឌិត មានកិត្តិយស និងបេសកកម្មត្រួសត្រាយផ្លូវ ចូលរួមដោយផ្ទាល់ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី រួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; លើកស្ទួយចំណេះដឹងរបស់ប្រជាជន និងធនធានមនុស្ស; បំប៉ន់និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យលើគ្រប់វិស័យ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតបញ្ញា និងកម្លាំងជាតិ ជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ; ជាកម្លាំងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់គុណភាពនៃសម្ព័ន្ធភាពរវាងវណ្ណៈកម្មករ កសិករ និងជួរបញ្ញវន្ត ក្រោមការដឹកនាំរបស់បក្ស”។

ជាចុងក្រោយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា លទ្ធផលនៃសន្និបាតមជ្ឈិមលើកទី ៨ នីតិកាលទី ១៣ នឹងរួមចំណែកបង្កើតស្មារតីថ្មី កម្លាំងចលករថ្មីសម្រាប់បុព្វហេតុបន្តផ្លាស់ប្ដូរថ្មីគ្រប់ជ្រុងជ្រោយ; ការកសាងបក្ស និងប្រព័ន្ធនយោបាយប្រកបដោយភាពស្អាតស្អំ និងរឹងមាំ; ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ