ផ្សព្វផ្សាយធនធានវប្បធម៌ពីបណ្តាពិធីបុណ្យប្រពៃណី

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្ត ក្រុងនានាទូទាំងប្រទេសវៀតណាម បានប្រព្រឹត្តទៅនូវពិធីបុណ្យរាប់រយផងដែរ។ ជាមួយគ្នានោះ ការថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីតាមរយៈពិធីបុណ្យទាននានា មានសារសំខាន់ណាស់ក្នុងការពង្រឹងនិងពង្រីកអធិបតេយ្យភាពវប្បធម៌ជាតិ បង្កើតទំនុកចិត្ត តាមនោះ ជួយសម្រួលដល់កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ។

ផ្សព្វផ្សាយធនធានវប្បធម៌ពីបណ្តាពិធីបុណ្យប្រពៃណី - ảnh 1ពិធីបុណ្យ Lim - ពិធីបុណ្យដើមនិទាឃរដូវដ៏ធំបំផុតនៅតំបន់ដី Kinh Bac (Bac Ninh) (រូបថត៖ VOV)

វៀតណាមមានពិធីបុណ្យប្រពៃណីដ៏វិសេសវិសាលជាច្រើន តាមរយៈសហគមន៍ដែលរស់នៅគ្រប់ទិសទីនៃប្រទេសជាតិ។ រាល់ពិធីបុណ្យទានដែលបានប្រារព្ធធ្វើឡើង មិនត្រឹមតែរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីជាតិ និងលើកកម្ពស់ជីវភាពរស់នៅខាងស្មារតីរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត-ក្រុងនានានិយាយដោយឡែក និងរបស់ប្រទេសជាតិទាំងមូលនិយាយរួម។

បំពេញតាមតម្រូវការវប្បធម៌ ជំនឿសាសនា និងបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ច

ដោយមានគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋលើការជំរុញការស្ដារឡើងវិញនូវតម្លៃវប្បធម៌ប្រពៃណី រួមជាមួយនឹងតម្រូវការរបស់សង្គម ខណៈដែលជីវភាពសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋានមានភាពប្រសើរឡើងនោះ ពិធីបុណ្យប្រពៃណីជាច្រើនត្រូវបានស្ដារឡើងវិញ រួមចំណែកលើកកំពស់តម្លៃវប្បធម៌ និងអភិរក្សអត្តសញ្ញាណនៃបណ្តាក្រុមជនជាតិភាគតិច។ យោងតាមស្ថិតិរបស់នាយកដ្ឋានវប្បធម៌មូលដ្ឋាន វៀតណាមបច្ចុប្បន្នមានពិធីបុណ្យទានចំនួនជិត ៨.០០០ ដែលក្នុងនោះជាង ៧.០០០ ជាពិធីបុណ្យប្រពៃណី (ស្មើនឹង ៨៨,៣៦%) ហើយនៅសល់គឺជាពិធីបុណ្យផ្សេងៗទៀត។

ពិធីបុណ្យភាគច្រើនពីថ្នាក់ជាតិរហូតដល់ពិធីបុណ្យតូចៗនៅថ្នាក់ភូមិ ឃុំ សុទ្ធតែបានប្រារព្ធឡើងយ៉ាងឧឡារិក ពិសិដ្ឋ និងគោរពជានិច្ច ដោយធានាថា សកម្មភាពពិធីបុណ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិនិងបំពេញតម្រូវការអំពីជំនឿសាសនារបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Xuan Kinh អតីតនាយកវិទ្យាស្ថានសិក្សាវប្បធម៌ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានចាត់ទុកថា៖ “សម្រាប់ប្រជាជនគ្រប់រូប ពិធីបុណ្យទានដើរតួនាទីយ៉ាងសំខាន់។ អំឡុងពេលប្រព្រឹត្តទៅពិធីបុណ្យទានជាថ្ងៃដែលប្រជាជនឈប់សម្រាកពីការងារ ស្លៀកសំលៀកបំពាក់ស្អាតៗ រៀបចំម្ហូបឆ្ងាញ់ៗ ហើយឧទ្ទិសកុសល់ដល់អ្នកដែលមានគុណូបការៈចំពោះប្រទេសជាតិ (បានរួមចំណែកប្រយុទ្ធជាមួយបរទេសឈ្លានពាន ឬនាំយកមុខរបរថ្មីសម្រាប់អ្នកភូមិ)។ ដូចប្រសាសន៍របស់សាស្រ្តាចារ្យ Dinh Gia Khanh   ពិធីបុណ្យទានប្រព្រឹត្តទៅបញ្ជាក់ពីភាពរឹងមាំនៃជីវភាពរស់នៅរបស់សហគមន៍ មានន័យថា មនុស្សគ្រប់គ្នាមានសេចក្តីសុខ”។

ផ្សព្វផ្សាយធនធានវប្បធម៌ពីបណ្តាពិធីបុណ្យប្រពៃណី - ảnh 2មុនពេលបើកពិធីបុណ្យវិហារ Tran បានប្រព្រឹត្តទៅពិធី "ដង្ហែទឹក និងបូជាត្រី"  ដែលជាពិធីដ៏សំខាន់មួយសំដៅលើកស្ទួយវិស័យកសិកម្ម និងនេសាទ ដើម្បីឧទ្ទិសដល់បុព្វការីជននៃរាជវង្ស Tran ដែលជារាជវង្សដែលបានចាប់ផ្តើមអាជីវកម្មពីការនេសាទ (រូបថត៖ VOV)

ពីវិធីសាស្រ្តនៃឧស្សាហកម្មវប្បធម៌ សកម្មភាពរៀបចំ និងលក្ខណៈវិសេសវិសាលរបស់ពិធីបុណ្យប្រពៃណី បានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ក្លាយជាធនធានសម្រាប់ការអភិវឌ្ឍ។ ជាឧទាហរណ៍ ពិធីបុណ្យវិហារ Tran នៅខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) ដែលជារៀងរាល់ឆ្នាំតែងតែរួមចំណែកជាង ៤០ ពាន់លានដុង (ស្មើនឹង ១,៧លានដុល្លាអាមេរិក) សម្រាប់ថវិការមូលដ្ឋាន ឬពិធីបុណ្យវត្ត Huong ជារៀងរាល់ឆ្នាំរកចំណូលបានរាប់រយពាន់លានដុង...។ លោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue បានវាយតម្លៃថា៖ “ចំណុចលេចធ្លោក្នុងបណ្តាពិធីបុណ្យនិទាឃរដូវដើមឆ្នាំរបស់ Hue ដូចជា៖ ពិធីបុណ្យវិហារ Huyen Tran; ពិធីបុណ្យបោកចំបាប់ភូមិ Thu Le; ពិធីបុណ្យចំបាប់ភូមិ Sinh ឬពិធីបុណ្យនេសាទភូមិ Thai Duong ... ត្រូវបានប្រារព្ធឡើងនៅដើមឆ្នាំនេះតែងតែទាក់ទាញភ្ញៀវទេសចរមួយភាគធំ។ សូម្បីតែក្នុងថ្ងៃដំបូងនៃឆ្នាំ ភ្ញៀវទេសចរជាច្រើនមកទស្សនា Thua Thien Hue ហើយបេតិកភណ្ឌវប្បធម៌តែងតែជម្រើសកំពូលដែរ។  យើងចាត់ទុកនោះជាទិន្នន័យផង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ នោះក៏អាចជាជាធនធានដែលបង្កើតភាពទាក់ទាញសម្រាប់អភិវឌ្ឍវប្បធម៌ កីឡា និងទេសចរណ៍នៅក្នុងខេត្ត Thua Thien Hue”។

តម្លៃវប្បធម៌ប្រពៃណីគឺជាកម្លាំងផ្ទៃក្នុងប្រកបដោយនិរន្តរភាព

បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា “កត្តាវប្បធម៌ត្រូវតែតភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅ និងសកម្មភាពសង្គមលើគ្រប់ទិដ្ឋភាពនៃនយោបាយ សេដ្ឋកិច្ច ច្បាប់ វិន័យ… ដោយប្រែក្លាយទៅជាធនធានផ្ទៃក្នុងសំខាន់បំផុតនៃការអភិវឌ្ឍ”។

ដោយបានកំណត់យ៉ាងច្បាស់លាស់នូវតួនាទីរបស់វប្បធម៌ ក្នុងដំណើរការដឹកនាំប្រទេសជាតិ បក្ស រដ្ឋ តែងតែផ្តោតការយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាម។ ទស្សនៈរបស់បក្សបានអះអាងថា គុណតម្លៃវប្បធម៌ប្រពៃណីវៀតណាមតែងតែជាកម្លាំងផ្ទៃក្នុងប្រកបដោយនិរន្តរភាពក្នុងដំណើរការផ្លាស់ប្តូរ និងសមាហរណកម្ម ក្លាយជាកម្លាំងចលករដ៏រឹងមាំ រួមចំណែកលើកកំពស់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្សក៏បានចែងយ៉ាងច្បាស់ថា៖ “បំផុសបំណងចង់អភិវឌ្ឍន៍ប្រទេសជាតិរុងរឿង លើកតម្កើងតម្លៃវប្បធម៌ កម្លាំងប្រជាជនវៀតណាម និងស្មារតីសាមគ្គីភាព មោទនភាពជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ”។ បច្ចុប្បន្ននេះ ក្រសួង ស្ថាប័ន មូលដ្ឋានពាក់ព័ន្ធទាំងអស់ កំពុងអនុវត្តន៍យ៉ាងសកម្មនូវទិសដៅទាំងនេះ។

ក្នុងពេលជាមួយគ្នានោះ  យោងតាមអ្នកស្រាវជ្រាវជាច្រើន ដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌ កត្តាសំខាន់បំផុតមួយគឺសក្តានុពលវប្បធម៌របស់ប្រទេសជាតិ ដែលក្នុងនោះ ពិធីបុណ្យប្រពៃណីកង្កប់ដោយតម្លៃស្នូល។ ព្រោះថា មានតែតាមរយៈការទាញយកទុនវប្បធម៌ប៉ុណ្ណោះ ទើបយើងអាចបង្កើតអត្តសញ្ញាណដោយឡែករបស់ប្រទេសនីមួយៗ និងលើកកម្ពស់ធនធានសម្រាប់ការអភិវឌ្ឍ។ ពីទីនោះ បង្កើតឡើងឋានៈរបស់វៀតណាមក្នុងលំហូរវប្បធម៌ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ