ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងកម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) - កិច្ចប្រជុំកំពូលរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទីមួយ បានប្រព្រឹត្តទៅនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ (ថ្ងៃទី៤-៦ ខែធ្នូ)។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដោយបានចាក់គ្រឹះជាផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីនៅកម្រិតខ្ពស់បំផុតរវាងរដ្ឋសភានៃប្រទេសទាំងបី។ ទន្ទឹមនឹងនោះ ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក រួមចំណែកដល់ការតម្រង់ទិសនៃទំនាក់ទំនងទូទៅរវាងប្រទេសទាំងបីផងដែរ។

ដោយមានប្រធានបទ៖ “ពង្រឹងតួនាទីសភាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ឡាវ និងវៀតណាម” កិច្ចប្រជុំកំពូលរដ្ឋសភា CLV បានផ្ដោតសំខាន់លើការស្រាវជ្រាវ និងពិភាក្សាលើវិស័យសហប្រតិបត្តិការនានា រួមមាន៖ នយោបាយ-កិច្ចការបរទេស; សេដ្ឋកិច្ច វប្បធម៌ - សង្គម; សន្តិសុខការពារជាតិ។

ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងកម្ពុជា-ឡាវ-វៀតណាម - ảnh 1ប្រធានរដ្ឋសភាកម្ពុជា សម្តេចឃួន សុដារី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។ (រូបថត៖ quochoi.vn)

ចាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនៅកម្រិតខ្ពស់បំផុតរវាងរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម

នៅឆ្នាំ២០២២ នៅកម្ពុជា ប្រធានរដ្ឋសភានៃប្រទេសទាំងបីបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការបង្កើតយន្តការកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV)។

នេះជាយន្តការដំបូងគេដែលត្រូវបានបង្កើតឡើងរវាងប្រមុខនៃស្ថាប័ននីតិប្បញ្ញត្តិទាំងបី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមកាណាល់សភា គាំទ្ររដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការ ការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបី ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍និយាយដោយឡែក និងជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម និយាយរួម។ ទាក់ទិននឹងអត្ថន័យនៃកិច្ចប្រជុំកំពូលរដ្ឋសភា CLV ដែលធ្វើឡើងជាលើកដំបូងនៅប្រទេសឡាវ អនុប្រធានរដ្ឋសភាអចិន្ត្រៃយ៍ឡាវ លោកស្រី Sounthone Xayachak បានមានប្រសាសន៍ថា៖

“ការដែលប្រធានរដ្ឋសភានៃប្រទេសទាំងបីបានឯកភាពលើកកំពស់កិច្ចប្រជុំពីកម្រិតគណៈកម្មាធិការឡើងថ្នាក់ប្រធានរដ្ឋសភា គឺសំដៅជួយទំនាក់ទំនងរវាងរដ្ឋសភាទាំងបីឲ្យសមស្របនឹងយន្តការសហប្រតិបត្តិការតាមកាណាល់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងបី។ នេះនឹងជាយន្តការសម្របសម្រួលមួយ ដើម្បីពិភាក្សាអំពីវិធានការជួយឱ្យទំនាក់ទំនងរវាងប្រទេសទាំងបី កាន់តែមានប្រសិទ្ធភាព ស្របតាមទំនាក់ទំនងជាប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសយើងទាំងបីបានប្រកៀកស្មាគ្នា ចែករំលែកគ្នាទាំងភាពងាយស្រួលនិងការលំបាកលំបិន ហើយរួមគ្នាដណ្ដើមបានឯករាជ្យយូរអង្វែងសម្រាប់ប្រទេសជាតិ”។

ជំរុញកិច្ចសហប្រតិបត្តិការជាមួយឡាវ និងកម្ពុជាលើកាណាល់សភា

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទីមួយ ដើម្បីអនុវត្តន៍គោលជំហរ គោលមាគ៌ាកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយឡាវ និងកម្ពុជា លើកាណាល់សភា និងសេចក្ដីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការតំរង់ទិសកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គរហូតដល់ឆ្នាំ ២០៣០ តាមនោះបំពេញតម្រូវការទាំងក្នុងស្រុក និងកិច្ចការបរទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ; ជំរុញការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន បទពិសោធន៍នីតិបញ្ញត្តិ ការឃ្លាំមើលនិងការអនុវត្តជាក់ស្ដែងរវាងរដ្ឋសភា CLV ទាំងបី ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយកិច្ចការបរទេស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងបីនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងការតភ្ជាប់សេដ្ឋកិច្ចទាំងបី។ ជំរុញ និងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងគម្រោងសហប្រតិបត្តិការដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានចុះហត្ថលេខា; សម្របសម្រួលអនុវត្តន៍កិច្ចព្រមព្រៀងអន្តរជាតិពហុភាគី ដែលប្រទេសទាំងបីជាសមាជិក។ ពិភាក្សាអំពីវិធីដើម្បីសម្របសម្រួលកៀរគរមូលធនពីដៃគូក្នុងនិងក្រៅតំបន់ CLV ដើម្បីអនុវត្តន៍កម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងវិស័យអាទិភាពផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការផងដែរ។

ទន្ទឹមនឹងការចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាប្រទេសទាំង៣ CLV ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏បំពេញទស្សនកិច្ចការងារនៅប្រទេសឡាវផងដែរ។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋសភាទាំងពីរ និងប្រជាជនវៀតណាម-ឡាវ លោកប្រធានរដ្ឋសភាបានជួបសន្ទនា និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរដ្ឋឡាវ អំពីទិសដៅ និងវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅពេលដែលប្រធានរដ្ឋសភាទាំង៣បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូលរដ្ឋសភា CLV រហូតដល់ការរៀបចំកិច្ចប្រជុំលើកដំបូងនៅទីក្រុងវៀងចន្ទន៍ រដ្ឋសភានៃប្រទេសទាំង៣កំពុងរួមគ្នាធ្វើជាក់ស្ដែងភាវូបនីយកម្មនូវចក្ខុវិស័យ លើកកំពស់តួនាទីរបស់រដ្ឋសភា-ស្ថាប័នតំណាងរបស់ប្រជាជននៃប្រទេសនីមួយៗ និងរួមដៃគ្នាធ្វើសកម្មភាព ដើម្បីអោយប្រទេសទាំងបីអាចដើរទៅមុខបានលឿនជាង ហើយឈានទៅដល់គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងពិភពលោកមួយពោរពេញទៅដោយការប្រែប្រួល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ