ពង្រឹងជំនឿទុកចិត្តនិងភាពស្អិតរមួតរវាងវៀតណាមនិងឥណ្ឌា

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា Om Birla នាថ្ងៃទី ១៩ មេសា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទៅកាន់ប្រទេសឥណ្ឌាក្នុងខែធ្នូ ឆ្នាំ ២០២១ និងជំនួបសន្ទនាតាមទូរស័ព្ទ រវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Narendra Modi នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា Om Birla បន្តរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ពង្រឹងជំនឿទុកចិត្តនិងភាពស្អិតរមួតរវាងវៀតណាមនិងឥណ្ឌា - ảnh 1និងប្រធានរដ្ឋសភាឥណ្ឌាលោក Om Birla (ខាងឆ្វេង) ទទួលជួបប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាកាលពីឆ្នាំ២០២១។
(រូបថត៖ quochoi.vn)

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលនៅឆ្នាំ ២០២២ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (៧ មករា ១៩៧២ - ៧ មករា ២០២២)។ ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា (ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០១៦) ត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លា ទោះបីស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ-១៩ក៏ដោយ។

វៀតណាមនិងឥណ្ឌាចែករំលែកតម្លៃរួមជាច្រើន

ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់និងកាន់តែមានប្រសិទ្ធភាពក្នុងវិស័យជាច្រើន ហើយប្រជាជនគ្រប់ស្រទាប់វណ្ណៈនៃប្រទេសទាំងពីរកាន់តែជិតសិទ្ធិជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសទាំងពីរមានទំនាក់ទំនងវប្បធម៌និងអរិយធម៌ដ៏យូរលង់និងសម្បូរបែប ហើយតែងតែចែករំលែកតម្លៃរួមជាច្រើនអំពីសេចក្តីស្នេហាជាតិ ទំនៀមទម្លាប់មនុស្សធម៌ និងការស្រឡាញ់សន្តិភាព ជាពិសេស តែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការកសាង និងការពារប្រទេសជាតិ។

ក្នុងដំណាក់កាលបច្ចុប្បន្ន ប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ពូនជ្រុំចំណងមិត្តភាពនិងជំរុញការអភិវឌ្ឍទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងឥណ្ឌាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា លោក Nguyen Manh Hung បានអះអាងថា៖

“លក្ខណៈស្រដៀងគ្នាក្នុងគោលនយោបាយនិងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រជាជនវៀតណាមនិងប្រជាជនឥណ្ឌា នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់យើងក្នុងការពង្រីកទំនាក់ទំនងសហប្រតិបត្តិការ។ មានកម្មវិធីនិងផែនការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គមទ្វេភាគីជាច្រើន ដែលកំពុងត្រូវបានបង្កើតឡើង ហើយបានអនុវត្តន៍យ៉ាងសកម្មសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គមជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព រវាងបណ្តាក្រសួង ស្ថាប័ន អង្គភាព និងសហគ្រាស...។ នេះនឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការពូនជ្រុំឲ្យភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌា”។

នៅចុងឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិត នាយករដ្ឋមន្ត្រីនៃភាគីទាំងពីរបានអនុម័តលើ "ចក្ខុវិស័យរួមសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន" មានលក្ខណៈប្រវត្តិសាស្ត្រ ដោយកំណត់គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

បច្ចុប្បន្ន ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា បានពង្រីកលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ ចាប់ពីការផ្លាស់ប្តូរនយោបាយ រហូតដល់ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការថាមពល ដៃគូអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ រួមជាមួយនឹងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនេះបង្ហាញពីទំនាក់ទំនងពិសេសដែលភាគីទាំងពីរចែករំលែក ក៏ដូចជាការជឿទុកចិត្តគ្នានិងការយោគយល់គ្នាទៅវិញទៅមក។

ឱកាសភាពជាដៃគូថ្មីនិងគោលដៅធំជាងនេះ

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងឥណ្ឌានិងវៀតណាមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ “ចក្ខុវិស័យរួមដើម្បីសន្តិភាព វិបុលភាពនិងប្រជាជន” បានកំណត់អាទិភាពនៃកិច្ចសហប្រតិបត្តិការដើម្បីបង្កើតភាពជាដៃគូថ្មី ខ្សែសង្វាក់ផ្គត់ផ្គង់រស់រវើក ដែលអាចទុកចិត្តបាន ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩ និងកំណត់គោលដៅសម្រេចបានទំហំពាណិជ្ជកម្មឈានដល់ ១៥ ពាន់លានដុល្លារ។ ប្រការនេះទទួលស្គាល់ការបំពេញបន្ថែមដ៏រឹងមាំនៃទីផ្សារក្នុងប្រទេសដ៏ធំរបស់ឥណ្ឌា និងចក្ខុវិស័យនៃការពឹងផ្អែកលើខ្លួនឯងជាមួយនឹងភាពរឹងមាំ និងសមត្ថភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់វៀតណាម។ វៀតណាមនិងឥណ្ឌាកំពុងកសាងភាពជាដៃគូថ្មីលើវិស័យដែលកំពុងរីកចម្រើនដូចជា បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ថាមពលកកើតឡើងវិញ ការច្នៃប្រឌិត ...ជាដើម។

ទស្សនៈនិងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ក៏បង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ បច្ចុប្បន្ននេះ វៀតណាមគឺជាសសរស្តម្ភដ៏សំខាន់នៃគោលនយោបាយ Act East របស់ឥណ្ឌានិងជាដៃគូសំខាន់មួយសម្រាប់ចក្ខុវិស័យឥណ្ឌា-ប៉ាស៊ីហ្វិក។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma បានអះអាងថា៖

“គោលនយោបាយសកម្មភាពបូព៌ាទិស” គឺជាចក្ខុវិស័យជាមូលដ្ឋានមួយរបស់យើងខ្ញុំក្នុងការធ្វើអន្តរកម្មជាមួយតំបន់ជុំវិញ ទៅកាន់តំបន់ខាងកើតរបស់ឥណ្ឌា។ វៀតណាមមានភាពលេចធ្លោខ្លាំងក្នុងចក្ខុវិស័យនោះ។ ក្នុងនាមជាដៃគូជិតស្និទ្ធរបស់ឥណ្ឌាក្នុងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសន្តិសុខពហុភាគី និងជាតំណភ្ជាប់ដ៏សំខាន់ក្នុងការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះអាស៊ាន វៀតណាមពិតជាដៃគូដែលមិនអាចខ្វះបានក្នុងចក្ខុវិស័យឥណ្ឌា-ប៉ាស៊ីហ្វិក ដោយឈរលើតម្លៃ និងផលប្រយោជន៍រួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់”។

ឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla បន្តជាសញ្ញាថ្មីសម្រាប់ដំណើរ ៥០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ រួមចំណែកក្នុងការពង្រឹងទំនុកចិត្តខាងនយោបាយដែលមានស្រាប់ នឹងការបង្កើតសន្ទុះសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ