រក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នាថ្ងៃទី៤ ខែធ្នូ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ច នេះគឺសំដៅបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង រឹតបន្តឹងជំនឿទុកចិត្តផ្នែកនយោបាយ ព្រមទាំងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរអោយកាន់តែល្អប្រសើរពី មួយថ្ងៃទៅមួយថ្ងៃផងដែរ។
រក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសវនាការជាមួយសមភាគីកូរ៉េខាងត្បូងលោក Moon Hee Sang នៅខាងក្រៅកិច្ចប្រជុំប្រធានរដ្ឋសភាបណ្ដាប្រទេសអាស៊ី-អឺរ៉ុបលើកទី៣ កាលពីខែតុលា ឆ្នាំ២០១៨នៅប្រទេសទួរគី (រូបថត៖ TTXVN)


 
កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន

        កូរ៉េខាងត្បូងជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់វៀតណាម ដែលឈរលំដាប់ទី១ អំពីការបណ្ដាក់ទុនចូលមកវៀតណាម ទី២អំពីការផ្ដល់ទុន ODA សម្រាប់វៀតណាម (បន្ទាប់ពីជប៉ុន) និងទី៣អំពីទំហំពាណិជ្ជកម្មជាមួយវៀតណាម (បន្ទាប់ពីចិននិងសហភាពអឺរ៉ុប)។ ប្រទេសទាំងពីរកំពុងរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីនានាដូចជា គណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងវិទ្យាសាស្ត្របច្ចេកទេសវៀតណាម-កូរ៉េខាងត្បូង គណៈកម្មាធិការចម្រុះថ្នាក់រដ្ឋមន្ត្រីអំពីកិច្ចសហប្រតិបតិ្តការអគ្គីសនីថាមពលនុយក្លេអ៊ែរ និងឧស្សាហកម្ម។

        ក្នុងចន្លោះពីខែមករាដល់ខែតុលាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបាន ៥៤ពាន់២រយលានដុល្លាអាមេរិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូងដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ បានបង្កើតកម្លាំងចលករថ្មីដើម្បីរួមចំណែកអនុវត្តន៍គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០ តាមការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៨ កូរ៉េខាងត្បូងឈរលំដាប់ទី២ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១០៤ដែលបណ្ដាក់ ទុនចូលមកវៀតណាម ដោយដើមទុនចុះបញ្ជីប្រមាណ៦ពាន់៥រយលានដុល្លាអាមេរិក ស្រូបយក ២៣,៤%នៃដើមទុនសរុបចូលមកវៀតណាម។

        កូរ៉េខាងត្បូងកំពុងជាដៃគូផ្ដល់ទុន ODA ធំទី២របស់វៀតណាម ហើយវៀតណាមជាប្រទេសទទួលទុន ODA ធំបំផុតរបស់កូរ៉េខាងត្បូងវិញ។ កូរ៉េខាងត្បូងបានផ្ដល់កញ្ចប់ឥណទានអនុគ្រោះពីមូលនិធិសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ប្រមាណ១ពាន់២រយលានដុល្លាអាមេរិក សម្រាប់ដំណាក់កាល២០១២-២០១៥និងកញ្ចប់ប្រមាណ១ពាន់៥រយលានដុល្លាអាមេរិកសម្រាប់ដំណាក់កាល២០១៦-២០២០ ដែលផ្តោតទៅលើវិស័យចំនួន៣នោះគឺ កំណើនបៃតង កសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ជាទូទៅ គម្រោងការណ៍ ODA នានារបស់កូរ៉េខាងត្បូងសុទ្ធតែផ្ដោតទៅលើវិស័យអាទិភាពរបស់វៀតណាមដែរ។

        ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កូរ៉េខាងត្បូងជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលផ្គត់ផ្គង់ភ្ញៀវទេសចរយ៉ាងច្រើនបំផុតសម្រាប់វៀតណាម។ ក្នុងឆ្នាំ២០១៧ ភ្ញៀវកូរ៉េខាងត្បូងជាង២លាន៥សែននាក់បានមកដល់វៀតណាម ពោលគឺកើនឡើង៤៦%បើប្រៀបធៀបនឹងឆ្នាំ២០១៦។ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ មានភ្ញៀវកូរ៉េខាងត្បូងប្រមាណ២លាន៨សែននាក់មកកាន់វៀតណាម ពោលគឺកើនឡើង ៤៨,៣%។ ផ្ទុយទៅវិញ បរិមាណភ្ញៀវទេសចរវៀតណាមមកដល់កូរ៉េខាងត្បូងក៏កើនឡើងជាបន្តបន្ទាប់ផងដែរ។

        កិច្ចសហប្រតិបតិ្តការផ្នែកវប្បធម៌ កីឡានិងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរផងដែរ។ តាមការធ្វើស្ថិតិនៃនាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍កូរ៉េខាងត្បូងថា គិតដល់ខែតុលាឆ្នាំ២០១៨ សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងមាន១៩សែននាក់។ កូរ៉េខាងត្បូងក៏មានសហគមន៍អាណិកជននៅវៀតណាមប្រមាណ១៥សែននាក់ផងដែរ។ នាបច្ចុប្បន្ន មានខេត្តក្រុងនិងតំបន់ចំនួន៦០កន្លែងនៃប្រទេសទាំងពីរបានចុះហត្ថលេខានិងកំពុងអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការ។

        បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង

        នាពេលកន្លងទៅ ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាកូរ៉េខាងត្បូងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរទាំងទ្វេភាគីទាំងពហុភាគី។ក្នុងអាណត្តិទាំងពីរថ្មីៗនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងសុទ្ធតែអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមខណៈដែលអនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ក៏អញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដែរ។ ភាគីទាំងពីរតែងតែផ្លាស់ប្ដូរគណៈប្រតិភូនៃស្ថាប័ននានាចំណុះរដ្ឋសភា។

        ក្នុងកាលៈទេសៈនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan គឺសំដៅអះអាងនូវការគោរពរបស់វៀតណាមក៏ដូចជាគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងឡើងកំពស់ថ្មីមួយ ព្រមទាំងអភិវឌ្ឍន៍ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរអោយកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ