រូបភាពនៃរដ្ឋសភាមួយដែលធ្វើសកម្មភាពនិងផ្លាស់ប្ដូរថ្មី

(VOVWORLD) -  ឆ្នាំ២០២១ជាឆ្នាំដែលបន្សល់ទុកមកនូវសញ្ញាសម្គាល់ជាច្រើននៅក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៥ នៅពេលដែលសម័យប្រជុំដំបូងទាំង២លើក សុទ្ធតែប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសជាតិត្រូវ រងផលប៉ះពាល់ដ៏ធំដោយជម្ងឺកូវីដ-១៩។ ទោះយ៉ាងណាក៏ដោយ ក្នុងបរិបទនោះ ការសម្រេចចិត្តយ៉ាងឆាប់រហ័សនិងទាន់ពេលវេលារបស់រដ្ឋសភាបានបង្ហាញពីស្មារតីនៃការរួមដំណើរ ចែករំលែកជាមួយរដ្ឋាភិបាលដើម្បីជួយគាំទ្រឲ្យបានឆាប់បំផុត ទាន់ពេលវេលាបំផុត និងមានប្រសិទ្ធ ភាពបំផុតចំពោះការលំបាកដែលអាជីវកម្មនិងប្រជាជនបាននិងកំពុងជួបប្រទះ។

៣ខែចាប់តាំងពីរដ្ឋសភានីតិកាលទី១៥ត្រូវបានឧទ្ទេសនាមដល់ប្រជាជន (ខែតុលាឆ្នាំ២០២១) ក៏ជាពេលវេលាដែលប្រទេសជាតិខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃយ៉ាងដូច្នេះថា៖ ជាជំហានដំបូង រដ្ឋសភាបានបង្ហាញខ្លួនជារដ្ឋសភាធ្វើសកម្មភាព ស្នងបន្តប្រពៃណី សេចក្ដីប្រាថ្នាអំពីការផ្លាស់ប្ដូរថ្មីនិងការលះបង់ ជានិច្ចកាលដាក់ប្រជាជននិងអាជីវកម្មនៅមជ្ឈភាពក្នុងការសម្រេចចិត្តទាំងអស់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ

នៅសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥បានពង្រឹងក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋ ព្រមទាំងពង្រឹងជួរកម្មាភិបាលជាន់ខ្ពស់ដើម្បីសម្រេចរួចរាល់ការងារកម្មាភិបាលទាំងស្រុងនៃអាណត្តិថ្មី។ នេះជាភារកិច្ចស្នូលនៃសម័យប្រជុំ ដែលសម្រេចដោយផ្ទាល់ទៅលើគុណភាព ប្រសិទ្ធភាពប្រតិបត្តិការនៃក្បាលម៉ាស៊ីនរដ្ឋក្នុងអំឡុងអាណត្តិនេះ។ សមាជិករដ្ឋសភាបានអនុម័ត បោះឆ្នោតឬផ្ដល់សច្ចាប័នលើមុខតំណែងជាច្រើន ក្នុងនោះរួមមាន៖ ប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រធានតុលាការកំពូល អគ្គរដ្ឋអាជ្ញាអមតុលាការប្រជាជនកំពូល។ នៅសម័យប្រជុំនេះដែរ រដ្ឋសភាបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ ក្នុងនោះដាក់ចេញគោលដៅសម្រាប់កំណើនជាមធ្យម៥ឆ្នាំគឺចន្លោះពី៦,៥ដល់៧% GDP ជាមធ្យមក្នុងមនុស្សម្នាក់ដល់ឆ្នាំ២០២៥ សម្រេចបានប្រមាណ៤៧០០-៥០០០ដុល្លាអាមេរិក។

រូបភាពនៃរដ្ឋសភាមួយដែលធ្វើសកម្មភាពនិងផ្លាស់ប្ដូរថ្មី - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VGP)

ក្នុងឆ្នាំ២០២១ រដ្ឋសភានីតិកាលទី១៥បានបង្ហាញយ៉ាងច្បាស់នូវរូបភាពនៃរដ្ឋសភាមួយដែលធ្វើសកម្មភាព។ សេចក្ដីសម្រេចសំខាន់ជាច្រើន ពាក់ព័ន្ធដល់ការអភិវឌ្ឍប្រទេសជាតិ ត្រូវបានចេញផ្សាយ ហើយបង្កើតឡើងបុព្វបទសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ ក្នុងស្ថានភាពកូវីដ-១៩ដ៏ស្មុគស្មាញនោះ រដ្ឋសភាបានអនុញ្ញាតឲ្យរដ្ឋាភិបាលកំណត់ ហើយរៀបចំអនុវត្តន៍ខ្លឹមសារជាច្រើនដែលខុសពីបទបញ្ញត្តិនៃច្បាប់បច្ចុប្បន្ន ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់បន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ក៏ដូចជាគោលនយោបាយសំខាន់និងជាក់ស្ដែងជាច្រើនដើម្បីកៀងគរប្រភពធនធាន ជួយឧបត្ថម្ភដល់និយោជិកនិងនិយោជក ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ផងដែរ។ នេះគឺជាដំណោះស្រាយដែលមិនធ្លាប់មានតាំងពីមុនមក។ វាយតម្លៃជាទូទៅពីតួនាទីរបស់រដ្ឋសភា ក្នុងសុន្ទរកថាបើកសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានលើកច្បាស់ថា៖

“រដ្ឋសភា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយប្រទេសទាំងមូល ដើម្បីទប់ស្កាត់ គ្រប់គ្រងជម្ងឺរាតត្បាត រក្សាប្រតិបត្តិការផលិតកម្ម អាជីវកម្ម ជួយឧបត្ថម្ភប្រជាជននិងអាជីវកម្មជំនះលើការលំបាកសាកល្បង។ ជាជំហានដំបូងបានបង្ហាញខ្លួន ជារដ្ឋសភាដែលធ្វើសកម្មភាព ស្នងបន្តប្រពៃណី សេចក្ដីប្រាថ្នាអំពីការផ្លាស់ប្ដូរថ្មីនិងការលះបង់ ជានិច្ចកាលដាក់ប្រជាជននិងអាជីវកម្មនៅមជ្ឈភាពក្នុងសេចក្ដីសម្រេចទាំងអស់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ”។

ការទទួលខុសត្រូវនិងការផ្លាស់ប្ដូរថ្មី

នៅសម័យប្រជុំដំបូងទាំងពីររបស់រដ្ឋសភានីតិកាលទី១៥ សំណើរជាច្រើនអំពីការផ្លាស់ប្ដូរថ្មីរបៀបរៀបចំសម័យប្រជុំតាមទម្រង់អនឡាញ ត្រូវបានអនុវត្តន៍។ រដ្ឋសភាបានពិភាក្សាតាមក្រុម នៅទាំងអគាររដ្ឋសភាផងនិងនៅខេត្ត ក្រុងនានាក្រោមឱវាទមជ្ឈឹមផង។ គួរឲ្យកត់សម្គាល់ថា ចំពោះការពិភាក្សាតាមក្រុមនៅមូលដ្ឋាន គណៈប្រតិភូសមាជិករដ្ឋសភាបានអញ្ជើញថ្នាក់ដឹកនាំនៃអាជ្ញាធរមូលដ្ឋាន មន្ទីរ ស្ថាប័នជំនាញ និងអ្នកជំនាញបន្ថែមទៀតមកចូលរួមនិងផ្ដល់មតិយោបល់អំពីខ្លឹមសារសម្រាប់ដាក់ជូនរដ្ឋសភា តាមនោះអនុវត្តន៍គោលជំហររួមរបស់រដ្ឋសភាអំពីការពង្រីកប្រជាធិបតេយ្យ នាំឲ្យជីវភាពរស់នៅជាក់ស្ដែងចូលក្នុងច្បាប់និងសេចក្ដីសម្រេចចិត្ត។

រដ្ឋសភាក៏បានម្ចាស់ការកាត់បន្ថយពេលវេលានៃកិច្ចប្រជុំ ចាប់ផ្ដើមសាកល្បងការបោះឆ្នោតអេឡិចត្រូនិក មិនត្រឹមតែជាដំណោះស្រាយជាបណ្ដោះ អាសន្នក្នុងស្ថានភាពកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកគោលដៅឆ្ងាយៗជាងទៀត គឺរដ្ឋសភាអាចប្រារព្ធកិច្ចប្រជុំតាមអនឡាញយ៉ាងពេញលេញដើម្បីពិនិត្យមើល សម្រេចឲ្យទាន់ពេលវេលាលើបញ្ហានានាចំណុះសមត្ថកិច្ចរបស់ខ្លួន។ អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong បានចែករំលែកថា៖

“យើងត្រូវតែសម្របខ្លួនប្រកបដោយភាពបត់បែនផង ព្រមទាំងត្រូវធានាការបំពេញតាមតម្រូវការទាំងអស់ ហើយមានការផ្លាស់ប្ដូរថ្មី ដើម្បីបង្ហាញឲ្យឃើញថា រដ្ឋសភាតាមទាន់លំហូរជីវភាព ហើយយើងបានអនុវត្តន៍យ៉ាងល្អនូវភាកិច្ចទាំងអស់ដែលម្ចាស់ឆ្នោតនិងប្រជាជនក្នុងទូទាំងប្រទេសបានប្រគល់ជូនរដ្ឋសភាវៀតណាម”។

រាល់លទ្ធផលរបស់រដ្ឋសភាក្នុងឆ្នាំ២០២១បន្តគូសបញ្ជាក់នូវការបោះជំហានដ៏សំខាន់ៗក្នុងការកសាងរដ្ឋសភាមួយតាមពាក្យស្លោក “ម្ចាស់ការ បញ្ញា សាមគ្គីភាព ផ្លាស់ប្ដូរថ្មី និងមានការទទួលខុសត្រូវ” ដែលជានិច្ចកាលដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជននៅចម្បងនឹងមុនបង្អស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ