វៀតណាម៖ សមាជិកដ៏សកម្មក្នុងទំនាក់ទំនងអាស៊ាន-ជប៉ុន; ដៃគូ​ដ៏សំខាន់រ​បស់​ជប៉ុន

(VOVWORLD) - នាថ្ងៃទី ១៥ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននៅទីក្រុងតូក្យូ (ជប៉ុន) និងធ្វើសកម្មភាពទ្វេភាគីនានានៅជប៉ុន។ ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ធ្នូ មិនត្រឹមតែអះអាងពីតួនាទី និងការរួមវិភាគទានដ៏សំខាន់របស់វៀតណាមសម្រាប់ទំនាក់ទំនងអាស៊ាន-ជប៉ុនប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីជំរុញថែមទៀតទំនាក់ទំនងវៀតណាម-ជប៉ុនក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបនឹងបានបង្កើត។
វៀតណាម៖ សមាជិកដ៏សកម្មក្នុងទំនាក់ទំនងអាស៊ាន-ជប៉ុន; ដៃគូ​ដ៏សំខាន់រ​បស់​ជប៉ុន - ảnh 1ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ រូបថត៖ Duong Giang/TTXVN

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនរំលឹកខួបលើកទី៥០ (១៩៧៣-២០២៣) នៃការបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងតូក្យូ (ជប៉ុន)។ ក្នុងដំណាក់កាលនៃកិច្ចសហប្រតិបត្តិការដែលកាន់តែស៊ីជម្រៅជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ វៀតណាមបានរួមវិភាគទានដ៏សំខាន់ៗជាច្រើន   ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងល្អប្រសើររវាងវៀតណាម និងជប៉ុន។

ការរួមវិភាគទានដ៏សំខាន់របស់វៀតណាមសម្រាប់ទំនាក់ទំនងអាស៊ាន-ជប៉ុន

ដោយផ្ដោតលើឋានៈ និងតួនាទីរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បានសង្កត់ធ្ងន់ថា ចំពោះជប៉ុន វៀតណាមគឺជាប្រទេសដ៏ “សំខាន់” ក្នុងអាស៊ាន ដើរតួនាទីស្នូលក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកំណត់រូបរាងកម្លាំងចលករក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូតបានលើកឧទាហរណ៍អំពីការវិនិយោគ យោងទៅតាមការស្ទង់មតិកាលពីដើមឆ្នាំនេះរបស់អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) អត្រា ក្រុមហ៊ុនជប៉ុនដែលត្រៀមខ្លួនជាស្រេចពង្រីកសកម្មភាពវិនិយោគនៅវៀតណាមគឺខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ ស្របនឹងទស្សនៈនេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ានលោក Kiya Masahiko បានវាយតម្លៃថា៖ “វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកស្នូលរបស់អាស៊ាន ដោយស្ថិទនៅលើខ្សែផ្លូវសមុទ្រដ៏សំខាន់ ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយដើរតួនាទីដ៏ធំធេងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ក្នុងតំបន់។ ជាមួយជប៉ុន វៀតណាមគឺជាដៃគូដ៏សំខាន់លើគ្រប់វិស័យជាពិសេសគឺសន្តិសុខ សេដ្ឋកិច្ច។ ទំនាក់ទំនងនេះកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមិនត្រឹមតែមានសារៈសំខាន់ជាមួយវៀតណាម និងជប៉ុនប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាមួយអាស៊ាន ជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពទៀតផង”។

ចែករំលែកអំពីការរួមវិភាគទានរបស់វៀតណាមសម្រាប់ទំនាក់ទំនងអាស៊ាន-ជប៉ុន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានឲ្យដឹងថា នៅពេលដែលជប៉ុនលើកសំណើរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ និងបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុនក្នុងឆ្នាំនេះ វៀតណាមបានគាំទ្រ ហើយតែងតែចូលរួមវិភាគទានដ៏សំខាន់ និងទាន់ពេលវេលា ដើម្បីអនុវត្តន៍រាល់សំណើទាំងនេះ ធានាតាមផែនការដែលអាស៊ាន -ជប៉ុនបានដាក់ចេញកាលពីដើមឆ្នាំ។

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងក្របខ័ណ្ឌទំនាក់ទំនងថ្មី

វៀតណាម៖ សមាជិកដ៏សកម្មក្នុងទំនាក់ទំនងអាស៊ាន-ជប៉ុន; ដៃគូ​ដ៏សំខាន់រ​បស់​ជប៉ុន - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu។ រូបថត៖ Tuan Anh

ក្រៅពីការជំរុញថែមទៀតទំនាក់ទំនងរវាងអាស៊ាន-ជប៉ុនបន្ថែមទៀត ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បន្តជាសញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តិទៅមិនដល់មួយខែបន្ទាប់ពីប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក" ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ វិច្ឆិការបស់ប្រធានរដ្ឋលោក Vo Van Thuong។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅជប៉ុនត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាថែមទៀត ជួយប្រទេសទាំងពីរអនុវត្តន៍រាល់អាទិភាពសហប្រតិបត្តិការជាយុទ្ធសាស្ត្រថ្មីឲ្យបានឆាប់ៗ៖ “ដំណើរទស្សនកិច្ចនៅជប៉ុន និងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- ជប៉ុនរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងរួមចំណែកដ៏សំខាន់ទៅក្នុងជោគជ័យរួមនៃកិច្ចប្រជុំ ព្រមទាំងជំរុញថែមទៀតទំនាក់ទំនងរវាងវៀតណាម - ជប៉ុនក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលទើបនឹងបានបង្កើត។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថានឹងបន្តបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការងារ  នាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពផងដែរ។

លោកឯកអគ្គរដ្ឋទូត Yamada Takio បានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូ ដែលទើបបានបង្កើតថ្មីលើគ្រប់វិស័យដូជា៖ ពាណិជ្ជកម្ម វិនិយោគ នវានុវត្តន៍សហគមន៍បំភាយឧស្ម័នសុទ្ធអាស៊ី (AZEC) ឬសន្តិសុខការពារជាតិ ការតភ្ជាប់ក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (FOIP) ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ការជួបប្រាស្រ័យវប្បធម៌ និងសហការគ្នាតាមវេទិកាតំបន់ និងអន្តរជាតិ។ លោក ឯកអគ្គរដ្ឋទូត Yamada Takio បានអះអាងថា នាបច្ចុប្បន្នទំនាក់ទំនង រវាងប្រទេសទាំងពីរមិនត្រឹមតែជិតស្និទ្ធនៅកម្រិតទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារួបរួមគ្នារួមវិភាគទានដល់សន្តិភាព និងវិបុលភាពរបស់តំបន់ និងពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ