វៀតណាមជំរុញទំនាក់ទំនងជាមួយអាល្លឺម៉ង់និងនូវែលសេឡង់

(VOVWORLD) - ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២ វៀតណាមបានឃើញនូវសកម្មភាពកិច្ចការបរទេសសំខាន់ៗជាច្រើន។ ទន្ទឹមនឹងដំណើរទស្សនកិច្ចទ្វេភាគី និងការចូលរួមក្នុងវេទិកាពហុភាគីរបស់ថ្នាក់ដឹកនាំ វៀត ណាម វៀតណាមក៏ស្វាគមន៍ថ្នាក់ដឹកនាំជាច្រើនមកបំពេញទស្សនកិច្ចជាផ្លូវការផងដែរ។ ជាពិសេសនោះ ដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ Jacinda Arden កំពុងប្រព្រឹត្តទៅជាមួយនឹងកម្មវិធី និងផែនការសហប្រតិបត្តិការជាក់ស្តែង បង្កើតកម្លាំងចលករជំរុញទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ។

វៀតណាមជំរុញទំនាក់ទំនងជាមួយអាល្លឺម៉ង់និងនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់អធិការបតីអាល្លឺម៉ង់ Olaf Scholz នៅថ្ងៃទី ១៣ និង ១៤ ខែវិច្ឆិកា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់អធិការបតីអាល្លឺម៉ង់មកកាន់វៀតណាម បន្ទាប់ពីរយៈពេល ១១ ឆ្នាំចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រី Angela Merkel ក្នុងខែតុលា ឆ្នាំ ២០១១មក។ នេះក៏ជាដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំឆ្នាំ និងជាពិសេសបន្ទាប់ពីប្រទេសទាំងពីរមានរដ្ឋាភិបាលថ្មី។

ជំពូកថ្មីនៃទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់

ដំណើរទស្សនកិច្ចនេះមានអត្ថន័យធំធេងចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរក្នុងបរិបទដែលវៀតណាមនិងអាល្លឺម៉ង់កំពុងអនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រអស់រយៈពេលជាងមួយទស្សវត្សរ៍កន្លងមក (បានចុះហត្ថលេខាក្នុងឆ្នាំ ២០១១) ក៏ដូចជាសមិទ្ធិផលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ទាប់ពី ជាង ២ ឆ្នាំនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាន។

ក្នុងជំនួបពិភាក្សានាថ្ងៃទី ១៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី លោក Olaf Scholz បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាក់ស្តែងមួយចំនួនដូចជា៖ បើកទូលាយទីផ្សារប្រើប្រាស់ទំនិញ រក្សាខ្សែសង្វាក់ផ្គត់ផ្គង់  ប្រភពវត្ថុធាតុដើម និងទីតាំងផលិតកម្ម; ការដាក់ពង្រាយគម្រោងខ្សែរថភ្លើងក្រោមដីថ្មីនៅទីក្រុងហាណូយ ដោយមានការចូលរួមពីដៃគូ អាល្លឺម៉ង់។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ អប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ និងវិនិយោគ ជាដើម។ វៀតណាម និងអាល្លឺម៉ង់បានអនុម័តជាផ្លូវការនូវផែនការសកម្មភាពដំណាក់កាល២០២៣-២០២៤ ដើម្បីអនុវត្តន៍យ៉ាងរឹងមាំនូវភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ហើយទន្ទឹមនឹងនោះ ផ្តល់នូវចក្ខុវិស័យរយៈពេលវែងសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ និងលើសពីនេះទៅទៀត។  ក្នុងដំណើរទស្សនកិច្ចនេះ វៀតណាម និងអាល្លឺម៉ង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ហើយនេះគឺជាកិច្ចព្រមព្រៀងយុទ្ធសាស្ត្រការពារជាតិលើកដំបូងរវាងប្រទេសទាំងពីរ។

វៀតណាមជំរុញទំនាក់ទំនងជាមួយអាល្លឺម៉ង់និងនូវែលសេឡង់ - ảnh 2ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម លោកស្រី Tredene Dobson  (រូបថត៖ VGP/Quang Thuong)

អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ Olaf Scholz ទៅកាន់វៀតណាមនឹងបើកទំព័រថ្មី ក្នុងកិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីចំណាប់អារម្មណ៍ និងការគោរពកាន់តែខ្លាំងឡើងរបស់អាល្លឺម៉ង់ចំពោះអាស៊ីអាគ្នេយ៍ ជាពិសេសតួនាទី និងឋានៈរបស់វៀតណាម ដែលជាដៃគូដែលអាចទុកចិត្តបាន និងស្ថិរភាពរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងតំបន់ និងក្នុងពិភពលោកកំពុងផ្លាស់ប្តូរច្រើនដូចសព្វថ្ងៃ។

បង្កើតសន្ទុះសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់

ចូលរួមសកម្មភាពកិច្ចការបរទេសដ៏ផុលផុសក្នុងខែវិច្ឆិកា នាយករដ្ឋមន្ត្រីនូវែល សេឡង់លោកស្រី Jacinda Ardern កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះគឺជាសក្ខីភាពមួយចំពោះការអភិវឌ្ឍល្អនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់។ នៅ មុនដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម លោកស្រី Tredene Dobson បានអះអាងថា៖ “ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ បើទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែយើងនៅមានមោទនភាពក្នុងការរក្សាសន្ទុះនៃការអភិវឌ្ឍនេះ។ ជាពិសេស ភាគីទាំងពីរនៅតែរក្សាដំណើរទស្សនកិច្ចនៅគ្រប់កម្រិត។ ភាពជាដៃគូយុទ្ធសាស្ត្រខ្លួនឯងត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងពាណិជ្ជកម្ម-សេដ្ឋកិច្ច កសិកម្ម ការអប់រំ ការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍនិងជួបប្រាស្រ័យរវាងប្រជាជន។ដូច្នេះ ដំណើរទស្សនកិច្ចនេះជាឱកាសដ៏សំខាន់មួយសម្រាប់ លោកស្រីនាយករដ្ឋមន្ត្រី Ardern ក្នុងការបញ្ជាក់ឡើងវិញនូវគ្រឹះដ៏រឹងមាំនេះ”។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានផ្តោតការពិភាក្សាអំពីវិធានការតភ្ជាប់ និងស្តារឡើងវិញ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ បន្ទាប់ពីរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតកូវីដ ១៩។ ព្រឹត្តិការណ៍ជាច្រើនត្រូវបានរៀបចំឡើងក្នុងឱកាសនេះ ដូចជា៖ “កិច្ចសន្ទនាធុរកិច្ចនូវែលសេឡង់-វៀតណាម”; “កិច្ចសន្ទនា និងពិព័រណ៍ AgriConnectioNZ៖ ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម”។ នេះជាឱកាសសម្រាប់ធុរកិច្ច និងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍ និងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម នាំមកនូវផលប្រយោជន៍ដល់ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា អមដំណើរនាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern ក្នុងដំណើរទស្សនកិច្ចនេះគឺជាគណៈប្រតិភូធុរកិច្ចនូវែលសេឡង់ដ៏ធំបំផុតមិនធ្លាប់មាន ដែលគ្របដណ្តប់លើវិស័យជាច្រើនដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម។ ប្រការនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការឆាប់នាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។ លោកស្រីឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម Tredene Dobson បានចាត់ទុកថា៖ “គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរគឺ វៀតណាម និងនូវែលសេឡង់ សុទ្ធតែជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហខ្លាំង ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។ នូវែលសេឡង់គឺជាទីផ្សារសេរី និង បើកចំហ ហើយយើងដឹងពីអត្ថប្រយោជន៍នៃការទាញយកផលិតផល និងជំនាញដែលផ្តល់ដោយដៃគូពាណិជ្ជកម្មរបស់យើង។ ប្រសិនបើយើងទាំងពីរដឹងពីសក្ដានុពលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ យើងនឹងមិនត្រឹមតែសម្រេចបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងលើសពីចំនួននេះផងដែរ”។

ប្រព្រឹត្តទៅក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់ កំពុងអភិវឌ្ឍន៍កាន់តែល្អប្រសើរនោះ ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ត្រូវបានរំពឹងថា នឹងបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងដល់កម្រិតថ្មីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ