វិបត្តិរុស្ស៊ី-អ៊ុយក្រែន៖ បញ្ហាប្រឈមនៅតែមាន ហើយត្រូវការកិច្ចខិតខំប្រឹងប្រែងច្រើនថែមទៀត

(VOVWORLD) - មួយសប្តាហ៍ បន្ទាប់ពីការប្រកាសដកកងទ័ពរុស្ស៊ីចេញពីតំបន់ព្រំដែនមួយចំនួនជាមួយអ៊ុយក្រែន ភាពតានតឹងនៅតែបន្តគ្រប់ដណ្តប់តាមបណ្តោយព្រំដែនរវាងប្រទេសជិតខាងទាំងពីរដែលធ្លាប់ជាផ្នែកមួយរបស់សហភាពសូវៀត។ ស្ថានភាពជាក់ស្តែងនេះបង្ហាញថា ដើម្បីកាត់បន្ថយភាពតានតឹងនិងឈានទៅដល់ដំណោះស្រាយចុងក្រោយសម្រាប់វិបត្តិ ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីយកឈ្នះរាល់បញ្ហាប្រឈមដែលកំពុងមានស្រាប់។

វិបត្តិរុស្ស៊ី-អ៊ុយក្រែន៖ បញ្ហាប្រឈមនៅតែមាន ហើយត្រូវការកិច្ចខិតខំប្រឹងប្រែងច្រើនថែមទៀត - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ធ្វើទស្សនកិច្ចទៅកាន់កងកម្លាំងយោធាដែលឈរជើងក្នុងតំបន់ជម្លោះ Donbass (រូបថត៖ REUTERS)

នៅថ្ងៃទី ២១ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យទទួលស្គាល់ឯករាជ្យនិងបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការនិងជំនួយសម្រាប់សាធារណរដ្ឋដែលប្រកាសផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk)។ កាយវិការនេះ ត្រូវបានជួបប្រទះជាមួយនឹងការប្រឆាំងនិងការរិះគន់យ៉ាងខ្លាំងពីអ៊ុយក្រែននិងប្រទេសលោកខាងលិច។ បរិយាកាសតានតឹងដែលមិនទាន់បានស្រុតចុះក្នុងតំបន់ព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងអំឡុងពេលបួនខែកន្លងមកនេះ ហាក់ដូចជាបន្តកើនឡើងខ្លាំងក្លាជាង។

ប្រទេសលោកខាងលិចបង្កើនសម្ពាធលើរុស្ស៊ី

ប្រតិកម្មទៅនឹងចំណាត់ការរបស់រុស្ស៊ី សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងមានផែនការដាក់ទណ្ឌកម្មថ្មីផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុទៅលើតំបន់ពីរនៅភាគខាងកើតអ៊ុយក្រែនគឺ Donetsk និង Luhansk ដែលរុស្ស៊ីបានសម្រេចចិត្តទទួលស្គាល់ឯករាជ្យ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងឆ្លើយតបយ៉ាងឆាប់រហ័សនិងយ៉ាងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងសម្ព័ន្ធមិត្ត ក៏ដូចជាដៃគូរបស់ខ្លួនផងដែរ។ នៅថ្ងៃដដែលនោះ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ប្រធានាធិបតីលោក Joe Biden និងថ្នាក់ដឹកនាំរបស់ខ្លួនបានប្រតិកម្មចំពោះការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការទទួលស្គាល់តំបន់ពីរគឺ Donetsk និង Luhansk ព្រមទាំងបានពិភាក្សាអំពីរបៀបដែលលោកខាងលិចនឹងបន្តសម្របសម្រួលការឆ្លើយតបនៅក្នុងជំហានបន្តបន្ទាប់។ ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានចោទប្រកាន់ថា សកម្មភាពរបស់រុស្ស៊ីបំពានលើបណ្តាកិច្ចព្រមព្រៀងអន្តរជាតិដែលទីក្រុងម៉ូស្គូជាហត្ថលេខី។

គួរកត់សម្គាល់ថា មិនត្រឹមតែស្ថិតលើការប្រកាសទាំងនោះទេ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក៏ថែមទាំងបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សាអំពីការទទួលស្គាល់របស់រុស្ស៊ីចំពោះសាធារណរដ្ឋស្វ័យប្រកាសទាំងពីរនៅអ៊ុយក្រែន។

យោងតាមអ្នកវិភាគអន្តរជាតិ ប្រតិកម្មភ្លាមៗនិងយ៉ាងម៉ឹងមាត់របស់ប្រទេសលោកខាងលិចបង្ហាញថា សម្ពាធលើរុស្ស៊ីនឹងបន្តកើនឡើង។ គួរឱ្យព្រួយបារម្ភជាងនេះទៅទៀត ទង្វើទាំងនេះកំពុងគ្របដណ្ដប់លើសញ្ញាវិជ្ជមានមួយចំនួន ដែលសកម្មភាពការទូតរបស់មេដឹកនាំបារាំងនិងអាល្លឺម៉ង់បាននាំមកនាពេលថ្មីៗនេះ។ នៅក្នុងនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ចុះបញ្ចូលជាជំហានដំបូងឲ្យមេដឹកនាំសហរដ្ឋអាមេរិកនិងរុស្ស៊ីយល់ព្រមលើសំណើបើកកិច្ចប្រជុំកំពូល ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ។ ប៉ុន្តែឥឡូវនេះ កិច្ចការបំបាត់ភាពតានតឹងកាន់តែពិបាកទៅៗ។

វិបត្តិរុស្ស៊ី-អ៊ុយក្រែន៖ បញ្ហាប្រឈមនៅតែមាន ហើយត្រូវការកិច្ចខិតខំប្រឹងប្រែងច្រើនថែមទៀត - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។ លោកបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចៀសការកើនឡើងនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន (រូបថត៖ ស៊ីនហួ)

ត្រូវការកិច្ចខិតខំប្រឹងប្រែងច្រើននិងរក្សាកិច្ចសន្ទនា

នៅក្នុងសេចក្តីប្រកាសថ្មីបំផុតដើម្បីឆ្លើយតបនឹងបម្រែបម្រួលនេះ អគ្គលេខាធិ ការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះនៅភាគខាងកើតអ៊ុយក្រែនដោយសន្តិវិធី ស្របតាមកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវគាំទ្រក្នុងសេចក្តីសម្រេចចិត្ត លេខ ២២០២ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Stephane Dujarric បានលើកច្បាស់ថា លោកអគ្គលេខាធិការ Guterres បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន លើការបញ្ឈប់សកម្មភាពអរិភាពភ្លាមៗ ទប់ស្កាត់រាល់អំពើដែលអាចបង្កើនភាពតានតឹងនៅអ៊ុយក្រែន ព្រមទាំងផ្តល់អាទិភាពដល់ការជំរុញបណ្តាញការទូតដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ មុននេះ មេដឹកនាំនៃប្រទេសជាច្រើនក៏បានអំពាវនាវឱ្យភាគីនានាបន្តរក្សាការសន្ទនា និងទំនាក់ទំនងការទូត ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះ ជៀសវាងសកម្មភាពណាមួយដែលអាចបង្កើនភាពតានតឹង។

ចំណែកខ្លួនវិញ មន្ត្រីរុស្ស៊ីក៏បានបញ្ជាក់ថា នឹងបន្តឈ្វែងរកមធ្យោបាយការទូតដើម្បីដោះស្រាយបញ្ហា។ នៅក្នុងសេចក្តីប្រកាសថ្មីបំផុត រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា លោកនឹងនៅតែជួបសមភាគីអាមេរិក លោក Antony Blinken នៅថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ (ស្វីស) តាមផែនការដែលបានកំណត់។

អ្នកវិភាគជាច្រើនក៏បានចែករំលែកទស្សនៈថា ការកើនឡើងភាពតានតឹងណាមួយដែលអាចនាំឱ្យស្ថានការណ៍ឃ្លាតចេញពីការគ្រប់គ្រងនោះ គឺសុទ្ធតែមិនអំណោយផលសម្រាប់សន្តិភាពនិងស្ថិរភាពនៃតំបន់ និងពិភពលោកនៅឡើយ។ ជាមួយនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ការសន្ទនានៅតែជាមធ្យោបាយតែមួយគត់ និងល្អបំផុតក្នុងការដោះស្រាយវិបត្តិ រុស្ស៊ី-អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ